Connect with us

ព័ត៌មានអន្ដរជាតិ

សេដ្ឋវិទូថៃព្រមានពីភាព​ស្រពេចស្រពិលនៃទស្សនវិស័យសេដ្ឋកិច្ច ជុំវិញអស្ថិរភាពនយោបាយ

បានផុស

នៅ

សេដ្ឋវិទូថៃបាន​ព្រមានពីភាពស្រពេចស្រពិលនៃទស្សនវិស័យសេដ្ឋកិច្ចថៃ ដោយសារតែអស្ថិរភាពនយោបាយដែលបន្តអូសបន្លាយ ចំពេលប្រទេសនេះរៀបចំការបោះឆ្នោត​នៅដើមខែកុម្ភៈឆ្នាំក្រោយ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរៀបចំបោះឆ្នោត​នោះ ធ្វើឡើងក្រោយនាយករដ្ឋមន្រ្តីចាំផ្ទះថៃ លោក អានុទីន ឆានវីរៈគុណ បាន​ប្រកាសរំលាយសភា កាលពីថ្ងៃទី ១២ ខែធ្នូ ពោលគឺតិចជាងមួយ​សប្ដាហ៍ ក្រោយ​យោធាថៃបើកការឈ្លានពានជាថ្មីប្រឆាំងកម្ពុជា។

ការរំលាយសភា ឆ្លុះបញ្ចាំងពីការបន្តព្យុះនយោបាយថៃ និងធ្វើឡើងត្រឹម ៣ ខែក្រោយលោក អានុទីន ឡើងកាន់អំណាច បន្តពីលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ដែលត្រូវតុលាការ​ធម្មនុញ្ញថៃទម្លាក់ចេញពីអំណាចនៅចុងខែសីហា ជុំវិញករណីបែបធ្លាយសម្លេងសន្ទនាទូរស័ព្ទជាមួយប្រធានសភាកម្ពុជា សម្ដេច ហ៊ុន សែន ពាក់ព័ន្ធនឹង​បញ្ហាព្រំដែនថៃ-កម្ពុជា។

​សេដ្ឋវិទូនៅសាកលវិទ្យាល័យ Thammasat លោក​ Kiatanantha Lounkaew បាននិយាយថា ការបោះឆ្នោតមុនកាលកំណត់នៅឆ្នាំក្រោយ អាចជាប្រភពនៃក្តីសង្ឃឹម​សម្រាប់សេដ្ឋកិច្ចថៃ ឬក៏អាចជាប្រភពនៃភាពកាន់តែសៅហ្មងសម្រាប់ប្រជាជនថៃ ប្រសិនបើ​ការលំបាកផ្នែកសេដ្ឋកិច្ចនៅតែបន្ត។

លោក​​​បានថ្លែងយ៉ាងដូច្នេះ​ថា៖ «​ថៃ​ត្រូវការ​គណបក្ស​នយោបាយ​ក្នុង​ការ​បោះឆ្នោត ​ដើម្បី​បង្ហាញ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ថ្មី​សម្រាប់​ប្រទេស​ជាតិ ដើម្បី​ជំរុញ​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច»។ លោកបន្តថា៖ «ប្រសិនបើ​​​ថៃ​បរាជ័យ​ក្នុង​ការ​រៀបចំ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើង​វិញ​ក្នុង​រយៈពេល​២​ឆ្នាំ ប្រទេស​នេះ​នឹង​ធ្លាក់​ចុះ​ក្នុង​ការ​ប្រកួតប្រជែង ហើយ​មិន​អាច​ដើរតាម​ទាន់​សេដ្ឋកិច្ច​ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​វៀតណាម​បាន​ឡើយ»។

​បើតាមសេដ្ឋវិទូដដែល​ កិច្ចខិតខំប្រឹងប្រែងកន្លងមកក្នុងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចថៃឡើងវិញបានផ្តោតលើផ្នែកផ្គត់ផ្គង់ ឬការកែលម្អសមត្ថភាពរបស់សហគ្រិន ដែលបានបង្ហាញថាមាន​ភាព​លំបាក​ខ្លាំងណាស់។

លោកបានបន្ថែមថា ការបោះឆ្នោតនាពេលខាងមុខគួរតែមាន​ការប្រកួតប្រជែងគ្នា​ខ្លាំង ហើយ​គណបក្សណាដែលអាចរក្សាកំណើនសេដ្ឋកិច្ចថៃបានដោយជោគជ័យ នោះទំនងជានឹងកាន់អំណាចបានយូរ។

គួរគូសបញ្ជាក់ថា ភាពយឺតយ៉ាវនៃកំណើនសេដ្ឋកិច្ច បាន​ក្លាយជាបញ្ហាដ៏ធំសម្រាប់រដ្ឋាភិបាលថៃ ដែលរងនូវអស្ថិរភាពនយោបាយយ៉ាងចាក់ស្រែះ។ អ្នកវិភាគបាន​លើកឡើងពីឧបសគ្គរចនាសម្ព័ន្ធ ថាជាបញ្ហាសេដ្ឋកិច្ចធំដែលត្រូវការដោះស្រាយ រួមទាំងការពឹងផ្អែកលើវិស័យប្រពៃណីដើម្បីកំណើន ផលិតកម្មទាប និងកម្សោយនវានុវត្តន៍ បំណុលគ្រួសារ និង​កង្វះកម្លាំងពលកម្មជំនាញជាដើម។

អស្ថិរភាពនយោបាយថៃមានន័យថា រដ្ឋាភិបាល​ថៃពិបាកនឹង​សម្រេចគ្នាលើ​យុទ្ធសាស្រ្តដើម្បីដោះស្រាយបញ្ហារចនាសម្ព័ន្ធទាំងអស់នេះ ខណៈបង្កើតជាភាពស្រពិចស្រពិលផ្សេងៗ ដែលប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិន និងបង្កភាពយឺតយ៉ាវដល់ការអនុវត្តគោលនយោបាយសេដ្ឋកិច្ចផ្សេងៗ។

បើតាម​ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ (NESDC) សេដ្ឋកិច្ចថៃបាន​កើនឡើងត្រឹម ១,២% នៅត្រីមាសទី ៣ ​ហើយរំពឹងថានឹងកើនឡើងខ្ពស់បំផុតត្រឹម ២% នៅឆ្នាំនេះ ដែលវាបង្ហាញពីនិន្នាការដើរអូសជើង​ និងខ្សោយខ្លាំងធៀបនឹងគូប្រជែងសំខាន់ៗក្នុងតំបន់ ជាពិសេសវៀតណាម និងឥណ្ឌូណេស៊ី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម