Connect with us

ព័ត៌មានជាតិ

ទិវាជ័យជម្នះ៧មករា ឆ្នាំនេះ គណបក្សប្រជាជនពុំមានការជួបជុំជាលក្ខណៈទ្រង់ទ្រាយធំឡើយ

បានផុស

នៅ

ឆ្នាំ២០២៦នេះ គណបក្សប្រជាជនកម្ពុជា នឹងមិនមានការរៀបចំមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍ថ្ងៃជ័យជម្នះ​ ៧មករា ជា​លក្ខណៈ​ទ្រង់ទ្រាយធំ​ ដូចបណ្ដា​ឆ្នាំមុនៗ​នោះឡើយ។ តាមអះអាងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ ការមិនធ្វើពិធីជួបជុំនេះ គឺដោយសារប្រទេសជាតិកំពុងប្រឈមនឹងជម្លោះនៅតាមព្រំដែនជាមួយប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះជាមិនមានការរៀបចំមីទ្ទីងជួបជុំក៏ដោយ តែលោក ជា ធីរិទ្ធ បានប្រាប់កម្ពុជាថ្មី ថា សម្ដេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា នឹងមានជាសារនយោបាយ ដូចបណ្ដាឆ្នាំមុនៗជាធម្មតា។ លោក បាននិយាយនៅថ្ងៃចន្ទនេះ ដូច្នេះថា «ដោយសារស្ថានការណ៍នៃបញ្ហាជម្លោះនៅតាមព្រំដែន យើងមិនមានការរៀបចំជាមីទ្ទីងអីទេ សម្រាប់ទិវាជ័យជម្នះ៧មករា ក្នុងឆ្នាំនេះ គ្រាន់ថាយើងមានជាសាររបស់ប្រធានគណបក្ស សម្ដេចតេជោ ជាធម្មតាដូចរាល់ឆ្នាំ ប៉ុន្តែយើងមិនមានការរៀបចំជាមីទ្ទីង ការជួបជុំគ្នាអ្វីនោះទេ»

នាថ្ងៃ៧ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ គឺជាថ្ងៃគម្រប់ខួប៤៧ឆ្នាំ នៃទិវាជ័យជម្នះ ជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា ទៅលើរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលធ្វើឱ្យប្រជាជាតិខ្មែរបានរស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងអំពើកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត។ ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ ត្រូវបានចាត់ទុកថា គឺជា​ថ្ងៃកំណើត​ទី​ពីរ​របស់ប្រជាជនកម្ពុជា​ ដែលជា​ការបើក​ឡើងវិញ​នូវ​ទំព័រ​សករាជ​ថ្មី​នៃ​ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ ​និងការអភិវឌ្ឍសង្គម។

ឆ្នាំមុនៗ​ គណបក្ស​ប្រជាជន​កម្ពុជា​ តែង​តែ​រៀបចំ​ប្រារព្ធ​ទិវាជ័យ​ជម្នះ​នេះ​ ក្នុង​ទ្រង់ទ្រាយ​ធំ​ នៅក្នុង​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​ឥស្សរជន​នយោបាយ​ជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ដើម្បីជាការរំលឹកដល់ថ្ងៃមហាជ័យជម្នះជាប្រវត្តិសាស្ត្រនេះ។ ប៉ុន្តែ ក្នុងឆ្នាំនេះ គណបក្សប្រជាជនកម្ពុជា នឹងមិនមានការរៀបចំមីទ្ទីងជួបជុំបែបនេះទៀតនោះឡើយ ដោយសារសភាពការណ៍ប្រទេសជាតិបច្ចុប្បន្ន។

ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ បានចាប់ផ្តើមនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីទាហានថៃបានបាញ់សម្លាប់ទាហានកម្ពុជាមួយរូបនៅតំបន់មុំបី ក្នុងខេត្តព្រះវិហារ ហើយក្រោយហេតុការណ៍នេះបានបង្កើតជាអរិភាពរវាងគ្នាកាន់តែខ្លាំង។ ជាបន្តបន្ទាប់មក មានការប៉ះទង្គិចដោយអាវុធរវាងកងកម្លាំងប្រទេសទាំងពីរ ហើយបើទោះជាមានបទឈប់បាញ់ ក្រោមកិច្ចអន្តរាគមន៍ពីសហគមន៍អន្តជាតិក៏ដោយ នៅថ្ងៃទី៧ ខែធ្នូ យោធាថៃបានបើកការវាយប្រហារជាថ្មីម្ដងទៀតក្នុងទ្រង់ទ្រាយធំ ដើម្បីទន្ទ្រានវាយដណ្ដើមទឹកដីកម្ពុជា រយៈពេលជាង២០ថ្ងៃ ពោលគឺមកដល់ថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៥ ទើបមានបទឈប់បាញ់ជាថ្មីមួយបានកើតឡើង ហើយសភាពការណ៍បានស្ងប់ស្ងាត់៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម