Connect with us

ព័ត៌មានអន្ដរជាតិ

ICC បដិសេធ​បណ្ដឹង​ឧទ្ធរណ៍​របស់​អ៊ីស្រាអែល រក្សាដីកាចាប់ខ្លួនលោកណេតាន់យ៉ាហ៊ូ

បានផុស

នៅ

ចៅក្រម​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) កាល​ពី​ថ្ងៃ​ចន្ទ​ទី​១៥​ខែ​ធ្នូ​ឆ្នាំ​២០២៥ បាន​ច្រានចោល​បណ្ដឹង​ឧទ្ធរណ៍​របស់​អ៊ីស្រាអែល ដែល​មាន​បំណង​បញ្ឈប់​​ការ​ស៊ើបអង្កេត​​​លើ​ការ​ចោទប្រកាន់​ឧក្រិដ្ឋកម្ម​សង្គ្រាម​​​នៅ​ហ្គាហ្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (រូបថត៖ Reuters)

យោង​តាម​​ Times of Israel សាលក្រម​នេះ​គាំទ្រ​សេចក្តីសម្រេច​របស់​តុលាការ​ថ្នាក់ក្រោម ដែល​ថា​ យុត្តាធិការ​របស់ ICC គ្របដណ្ដប់​លើ​ការ​ប្រព្រឹត្ត​ក្រោយ​ពេល​ចាប់ផ្ដើម​សង្រ្គាម ដោយ​រក្សា​ឲ្យ​នៅ​ជា​ធរមាន​ដីកា​ចាប់ខ្លួន ដែល​បាន​ចេញ​កាលពី​ឆ្នាំ​មុន​សម្រាប់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និង​អតីត​រដ្ឋមន្ត្រី​ការពារជាតិ លោក Yoav Gallant។

ចៅក្រម​បាន​​លើក​ឡើង​ថា មាន​ហេតុផល​សមរម្យ​ដើម្បី​ជឿ​ថា អ្នក​ទាំងពីរ​អាច​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម រួម​ទាំង​ការ​រឹតត្បិត​ជំនួយ​មនុស្សធម៌ និង​ការ​កំណត់​គោលដៅ​ជន​ស៊ីវិល​ដោយ​ចេតនា ដែល​ជា​ការ​ចោទប្រកាន់​ដែល​អ៊ីស្រាអែល​បដិសេធ​យ៉ាង​ដាច់​អហង្ការ។

ក្រសួង​ការបរទេស​អ៊ីស្រាអែល​បាន​ថ្កោលទោស​សេចក្ដីសម្រេច​នេះ​ថា​ជា​ការ​ប្រើប្រាស់​ច្បាប់​អន្តរជាតិ​ពាក់ព័ន្ធ​​នយោបាយ ហើយ​បាន​អះអាង​ជាថ្មី​ថា អ៊ីស្រាអែល​មិន​ទទួលស្គាល់​យុត្តាធិការ​របស់ ICC ទេ។ អ៊ីស្រាអែល​ប្រកែក​ថា តុលាការ​គ្មាន​សិទ្ធិ​អំណាច​លើ​ពលរដ្ឋ​​ខ្លួន​ឡើយ ហើយ​បាន​បញ្ជាក់​ថា យុទ្ធនាការ​យោធា​នៅ​ហ្គាហ្សា​បាន​អនុវត្ត​តាម​ច្បាប់​អន្តរជាតិ។

ICC ក៏​បាន​ចេញ​ដីកា​សម្រាប់​មេដឹកនាំ​ជាន់ខ្ពស់​របស់​ក្រុម​ហាម៉ាស គឺ លោក Yahya Sinwar, លោក Ismail Haniyeh និង លោក Mohammed Deif ផង​ដែរ ប៉ុន្តែ​ក្រោយ​មក​បាន​ដក​ដីកា​ទាំងនោះ​វិញ​បន្ទាប់ពី​អ្នក​ទាំងនោះ​ត្រូវ​បាន​សម្លាប់​ដោយ​អ៊ីស្រាអែល៕

(រូបថត៖ Reuters)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម