Connect with us

ព័ត៌មានជាតិ

ក្រសួងការងារព្រមានផាកពិន័យតាមច្បាប់ក្នុងករណីរោងចក្រ ទូទាត់ ឬគណនាជូនកម្មករមិនបានត្រឹមត្រូវ

បានផុស

នៅ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមានចាត់វិធានការផាកពិន័យយ៉ាងតឹងរ៉ឹងតាមច្បាប់ជាធរមានក្នុងករណី​សហគ្រាស ក្រុមហ៊ុន រោងចក្រខកខានទូទាត់ ឬគណនាជូនដល់កម្មករនិយោជិតដោយមិនបានត្រឹមត្រូវ ដែលនាំឱ្យមានវិវាទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីណែនាំស្តីពីការអនុវត្តប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៦ ដែលទើបបានទទួលនៅថ្ងៃទី២មករានេះ បានណែនាំ និងក្រើនរំលឹកដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ត្រូវអនុវត្តប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ ដោយត្រូវទូទាត់ចំនួន ២ដង ក្នុង១ខែ។

ទន្ទឹមនឹងនេះ ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវទូទាត់ប្រាក់បំណាច់អតីតភាពការងារចំនួន ២ដង ក្នុង១ឆ្នាំ និង/ឬប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករនិយោជិតឱ្យបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិត បទដ្ឋាន​គតិយុត្តជាធរមាន។ ក្នុងករណីមានការខកខានទូទាត់ ឬគណនាដោយមិនបានត្រឹមត្រូវ ដែលនាំឱ្យមានវិវាទ ការងារកើតឡើង អធិការការងារនឹងចាត់វិធានការផាកពិន័យសហគ្រាស ក្រុមហ៊ុន រោងចក្រនោះ យ៉ាងតឹងរ៉ឹងតាមច្បាប់ជាធរមាន។

ក្រសួងការងារបានបន្តថា ក្នុងករណីសង្ស័យថា ការគណនាប្រាក់ឈ្នួល ប្រាក់បំណាច់អតីតភាពការងារ និង/ឬប្រាក់អត្ថប្រយោជន៍ ផ្សេងៗ អនុវត្តមិនបានត្រឹមត្រូវតាមច្បាប់កម្មករនិយោជិត ឬសហជីពដែលជាតំណាងរបស់កម្មករ និយោជិត​ជូនដំណឹងមកអធិការការងារ តាមរយៈប្រព័ន្ធ Hotline លេខ ១២៨៦” ឬតាមរយៈប្រអប់បណ្តឹងអនាមិក របស់ក្រសួង(https://feedback.mlvt.gov.kh/feedback) ដើម្បីក្រសួងចាត់វិធានការតាមច្បាប់ជាធរមាន ចៀសវាង ការយកជម្រើសតវ៉ាតាមរយៈការបិទផ្លូវសាធារណៈដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងអាចឈាន ដល់ការប្រព្រឹត្តល្មើសច្បាប់ជាយថាហេតុ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម