Connect with us

ព័ត៌មានជាតិ

មេសិទ្ធិមនុស្សកម្ពុជា ស្នើពលរដ្ឋបញ្ឈប់ការហែកហួរគ្នា ងាកមករួបរួមប្រឆាំងសត្រូវឈ្លានពាន

បានផុស

នៅ

លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងក្នុងស្រុក និងក្រៅប្រទេស បញ្ឈប់ការជេរ ហែកហួរ និងស្តីបន្ទោសគ្នាទៅវិញទៅមក ជាពិសេសបញ្ឈប់ការផ្តល់ព័ត៌មានឱ្យសត្រូវឈ្លានពានថៃ ហើយងាកមករួបរួមសាមគ្គីជាធ្លុងមួយ ដើម្បីការពារប្រយោជន៍ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវនេះ ធ្វើឡើងក្រោយពីលោកសង្កេតឃើញថា ខណៈដែលយោធាថៃកំពុងបំពានលើដែនអធិបតេយ្យភាពកម្ពុជាដោយប្រើអាវុធធុនធ្ងន់ មានប្រជាពលរដ្ឋខ្មែរភាគច្រើនបានរួបរួមសាមគ្គីជាធ្លុងមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវ។ ទោះជាយ៉ាងណា នៅតែមានពលរដ្ឋខ្លះបន្តហែកហួរគ្នា ដាក់បន្ទុកឱ្យគ្នា ហើយខ្លះទៀត ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន បានធ្វើជាឈ្លបស៊ើបការណ៍សម្ងាត់ផ្តល់ព័ត៌មានឱ្យសត្រូវវិញ។ ពាក់ព័ន្ធនឹងករណីគិញសម្ងាត់នេះ កន្លងមក សមត្ថកិច្ចកម្ពុជា បានឃាត់ខ្លួនពលរដ្ឋខ្មែរមួយចំនួនដែលបន្លំខ្លួនធ្វើជាឈ្លបស៊ើបការណ៍សម្ងាត់ផ្តល់ព័ត៌មានអំពីទីតាំងឱ្យយោធាថៃ ហើយក៏បានប្រកាសស្វែងរកជនសង្ស័យផ្សេងទៀតបន្តទៀតផងដែរ។

លោក កែវ រ៉េមី បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុក ថ្ងៃទី ២៥ ខែធ្នូនេះ ដោយស្នើថា៖«បញ្ឈប់ជេរហែកហួរគ្នាទៅ បញ្ឈប់ស្តីបន្ទោសគ្នាទៅ បញ្ឈប់លាបព័ណ៌គ្នាទៅ បញ្ឈប់ផ្តល់ព័ត៌មានឲ្យសត្រូវ។ សូមបន្តសាមគ្គីគ្នា លើកទឹកចិត្តគ្នាខិតខំធ្វើអ្វីដែលអាចធ្វើបានដើម្បីប្រទេសជាតិទោះតិចក្តីច្រើនក្តី»។លោកគូសបញ្ជាក់ទៀតថា យើងត្រូវបន្តតស៊ូអត់ធ្មត់ មិនយូរមិនឆាប់សត្រូវនឹងចុះខ្សោយ មហិច្ឆតាឈ្លានពានរបស់គេនឹងបរាជ័យ។

លើសពីនេះ សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបន្តវាយប្រហារយ៉ាងព្រៃផ្សៃរបស់ប្រទេសថៃ ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់ យន្តហោះចម្បាំង F-16 និង T-50TH នាវាចម្បាំង ការប្រើប្រាស់ផ្សែងពុល និងគ្រាប់បែកចង្កោម មកលើទីតាំងភូមិសាស្ត្រដែលមានប្រជាជនស៊ីវិលរស់នៅក្នុងប្រទេសកម្ពុជា។ សេចក្តីថ្លែងការណ៍សង្កត់ធ្ងន់ថា៖««ការវាយប្រហារមិនរើសគោលដៅរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា គឺជាឧក្រិដ្ឋកម្មនៃការឈ្លានពាន ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងជាការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម