Connect with us

ព័ត៌មានជាតិ

ឆ្នាំ២០២៥ មានកម្មករនិយោជិត ជួបគ្រោះថ្នាក់ចរាចរណ៍ជាង៥៦០០ករណី ស្លាប់ និងរបួសជាង ៦៦០០នាក់ ថយចុះជិត ២០%

បានផុស

នៅ

នៅក្នុងឆ្នាំ២០២៥ មានកម្មករ-និយោជិត ជួបគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសជាង ៥៦០០ករណី ដោយមានមនុស្សស្លាប់ និងរបួសជាង ៦៦០០នាក់ មានការថយចុះជិត២០% បើធៀបទៅនឹងឆ្នាំ២០២៤កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅថ្ងៃទី៧មករានេះថា នៅក្នុងឆ្នាំ២០២៥ មានកម្មករ-និយោជិត ជួបករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៥ ៦៤២ករណី នៅទូទាំងប្រទេសកម្ពុជា ដែលមានជនរងគ្រោះចំនួន ៦ ៦១៧នាក់ ស្រីចំនួន ៤ ០៨៣នាក់ ស្លាប់ចំនួន១៤៥នាក់ របួសធ្ងន់១៨៥នាក់ របួសស្រាល៤៦៦៧នាក់ ដោយមានការ ថយចុះប្រមាណ១៩.៨១% បើធៀបទៅនឹងឆ្នាំ២០២៤ដែលមានចំនួន ៧ ០៣៦ករណីមានជនរងគ្រោះចំនួន ៧ ៩៣៦នាក់ ស្រីចំនួន ៤ ៤៩៩នាក់ ស្លាប់២០៥នាក់របួសធ្ងន់២៤៨៥នាក់និងរបួសស្រាល៥២៤៦នាក់។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានបញ្ជាក់ថា ក្នុងចំណោមគ្រោះថ្នាក់ខាងលើ ក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកកម្មករ-និយោជិត មានចំនួន ១១ករណី មានជនរងគ្រោះសរុបចំនួន២០៥នាក់ ស្លាប់ចំនួន ២នាក់ របួសធ្ងន់ចំនួន២៧នាក់ និងរបួសស្រាលចំនួន ១៧៦ នាក់ បើធៀបនឹងឆ្នាំ២០២៤ ឃើញថា មានការថយចុះ ខណៈឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកកម្មករ-និយោជិត មានចំនួន១២ ករណីដែលមានជនរងគ្រោះសរុបចំនួន២៥៧នាក់ ស្លាប់ចំនួន ៣នាក់ របួសធ្ងន់ចំនួន៦៧នាក់ និងរបួសស្រាលចំនួន ១៨៧ នាក់។

លោកបណ្ឌិត បានពន្យល់ថា មូលហេតុចម្បងៗ ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការមិនប្រកាន់ស្តាំ(បញ្ច្រាសទិស) ការបត់ខ្វះការប្រុងប្រយ័ត្ន ការជែងក្នុងស្ថានភាពគ្រោះថ្នាក់ កត្តាផ្លូវ និងលក្ខណៈបច្ចេកទេសយានយន្ត និងកត្តាផ្សេងៗ។

លោកបណ្ឌិត បានធ្វើការអំពាវនាវដល់កម្មករ-និយោជិត ទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការធ្វើដំណើរ ទាំងអ្នកធ្វើដំណើរដោយម៉ូតូ និងទាំងអ្នកធ្វើដំណើរដោយរថយន្តដឹកកម្មករ-និយោជិត ត្រូវគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីជៀសវាងករណីគ្រោះថ្នាក់ជាយថាហេតុ និងក្រើនរំលឹកទៅកាន់អ្នកបើកបររថយន្តដឹកកម្មករ-និយោជិត ទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់រាល់ពេលបើកបរផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម