Connect with us

ព័ត៌មានអន្ដរជាតិ

ដាណឺម៉ាក ព្រមានអាមេរិកម្ដងទៀត កុំដណ្តើមកោះ Greenland ដោយកម្លាំង

បានផុស

នៅ

ចុះផ្សាយដោយ CNA នាថ្ងៃទី ០៦ ខែមករា នាយករដ្ឋមន្ត្រីដាណឺម៉ាកលោកស្រី Mette Frederiksen បានចេញការព្រមានជាថ្មីថា ចលនាណាមួយរបស់សហរដ្ឋអាមេរិកក្នុងការដណ្តើមយកកោះ Greenland ដោយកម្លាំង នឹងបំផ្លាញទំនាក់ទំនងសន្តិសុខឆ្លងមហាសមុទ្រអាត្លង់ទិករយៈពេល ៨០ឆ្នាំ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាក់ម្តងទៀតនូវបំណងប្រាថ្នាផ្ទាល់ខ្លួន ដើម្បីបញ្ចូលទឹកដីអាកទិកសម្បូរទៅដោយរ៉ែនិងធនធានដ៏កម្រ។

លោកស្រី Mette Frederiksen និង​លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបានប្រាប់បណ្តាញ TV2 ថា «ប្រសិនបើសហរដ្ឋអាមេរិកសម្រេចចិត្តវាយប្រហារដោយយោធាទៅលើប្រទេសណាតូមួយផ្សេងទៀត នោះអ្វីៗទាំងអស់នឹងឈប់ រួមទាំងណាតូ និងសន្តិសុខក្រោយសង្គ្រាមលោកលើកទី ២»។

ទោះជាយ៉ាងណាក៏ដោយ ភាពតានតឹងមួយនេះបានកើតឡើងកាន់តែខ្លាំងឡើង បន្ទាប់ពីមេដឹកនាំអាមេរិកបានផ្ដល់កិច្ចសម្ភាសន៍តាមទូរសព្ទជាមួយទស្សនាវដ្តី The Atlantic កាលពីថ្ងៃអាទិត្យទី៤មករា ថា «យើងត្រូវការកោះ Greenland ដើម្បីការពារសន្តិសុខជាតិ ហើយប្រទេសដាណឺម៉ាកនឹងមិនអាចធ្វើវាបានទេ»។

ជាការឆ្លើយតបវិញ នាយករដ្ឋមន្ត្រី Greenland លោក Jens-Frederik Nielsen បានប្រាប់លោកត្រាំឲ្យដកថយ ខណៈប្រទេសអឺរ៉ុបជាច្រើន និងសហភាពអឺរ៉ុបបានសម្រុកគាំទ្រដាណឺម៉ាក និងជំរុញឲ្យទីក្រុងវ៉ាស៊ីនតោនឈប់គំរាមកំហែងសម្ព័ន្ធមិត្តណាតូ។

យ៉ាងណាមិញ ដោយសារតែការអន្តរាគមន៍យោធារបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានបញ្ឆេះការភ័យខ្លាចឡើងវិញអំពីផែនការលោកត្រាំលើទឹកដីដាណឺម៉ាកស្វយ័ត ដែលមានដីល្បាប់ដ៏កម្រហើយមិនទាន់បានប្រើប្រាស់នូវឡើយ និងអាចជាតួអង្គសំខាន់មួយ ខណៈដែលទឹកកកប៉ូលរលាយក៏បានបើកផ្លូវដឹកជញ្ជូនថ្មីដែរ។

ជាងនោះទៅទៀតដែរ កាលពីខែមុន លោកត្រាំបានតែងតាំងអភិបាលរដ្ឋ Louisiana លោក Jeff Landry ជាប្រេសិតពិសេសប្រចាំកោះ Greenland។ លោក Landry បានពណ៌នាថា​ តួនាទីរបស់​លោក​​មាន​គោលបំណង​​ធ្វើឲ្យកោះមួយនេះ ក្លាយជាផ្នែកមួយនៃ​សហរដ្ឋ​អាមេរិក៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ដាណឺម៉ាក រិះគន់លោកត្រាំ ដែលគំរាមយក Greenland ក្រោយអន្តរាគមន៍នៅវ៉េណេស៊ុយអេឡា
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម