Connect with us

ព័ត៌មានជាតិ

កម្ពុជា បិទមិនឱ្យធ្វើដំណើរឆ្លងកាត់ច្រកទ្វារព្រំដែនកម្ពុជា-ថៃទាំងអស់ ដើម្បីសុវត្ថិភាពពលរដ្ឋគ្រប់ជាតិសាសន៍

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា បិទមិនឱ្យធ្វើដំណើរឆ្លងកាត់ច្រកទ្វារព្រំដែនកម្ពុជា-ថៃ ដើម្បីសុវត្ថិភាពពលរដ្ឋគ្រប់ជាតិសាសន៍ ចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ នេះតទៅ។  ការបិទនេះ ព្រោះតែថៃបាននិងកំពុងឈ្លានពានដែនអធិបតេយ្យកម្ពុជា វាយប្រហារតាមគ្រប់ទម្រង់មិនរើសគោលដៅ បណ្តាលឱ្យប្រជាជនកម្ពុជាស្លាប់ និងរបួស ប៉ះពាល់ដល់ភូមិឋានប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងមហាផ្ទៃ បញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានចេញនៅថ្ងៃសៅរ៍ ទី១៣ ខែធ្នូ នេះថា ៖” រាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្អាកការធ្វើដំណើរចេញ-ចូលទាំងស្រុងនៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ចាប់ពីពេលនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ ការសម្រេចនេះ គឺដើម្បីធានាសុវត្ថិភាពប្រពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋថៃ ព្រមទាំងជនបរទេសគ្រប់ជាតិ សាសន៍ពីគ្រោះថ្នាក់ពេលធ្វើដំណើរ ជាពិសេសការធ្វើដំណើរឆ្លងកាត់ព្រំដែន។“។

ក្នុងន័យនេះ ប្រជាពលរដ្ឋកម្ពុជាដែលកំពុងស្ថិតក្នុងព្រះរាជាណាចក្រថៃត្រូវបន្តរស់នៅ និងធ្វើការក្នុង ប្រទេសថៃ ជាធម្មតា។ ដូចគ្នាដែរ ប្រជាពលរដ្ឋថៃដែលកំពុងរស់នៅ និងធ្វើការក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបន្តស្ថិតនៅកម្ពុជាជាធម្មតាដែរ រហូតបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញ។ វិធានការនេះ គឺដើម្បី ធានាសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជានិងប្រជាពលរដ្ឋថៃកុំឱ្យមានគ្រោះថ្នាក់ពេលធ្វើដំណើរ ពិសេសការឆ្លងកាត់ តាមព្រំដែន។“។ នេះគឺជាការសង្កត់ធ្ងន់របស់ក្រសួងមហាផ្ទៃដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា។

វិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញបន្ទាប់ពីមានការអំពាវនាវរបស់សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ សម្ដេច ហ៊ុន សែនអំពាវនាវទៅកាន់ ប្រជាជនកម្ពុជាដែលកំពុងរស់នៅ
ប្រទេសថៃ និងប្រជាជនថៃមេត្តាយោគយល់ និងផ្ដល់យោបល់ឱ្យរាជរដ្ឋាភិបាលកម្ពុជាជួយការពារ
សុវត្ថិភាពប្រជាជនថៃដែលកំពុងរស់នៅកម្ពុជាកុំឲ្យពួកគេរងគ្រោះដោយសារគ្រាប់កាំភ្លើងឬគ្រាប់បែកឬ
ផ្សែងពុលរបស់ថៃ។

ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំរដ្ឋបាលខេត្តជាប់ព្រំដែន និងអាជ្ញាធរគ្រប់ រាជធានី-ខេត្ត បង្កើនការយកចិត្តទុកដាក់ផ្តល់ការគាំពារគ្រប់បែបយ៉ាងអស់ពីលទ្ធភាពដល់ប្រជាពលរដ្ឋថៃ និងជនបរទេសទាំងឡាយ ទាំងអ្នករស់នៅតំបន់ព្រំដែន និងទូទាំងប្រទេស ឱ្យបានដូចគ្នានឹងប្រជាពលរដ្ឋ កម្ពុជាដែរ។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា ស្នើ ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលថៃ ផ្តល់ការគាំពារដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅក្នុងប្រទេសថៃ ដូចគ្នាដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម