Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកនយោបាយនិងសមាជិកសភាថៃ ១០នាក់ ​ជាប់ពាក់ព័ន្ធជាមួយ Scammer និងក្រុមជួញដូរគ្រឿងញៀន 

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ បានលាតត្រដាងថា បច្ចុប្បន្ន អ្នកនយោបាយនិងសមាជិកសភាថៃ ១០នាក់ ​កំពុងជាប់ពាក់ព័ន្ធជាមួយក្រុមឆបោកតាមអនឡាញ, ពួកជួញដូរគ្រឿងញៀន និងគេហទំព័រល្បែងស៊ីសង។ នេះបើតាមការផ្សាយរបស់ Khaosod នៅថ្ងៃព្រហស្បតិ៍ទី៨ខែមករាឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Rutthaphon Naowarat (រូបថត៖ X)

ថ្លែងនៅអគារទីស្តីការក្រសួងយុត្តិធម៌ក្នុងទីក្រុងបាងកក លោករដ្ឋមន្ត្រី Rutthaphon Naowarat ប្រកាសថា ឆាប់ៗ នឹងមានការវាយឆ្មក់ហើយចាប់ខ្លួនអ្នកទាំង១០នេះ ក្នុងប្រតិបត្តិការរបស់ប៉ូលិសថៃ សហការជាមួយប៉ូលិស Cyber។

អាជ្ញាធរថៃសន្និដ្ឋានថា លុយដែលបានមកពីសកម្មភាពខុសច្បាប់ទាំងនេះ គឺត្រូវបានយកមកប្រើប្រាស់ដើម្បីទិញសន្លឹកឆ្នោត ជួយដល់បក្សនយោបាយ ឬបេក្ខជនមួយចំនួន ដើម្បីឲ្យពួកគេមានអំណាច និងការពារអាជីវកម្មខុសច្បាប់ទាំងនោះវិញនៅពេលក្រោយ។

ការប្រកាសនេះ ធ្វើឡើងក្រោយពេលសមាជិកសភាមកពីគណបក្សប្រជាជនថៃលោក Rangsiman Rome បង្ហោះសារលើ Facebook ថា៖ «សេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលថាគ្មានអ្នកនយោបាយ ឬបេក្ខជនសភាណាម្នាក់ត្រូវបានរកឃើញថាមានការពាក់ព័ន្ធនឹងក្រុមឆបោក ឬគេហទំព័រល្បែងស៊ីសងនោះ គឺឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីបរាជ័យនៃការគ្រប់គ្រងសាធារណៈ។ រដ្ឋាភិបាលនេះពិតជាគ្មានប្រសិទ្ធភាពអ្វីសោះក្នុងការទប់ស្កាត់បណ្តាញខុសច្បាប់»។

លោក Rangsiman Rome (រូបថត៖ Thai PBS)

រម្លឹកទៅខែតុលាឆ្នាំមុន លោក Rangsiman ក៏ចោទអតីតរដ្ឋមន្ត្រីក្រសួងកសិកម្មថៃ Thamanat Prompow ​ផងដែរ ជុំវិញទំនាក់ទំនងដ៏គួរឲ្យសង្ស័យជាមួយមេក្រុមឧក្រិដ្ឋកម្មអនឡាញសញ្ជាតិអាហ្វ្រិកខាងត្បូងម្នាក់។ មិនត្រឹមប៉ុណ្ណឹង លោក Rangsiman ថែមទាំងបង្ហាញរូបថតប៉ុន្មានសន្លឹក ដែលលោក Thamanat នៅជាមួយបុរសសញ្ជាតិអាហ្វ្រិកខាងត្បូងក្នុងពិធីសាសនានាទៀតផង។

ម្យ៉ាងលោក Thamanat ត្រូវបានកោះហៅឲ្យបង្ហាញខ្លួននៅចំពោះមុខគណៈកម្មាធិការសភាសន្តិសុខរដ្ឋម្តងរួចហើយ ដើម្បីបំភ្លឺពីទំនាក់ទំនងរបស់គាត់ជាមួយមេក្រុមឧក្រិដ្ឋកម្មម្នាក់នោះ។

យ៉ាងណា មិនមែនប៉ុណ្ណឹងទេ សូម្បីនាយករដ្ឋមន្ត្រី អានុទីន ឆាន់វីរៈគុល និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ ក៏ជាប់ពាក់ព័ន្ធជាមួយមេ Scammer ដែរ ដោយមានការបែកធ្លាយរូបថតជាបន្តបន្ទាប់៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម