Connect with us

ព័ត៌មានជាតិ

សប្បុរសជន ក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋ នៅតែបន្តនាំយកអំណោយសប្បុរសធម៌ ប្រគល់ជូនរដ្ឋបាលរាជធានី

បានផុស

នៅ

សប្បុរសជន ក្រុមហ៊ុន​ឯកជន និង​ស្ថាប័នរដ្ឋ នៅតែ​បន្ត​នាំ​យក​អំណោយ​សប្បុរសធម៌ មក​ប្រគល់​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ដឹកជញ្ជូន​យក​ទៅ​បែងចែក​ជូន​ទៅ​ដល់​វីរ​កងទ័ព​ជួរមុខ និង​ពលរដ្ឋ​ដែល​ជា​ជនភៀសសឹក ខណៈ​ក្រុម​ទាហាន​ថៃ​បាន​និង​កំពុង​បន្ត​ឈ្លានពាន​លើ​បូរណភាព​ទឹកដី​កម្ពុជា​យ៉ាង​គឃ្លើន​អស់​រយៈពេល​ជិត ២០ ថ្ងៃ ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហួត ហៃ និង​ លោក ឆាយ វីរៈ​ អភិបាល​រង​តំណាង​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​ ២៥ ខែ​ធ្នូ​ ឆ្នាំ ២០២៥ ​នេះ បាន​អញ្ជើញ​ទទួល​អំណោយ​ដោយផ្ទាល់​ពី​សប្បុរសជន នៅ​សាលា​រាជធានី​ភ្នំពេញ​ ហើយ​សប្បុរសជន​ដែល​នាំយក​អំណោយ​មក​ប្រគល់ជូន​រួមមាន​ ៖ រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ ​, រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​, ​រដ្ឋបាល​ខណ្ឌ​ទួលគោក ​, រដ្ឋបាល​ខណ្ឌ ​៧ មករា ​,​ គណៈកម្មាធិការ​ផ្សារ​ចាស់ ​, គណៈកម្មាធិការ​ផ្សា​របឹង​កេងកង​ ,​ ក្រុមហ៊ុន ​Baby Care​ និង​សប្បុរសជន។

ក្នុងឱកាស​នោះ​ លោក ហួត ហៃ និង​ លោក​ ឆាយ វីរៈ បាន​ថ្លែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ សប្បុរសជន ក្រុមហ៊ុន​ឯកជន​ទាំងអស់ ព្រមទាំង​មន្ត្រីរាជការ​តាម​ស្ថាប័នរដ្ឋ​ និង​អាជ្ញាធរ​ខណ្ឌ​នានា ដែល​បាន​ចូលរួម ចែករំលែក​នូវ​ធនធាន​ទៅតាម​លទ្ធភាព​រៀងៗ ​ខ្លួន ដើម្បី​ឧបត្ថម្ភ​ដល់​វីរ​កងទ័ព​ជួរមុខ និង​ក្រុម​គ្រួសារ​ពលរដ្ឋ​ជា​ជនភៀសសឹក​ដែល​បាន​និង​កំពុង​ភៀស​សឹក​ចេញ​ពី​ផ្ទះ​សម្បែង​ទៅ​ស្នាក់នៅ​ទីកន្លែង​សុវត្ថិភាព សកម្មភាព​នេះ​ពិតជា​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ទឹកចិត្ត​សប្បុរសធម៌​របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​ការ​សាមគ្គីភាព​ជា​ធ្លុង​មួយ​ខ្មែរ​ស្រលាញ់​ខ្មែរ។

សូម​បញ្ជាក់​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅតែ​បន្ត​ទទួល​អំណោយ​ពី​សប្បុរសជន​តទៅទៀត នៅ​សាលា​រាជធានី​ភ្នំពេញ៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម