Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញព្យាករថា តម្លៃមាសអន្តរជាតិនឹង​បន្តហក់ឡើងនៅឆ្នាំ ២០២៦

បានផុស

នៅ

តម្លៃមាសអន្តរជាតិបាន​កើនឡើងលើសជាង ៦០% រាប់តាំងពីដើមឆ្នាំដល់ខែចុងធ្នូនេះ ដោយសារតែ​ភាពតានតឹង​ភូមិសាស្ត្រនយោបាយ តម្រូវការខ្លាំងរបស់បណ្ដា​ធនាគារកណ្តាល និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ដែលបង្កពីបញ្ហាផ្សេងៗរួមទាំងសង្រ្គាមពាណិជ្ជកម្មពន្ធគយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃមាសបាន​កើនលើស ៤ ៥០០ ដុល្លារ/អោន កាលពីថ្ងៃសុក្រសប្ដាហ៍ ដែលជាអត្រាតម្លៃខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត មុនធ្លាក់ចុះមកវិញប្រហែល ៤ ៣៧០ ដុល្លារ/អោន នារសៀលថ្ងៃអង្គារ (ទី ៣០​ ខែ ធ្នូ) នេះ។

អ្នកជំនាញទីផ្សារបាន​ព្យាករថា តម្លៃមាស ដែលគេរាប់់ចាត់ទុកថាជាទ្រព្យសម្បត្តិសុវត្ថិភាព នឹង​បន្តកើនឡើងនៅឆ្នាំក្រោយ ដោយសារតែការបន្តនៃភាពតានតឹងភូមិសាស្រ្តនយោបាយសកល និងភាពមិនប្រាកដប្រជាជនសេដ្ឋកិច្ច ដែលធ្វើឱ្យតម្រូវការមាសកើនឡើង។

យោងតាមការចុះផ្សាយកាលពីពេលថ្មីៗនេះរបស់សារព័ត៌មាន Yahoo Finance លោក Paul Williams នាយកគ្រប់គ្រងនៅក្រុមហ៊ុនផ្គត់ផ្គង់មាសដុំ Solomon Global បាន​រំពឹងថា កត្តាជំរុញតម្លៃមាស​នឹងនៅតែរឹងមាំនៅឆ្នាំ ២០២៦ ដែលធ្វើឱ្យ​ការបំបែកកំណត់ត្រាតម្លៃខ្ពស់់ នឹង​បន្តកើតមាន​។ ​លោក Williams បាន​និយាយយ៉ាងដូច្នេះថា៖ «យើងរំពឹងថាលោហៈដ៏មានតម្លៃនេះ នឹងបន្តកើនឡើង ហើយឈានដល់ ៥ ០០០ ដុល្លារ/អោន ​នៅចុងឆ្នាំ ២០២៦»។

ក្រុមអ្នកស្រាវជ្រាវរបស់ធនាគារអាមេរិក Bank of America និងក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុអង់គ្លេស HSBC ក៏បានព្យាករផងដែរថា តម្លៃមាសនឹងឡើងដល់ ៥០០០ ដុល្លារ/អោន ត្រឹមចុងឆ្នាំក្រោយ។ ដោយឡែកធនាគារយក្សមួយទៀត Goldman Sachs ​បាន​ព្យាករថាតម្លៃមាសនឹង​កើនឡើង​ត្រឹម ៤ ៩០០ ដុល្លារ/អោន​ ក្នុងអំឡុងពេលដូចគ្នា ប៉ុន្តែនៅតែបង្ហាញពីកំំណើនរឹងមាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម