ព័ត៌មានជាតិ
មេសហជីព អំពាវនាវដល់អតីតពលករត្រឡប់មកពីថៃ ចូលរៀនជំនាញដេរដោយឥតគិតថ្លៃ ដើម្បីទទួលបានឱកាសការងារ និងអត្ថប្រយោជន៍ជាច្រើន
មេសហជីពនៅកម្ពុជា បានអំពាវនាវដល់អតីតពលករដែលត្រឡប់មកពីថៃ សូមចូលរៀនក្នុងវគ្គបណ្ដុះបណ្ដាលជំនាញដេរដោយឥតគិតថ្លៃ ដើម្បីទទួលបានឱកាសការងារ និងអត្ថប្រយោជន៍ជាច្រើនទៀត។

ការអំពាវនាវនេះ ស្របពេលដែលទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយទទួលបានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញដេរ ជូនអតីតពលករត្រឡប់មកពីថៃ និងប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
វគ្គបណ្ដុះបណ្ដាលនេះ គ្រោងរៀបចំរយៈពេល ៣ខែ ដោយបានចាប់ផ្ដើមពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដោយត្រូវរៀបចំជា ៦៦វគ្គ។ វគ្គនីមួយៗមានសិក្ខាកាមចំនួន ៣៥នាក់ ហើយការបណ្ដុះបណ្ដាល មានរយៈពេល ៧ថ្ងៃជាប់គ្នាក្នុងមួយវគ្គ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា មានប្រសាសន៍នៅថ្ងៃទី៣០ ខែធ្នូនេះថា សម្រាប់អតីតពលករត្រឡប់មកពីថៃ ដែលចង់បានឱកាសការងារនៅតាមរោងចក្រ-សហគ្រាស គួរតែចុះឈ្មោះចូលរៀនក្នុងវគ្គបណ្ដុះបណ្ដាលជំនាញដេរដោយឥតគិតថ្លៃនេះ ពីព្រោះក្រោយរៀនចប់នឹងទទួលបានការងារ ដែលនឹងទទួលបានប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម (ប.ស.ស.) ដែលអាចពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ព្រមទាំងមានប្រាក់សោធនថែមទៀតផង។

លោក បានបន្តថា «ដូចនេះ បងប្អូនអតីតពលករសូមមកទទួលយកនូវឱកាស ទទួលបាននូវការបណ្ដុះបណ្ដាលជំនាញកាត់ដេរ ដោយមិនចាំបាច់ចំណាយប្រាក់បង់ថ្លៃរៀននូវជំនាញនេះ ហើយក្នុងអំឡុងពេលរៀនបងប្អូនទទួលបាននូវប្រាក់ឧបត្ថម្ភចំនួន ៨ដុល្លារក្នុងមួយថ្ងៃ ដូចកម្មករ-និយោជិតដែលកំពុងធ្វើការនៅក្នុងរោងចក្រ-សហគ្រាសផងដែរ»។
លោក សំ សឿន បានបន្ថែមថា មិនត្រឹមតែប៉ុណ្ណោះ សម្រាប់អតីតពលករដែលចូលរៀនក្នុងវគ្គបណ្ដុះបណ្ដាលនេះ ក៏នឹងទទួលបាននូវការផ្ដល់ជូនមធ្យោបាយធ្វើដំណើរ កន្លែងស្នាក់នៅ អាហារថ្ងៃត្រង់ និងអាហារសម្រន់ ហើយបន្ទាប់ពីរៀនចប់អតីតពលករ នឹងទទួលបានឱកាសការងារនៅតាមរោងចក្រ-សហគ្រាស ដែលសហការក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ។

ចំណែកលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងដែរថា គិតត្រឹមចុងសប្ដាហ៍មុន មានពលករ និងប្រជាពលរដ្ឋ បានចុះឈ្មោះចូលរៀនវគ្គជំនាញកាត់ដេរប្រមាណជា ២៧៦នាក់ ដោយក្នុងនោះជាង ៩០ភាគរយ ជាពលករមកពីប្រទេសថៃ។
លោកបន្តថា គិតចាប់តាំងពីថ្ងៃប្រកាសឱ្យមានការបើកវគ្គបណ្តុះបណ្តាលជំនាញដេរនេះមក ក្រសួង បានរៀបចំវគ្គបណ្តុះបណ្តាលបានចំនួន ៨វគ្គរួចមកហើយ ដែលក្នុងនោះអ្នកបានរៀនចប់ដោយជោគជ័យ នឹងទទួលយកឱកាសការងារនៅរោងចក្រ-សហគ្រាស ដែលពួកគាត់បានចូលរួមវគ្គបណ្តុះបណ្តាលមានចំនួន ២៧២នាក់។

បើតាមអ្នកនាំពាក្យដដែល បងប្អូនអតីតពលករ និងប្រជាពលរដ្ឋ ដែលមានបំណងចង់ចូលរួមវគ្គបណ្តុះបណ្តាលនេះ អាចទាក់ទងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) តាមរយៈលេខ ០៧៦ ៨៦៣ ៣៤៨៤/ ០១៦ ៧៨៦ ៦៥៥/ ០៨៨ ៣៥៩ ៥៤៣៦/ ០៧១ ៤៨៨ ៨៩០៥ ឬក៏អាចទាក់ទងមកលេខ Hotline ១២៩៧ ក៏បានដែរ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


