Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល​មាន​គម្រោង​បង្កើត​ថ្នាល​ឌីជីថល​ ៤០ ទៀត ឆ្លើយតប​តម្រូវការ​សាធារណៈ

បានផុស

នៅ

រដ្ឋាភិបាល​មាន​គម្រោង​នឹង​បង្កើត​ថ្នាល​ឌីជីថល​ប្រមាណ​ជា ៤០ ទៀត សម្រាប់​បម្រើ​ជា​ប្រយោជន៍​ប្រើប្រាស់​ក្នុង​រដ្ឋបាល​សាធារណៈ។ នេះ​បើ​តាម​លោក ជាង វុត្ថា អគ្គលេខាធិការរង​នៃអគ្គលេខាធិការដ្ឋាន​​គណៈកម្មាធិការ​រដ្ឋាភិបាល​ឌីជីថល។

លោក ជាង វុត្ថា ​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​មាន​គម្រោង​បង្កើត​ថ្នាល​ប្រមាណ​ ៤០ ទៀត ប៉ុន្តែ​មិន​អាច​ឆ្លើយ​បាន​ថា​មាន​ថ្នាល​អ្វី​ខ្លះ​ទេ លុះត្រាតែ​ធ្វើ​រួចរាល់​ហើយ​ទើប​ប្រកាស​ជា​សាធារណៈ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​វេទិកា​រដ្ឋាភិបាល​ឌីជីថល និង​ពិព័រណ៍​បច្ចេកវិទ្យា​ឌីជីថល​ដែល​ទើប​បញ្ចប់​កាល​ពី​ពេល​ថ្មីៗ​នេះ ​​គណៈកម្មាធិការ​រដ្ឋាភិបាល​ឌីជីថលបាន​បង្ហាញ​​ថ្នាល​ឌីជីថល​ដែល​បង្កើត​ឡើងសម្រាប់ប្រើប្រាស់ក្នុង​រដ្ឋបាលសាធារណៈមាន​ជាង ១០។ ក្នុង​ចំណោម​នោះ ថ្នាល​ដែល​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មាន​ចំនួន ៥ ក្នុង​នោះ​មាន​ថ្នាល Verify.gov.kh ថ្នាល Go.gov.kh, ថ្នាល Sarika.gov.kh, ថ្នាល Nomsa.gov.kh និង FormKH។

លោក​ ជាង វុត្ថា បាន​ពន្យល់​ពី​មុខងា​ររបស់ថ្នាល​សំខាន់ៗក្នុង​នោះ​ថ្នាល FormKH ​ប្រើប្រាស់​ដើម្បី​ផ្លាស់ប្ដូរ​ទិន្នន័យ​នៅ​ក្នុង​រដ្ឋាភិបាល ដោយ​មិន​ព្រួយ​បារម្ភ​អំពី​ការ​ទាញ​យក​ទិន្នន័យ​ទៅ​ប្រើប្រាស់​ដោយ​អ្នកដទៃ ដែល​ជួយ​ធានា​សុវត្ថិភាព​ទិន្នន័យ​ដែល​បាន​ដាក់​ចូល។

ថ្នាល Sarika.gov.kh គឺ​ជា​ថ្នាល​ដែល​បំប្លែង​អក្សរ​ទៅ​ជា​សំឡេង ដើម្បី​ជួយ​សម្រួល​ការងារ។ ឧទាហរណ៍ ពេល​បើកបរ​អាច​ស្ដាប់​សំឡេង​បាន​ដោយ​មិនបាច់​អាន​អក្សរ​ទៀត​ទេ។ ថ្នាល Nomsa.gov.kh គឺ​ជា​ឃ្លាំង​ឯកសារ​សាធារណៈ សម្រាប់​ផ្ញើ​ទិន្នន័យ ឯកសារ ឬ​ព័ត៌មាន​ទៅ​សាធារណជន។ ថ្នាល​នេះ​ជួយ​សម្រួល​ដល់​ប្រជាជន ដែល​ពិបាក​ក្នុង​ការ​ចាំ​ថា​ព័ត៌មាន​សាធារណៈ​ណា​ដែល​ចេញ​ពី​ក្រសួង​ណា។

ថ្នាល Go.gov.kh ជា​ឃ្លាំង​ផ្ទុក​ឯកសារ​សាធារណៈ​ផ្លូវការ​សម្រាប់​ក្រសួង ស្ថាប័ន អាច​ប្រើប្រាស់​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ឬ​ឯកសារ​សាធារណៈ។ ដោយឡែក​ថ្នាល Verify.gov.kh គឺ​ជា​ថ្នាល​ពិសេស​បំផុត​ឈាន​មុខ​គេប្រើប្រាស់​សម្រាប់​ផ្ទៀងផ្ទាត់​ឯកសារ​រដ្ឋាភិបាល។

បើតាម​លោក ជាង វុត្ថា ថ្នាល Verify ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ ក្រោយ​ដំណើរការ​រយៈពេល​ពីរ​ឆ្នាំ​មាន​ប្រទេស​ចំនួន ៤ បាន​ស្នើសុំ​យក​ទៅ​ប្រើប្រាស់។

ប្រទេស​ហ្វីលីពីន​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ថ្នាល Verify.gov.kh ដែល​ក្នុង​មួយ​ថ្ងៃ​មាន​ការ​ស្កេន QR កូដ​ប្រើប្រាស់​ដល់​ទៅ ១៧០ លាន​ដង។ ប្រទេស​ទីម័រ​លេស្ត​ក៏​បាន​​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់ថ្នាល Verify ហើយ​ប្រទេស​​បង់ក្លាដេស​ក៏​បាន​ស្នើ​សុំ​យក​ថ្នាល​កម្ពុជា​នេះ​ទៅ​ប្រើប្រាស់​ផង​ដែរ។

ការ​ប្រើប្រាស់​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ​ verify ត្រូវ​តែ​មាន QR កូដ។ ទោះបី​ជា​ឯកសារ​មាន​ត្រាឬ​មើល​ទៅ​ផ្លូវការ​ក៏ដោយ បើ​គ្មាន QR កូដ​ទេ ក៏​មិនអាចផ្ទៀងផ្ទាត់បានដែរ ព្រោះ​ឯកសារ​នោះ​មិន​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ថ្នាល។ នេះបើតាម​លោក ជាង វុត្ថា។

ប្រព័ន្ធថ្នាល Verify អនុញ្ញាត​ឱ្យប្រជាជន​អាចដឹងថា​ឯកសារ​ក្លែងក្លាយឬ​មិន​ក្លែង​ក្លាយ ដោយ​គ្រាន់តែដកទូរស័ព្ទស្កេនកាមេរ៉ា ដោយមិនចាំបាច់ធ្វើដំណើរមក​ភ្នំពេញ​ដើម្បី​ផ្ទៀងផ្ទាត់​ទៀត​ទេ។ បន្ថែមពីនេះ​​បច្ចុប្បន្ន ថ្នាល verify ក៏​បានដាក់​ឲ្យ​​អនុវត្តនៅក្នុង​ក្រសួង​ចំនួន ១៦ ក្នុង​រដ្ឋាភិបាល។ លោក ជាង វុត្ថា បន្ថែម។

យ៉ាងណាមិញ លោក ជាង វុត្ថា មើល​ឃើញ​ថា ​ការ​ប្រើប្រាស់​ថ្នាល​ទាំង​នេះ​នៅ​មាន​កម្រិត។ ថ្ងៃ​ខាងមុខ គណៈកម្មាធិការ​​រដ្ឋាភិបាល​ឌីជីថល​នឹង​បង្កើត​ថ្នាល​ទាំងអស់​ឱ្យ​មាន​ស្តង់ដារ​តែ​មួយ ហើយ​ស្តង់ដារ​នោះ​ត្រូវ​ផ្គូផ្គង​នឹង​ស្តង់ដារ​អន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម