Connect with us

ព័ត៌មានជាតិ

សមរភូមិក្រោយ បន្តកម្លាំងសាមគ្គីបរិច្ចាគឈាមទៅកាន់វីរកងទ័ព និងជនភៀសសឹក សម្រាប់ប្រើប្រាស់តាមភាពចាំបាច់

បានផុស

នៅ

អ្នក​សមរភូមិ​ក្រោយ បាន​បន្ត​កម្លាំង​រួបរួម និង​សាមគ្គី​គ្នា​បរិច្ចាគ​ឈាម​ទៅកាន់​វីរ​កងទ័ព និង​ជនភៀសសឹក នៅ​បន្ទាត់​ព្រំដែន សម្រាប់​ប្រើប្រាស់​តាម​ភាព​ចាំបាច់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបី​ស្ថានការណ៍​បញ្ហា​ជម្លោះ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​រវាង​កម្ពុជា-ថៃ មាន​ការ​ថមថយ​កម្ដៅ​បន្តិច​ក៏​ពិត​មែន ប៉ុន្តែ​ទឹកចិត្ត​រួបរួម​ដ៏​មុត​ស្រួច​របស់​ប្រជាជន​កម្ពុជា​ជា​អ្នក​សមរភូមិ​ក្រោយ គឺ​មិន​បាន​នៅ​ស្ងៀម​នោះ​ឡើយ ពោល​គឺ​នៅតែ​បន្ត​ចលនា​ក្នុង​ការ​ជួយ​ជា​ជំនួយ​នានា​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ផ្តល់​ទៅកាន់​វីរជន​កងទ័ព និង​ជនភៀសសឹក។

ជាក់ស្ដែង​កាលពី​ព្រឹក​ថ្ងៃ​ទី ០១ ខែ​មករា ឆ្នាំ ២០២៦ ម្សិលមិញ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បាន​រៀបចំ​ពិធី​ចូលរួម​បរិច្ចាគ​ឈាម​ដើម្បី​ជួយ​ទៅ​ជួរមុខ ដើម្បី​រួមចំណែក​ជា​កម្លាំង​ដ៏​រឹងមាំ​បន្ថែម​ក្នុង​ការ​ជួយ​ការពារ​បូរណភាព​ទឹកដី​កម្ពុជា ពី​ការ​ឈ្លានពាន​ពី​សំណាក់​រដ្ឋ​បរទេស។

ពិធី​នេះ​ធ្វើឡើង​ក្រោម​វត្តមាន លោក លេង ផាលី រដ្ឋលេខាធិការ​ក្រសួងផែនការ ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សស​យក​) និង​ជា​ប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដោយ​មាន​ការ​ចូលរួម​ពី​សមាជិក សមាជិកា រួម​ទាំង​អ្នកស្ម័គ្រចិត្ត​ចូលរួម​បរិច្ចាគ​ឈាម​ជាង ៣០០ នាក់ ផង​ដែរ។

លោក ហាន សីហា សមាជិក​ក្រុមការងារ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្ដម ហ៊ុន ម៉ានី និង​ជា​អគ្គនាយក​ក្រុមហ៊ុន ញូ​-​ធី​-​រីក បាន​ឲ្យ​ដឹង​ថា ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន និង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត បាន​លះបង់ រិះរក​គ្រប់​វិធី ធ្វើ​ឲ្យ​ប្រទេស​មាន​សុខ​សន្តិភាព ជាពិសេស វីរ​កងទ័ព ១៨ នាក់ បាន​វិល​មក​មាតុភូមិ​ជួបជុំ​គ្រួសារ​ដូចដើម​វិញ។ ក្នុងនាម​ជា​អ្នក​ជួរ​ក្រោយ និង​មាន​ឈាមជ័រ​ជា​ខ្មែរ ចាំបាច់​ត្រូវ​តែ​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ដោះស្រាយ​បញ្ហា និង​ពង្រឹង​ការ​ការពារ​ជាតិ​ឲ្យ​បាន​រឹងមាំ ទោះ​ស្ថិត​ក្នុង​តម្លៃ​ណាមួយ​ក៏ដោយ។

អ្នកស្ម័គ្រចិត្ត​ចូលរួម​បរិច្ចាគ​ឈាម បាន​សម្តែង​នូវ​ក្តី​ពេញចិត្ត​ក្នុង​ការ​ផ្តល់​ឈាម​សម្រាប់​ជួយ​ទៅកាន់​ជួរមុខ ដែល​នេះ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ស្មារតី និង​ទឹកចិត្ត​ស្រលាញ់​ជាតិ​មាតុភូមិ​របស់​ខ្លួន។

គួរ​បញ្ជាក់​ថា កម្ពុជា ជា​ប្រទេស​តូច​មួយ​ដែល​ជូរចត់​ជួប​ឆ្អែត​អស់​ហើយ​ចំពោះ​ភ្នក់ភ្លើងសង្គ្រាម ដូច្នោះ​ហើយ​បច្ចុប្បន្ន​នេះ ទាំង​ពលរដ្ឋ​ទូទាំង​ប្រទេស និង​រាជរដ្ឋាភិបាល គឺ​ចង់បាន និង​ត្រូវការ​តែ​សន្តិភាព​ប៉ុណ្ណោះ។ ប្រទេស​កម្ពុជា ពុំ​ដែល​មាន​បំណង ឬ​មហិច្ឆតា​ណាមួយ ក្នុង​ការ​ទៅ​បង្កជម្លោះ ឬ​ឈ្លានពាន​ទឹកដី​ប្រទេស​ជិតខាង​ណា​នោះ​ឡើយ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម