Connect with us

ព័ត៌មានជាតិ

​កាត់​បន្ថយ​​​ពេល​អ្នក​ស្នើ​សុំ​សេវា CDC សហការ​ជាមួយ​ធនាគារធំៗ​​​ចំនួន ៦ ​​តភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់រួម (cdcOSP)

បានផុស

នៅ

លោក ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបន្ទុកការងារបច្ចេកវិទ្យា​​ឌីជីថលនិងផ្សព្វផ្សាយ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាងធនាគារធំៗចំនួន ៦ ស្ថាប័ន ពាក់ព័ន្ធនឹងការ​សហការតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់រួម (ប្រព័ន្ធ cdcOSP) សំដៅជំរុញការធ្វើឌីជីលូបនីយកម្មក្នុងការផ្តល់សេវាសាធារណៈឱ្យបានកាន់តែប្រសើរ និងចំណាយពេលវេលាកាន់តែតិចជូនដល់អ្នកស្នើសុំសេវាសាធារណៈ ព្រមទាំងពង្រឹងកិច្ចសហការរវាងផ្នែករដ្ឋ និងវិស័យឯកជន ក្នងការធានានូវភាពធន់ និងលទ្ធភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំពិភាក្សានេះ​មានការចូលរួមពីលោក សួន សុផល អគ្គលេខាធិការរងនៃគណៈកម្មាធិការវិនិយោគកម្ពុជា ទទួលបន្ទុក​ការងារជំរុញគម្រោងវិនិយោគឯកជន ព្រមទាំងមន្ត្រីបច្ចេកទេស និង​អ្នកតំណាងស្ថាប័ន​ធនាគារធំៗទាំង ៦ មានដូចជា៖ (១)ធនាគារអេស៊ីលីដា ភីអិលស៊ី, (២)ធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា, (៣)ធនាគារ វីង, (៤)ធនាគារ កាណាឌីយ៉ា, (៥)ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់, និង (៦)ធនាគារ ជីបម៉ុង។

បើតាម​មន្រ្តី​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កិច្ចពិភាក្សាពាក់ព័ន្ធនឹងការសហការតភ្ជាប់ប្រព័ន្ធ cdcOSP នេះ មិនត្រឹមតែជាការងារបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែគឺជាការត្រៀមលក្ខណៈយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់បរិយាកាសវិនិយោគក្នុងយុគសម័យឌីជីថល បើទោះបីជាប្រទេសជាតិកំពុងស្ថិតក្នុងបរិបទដ៏តានតឹង ដោយសារស្ថានការណ៍ការឈ្លានពានពីបរទេសកំពុងតែក្តៅគគុកក៏ដោយ។ ការរៀបចំប្រព័ន្ធទូទាត់ឌីជីថលប្រកបដោយប្រសិទ្ធភាព នឹងចូលរួមជួយជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ឱ្យបានលឿនរហ័សឡើងវិញ តាមរយៈការទាក់ទាញ និងសម្រួលលំហូរវិនិយោគប្រកបដោយទំនុកចិត្ត។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ចេញឱ្យប្រើប្រាស់នូវប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP ដែលជាថ្នាលកណ្តាលតភ្ជាប់រវាងប្រព័ន្ធផ្តល់សេវា និងប្រព័ន្ធទូទាត់ប្រាក់របស់ធនាគារដៃគូ។ ប្រព័ន្ធ cdcOSP នេះគឺជាចំណុចគន្លឹះដ៏សំខាន់ នៃប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ ដែលបានកំពុងសម្រួលដល់ការបង់កម្រៃសេវាឱ្យមានលក្ខណៈសម្បូរបែប និងស្វ័យប្រវត្តិ ដោយអាចទូទាត់បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆ្នាំ២០២៤ មានគម្រោងវិនិយោគប្រមាន ៤១៤ គម្រោង និងមានការកើនឡើងជាង ៦០០ គម្រោងសម្រាប់ត្រឹមរយៈពេល ១១ខែដើមឆ្នាំ២០២៥។ រីឯរយៈពេលនៃការផ្តល់សេវាក៏ត្រូវបានកាត់បន្ថយមកនៅត្រឹមប្រមាណជាង ១០ ថ្ងៃធ្វើការ។ ទាំងនេះបានស្តែងឱ្យឃើញពីកំណើនទាំងបរិមាណ និងគុណភាព ក្នុងការផ្តល់សេវាសាធារណៈដែលកើតចេញពីការគិតគូរយ៉ាងត្រឹមត្រូវ ក្នុងការកំណត់អាទិភាពការងាររបស់ស្ថាប័ន និងកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីពាក់ព័ន្ធរបស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម