Connect with us

ព័ត៌មានជាតិ

លោក សៀង ណាំ ចុះសួរសុខទុក្ខនាំយកគ្រឿងឧបភោគបរិភោគផ្ដល់ជូន​ជនភៀសសឹកស្នាក់នៅស្រុកក្រឡាញ់

បានផុស

នៅ

នៅ​ថ្ងៃ​ទី ១៥ ខែ​ធ្នូ ឆ្នាំ ២០២៥ នេះ លោក សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង លោកស្រី រួម​ជាមួយ​រដ្ឋបាល​ស្រុក ក្រុមការងារ បាន​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ និង​នាំ​យក​គ្រឿង​ឧបភោគ​បរិភោគ ដែល​បាន​ការ​ជួយ​ឧបត្ថម្ភ​ពី អ្នកឧកញ៉ា ហេង ឡុង ផ្ដល់​ជូន​ដល់​ជនភៀសសឹក​ចំនួន ១ ៥០០ គ្រួសារ ស្នាក់នៅ​ក្នុង​គោលដៅ​សុវត្ថិភាព​ក្នុង​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សៀង ណាំ មាន​ប្រសាសន៍​ថា ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​បណ្ដោយ​ព្រំដែន​ច្រើន​ថ្ងៃ​កន្លង​មក​នេះ កងកម្លាំង​កម្ពុជា​បាន​តស៊ូ​ប្រកៀក​ស្មា​គ្នា​ក្លាហាន ម៉ឺងម៉ាត់ ប្ដូរផ្ដាច់ រក្សា​ការពារ​ឱ្យ​ខាង​តែ​បាន​នូវ​បូរណភាព និង​អធិបតេយ្យភាព​ទឹកដី​មិន​របេះ​របូត​ឡើយ។ ផលវិបាក នៃ​សង្គ្រាម បាន​បង្ក​មហន្តរាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​ផ្តាច់​ជីវិត​មិន​រើសមុខ ទាំង​ទាហាន និង​ជន​ស៊ីវិល​ស្លូតត្រង់ ហើយ​សង្គ្រាម​នេះ បង្ខំចិត្ត​ប្រជាពលរដ្ឋ​នៅ​តំបន់​កៀក​សមរភូមិ ឱ្យ​ភៀសខ្លួន​ចាកចោល​ផ្ទះ​សម្បែង ទ្រព្យសម្បត្តិ គោក្របី ស្រែចម្ការ​ជាដើម មក​រក​ទី​សុវត្ថិភាព។

លោក​បញ្ជាក់​ថា ទុក្ខ​លំបាក​នេះ​ធ្វើ​ឱ្យ​យើង​ទាំងអស់​គ្នា​យល់​យ៉ាង​ច្បាស់​តម្លៃ នៃ​សន្តិភាព។ ក្នុង​គ្រា​នេះ យើង​ត្រូវ​ចែករំលែក ក្រោម​ស្មារតី​ខ្មែរ​តែមួយ​រួមគ្នា ខ្មែរ​ស្រឡាញ់​ខ្មែរ​ជួយ​គ្នា​ទៅវិញទៅមក ទាំង​សម្ភារ និង​ស្មារតី។ ជាមួយ​គ្នា​នេះ ប្រមុខ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ តែងតែ​គិតគូរ​ដោះស្រាយ​ពី​ទុក្ខ​លំបាក​នោះ ដោយ​មិន​ទៅ​ណា​ចោល និង​នៅ​ជាមួយ​ពលរដ្ឋ​ជានិច្ច។

លោក សៀង ណាំ ក៏បាន​លើកទឹកចិត្ត និង​អរគុណ​ដល់​គ្រួសារ​ដែល​មាន​កូន​មាន​ប្តី​ជា​កងទ័ព​កំពុង​បំពេញ​ភារកិច្ច​នៅ​សមរភូមិ​មុខ​ដើម្បី​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​ជា​កេរ​ដូនតា​យើង​បាន​ការពារ​ទុក​ឱ្យ​ដល់​សព្វថ្ងៃ ទទួល​បាន​ជោគជ័យ​គ្រប់ពេលវេលា ហើយ​សូម​ឱ្យ​កម្លាំង​មហា​សាមគ្គី នៅតែ​បន្ត​ជា​ថាមពល​រឹងមាំ​សម្រាប់​គាំទ្រ និង​ផ្តល់​កម្លាំងចិត្ត​ដល់​វីរ​កងទ័ព​បន្ត​បេសកកម្ម​ក្នុង​ការ​ការពារ​ទឹកដី​របស់​យើង។

លោក​ក៏បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ភៀស​សឹក​ទាំងអស់ ឱ្យ​យកចិត្តទុកដាក់​ថែទាំ​សុខភាព ថែទាំ​អនាម័យ ត្រូវ​ហូប​ស្អាត ផឹក​ស្អាត ដើម្បី​បង្ការ និង​ចៀសវាង​ពី​ជំងឺតម្កាត់​នានា ហើយ​បើ​មាន​តម្រូវការ​បន្ទាន់ ​ត្រូវ​ទាក់ទង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដែល​នៅ​ក្បែរ​បំផុត៕

អត្ថបទ ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម