ព័ត៌មានជាតិ
អ្នកនាំពាក្យ៖សង្គ្រាមតាមព្រំដែនកន្លងទៅមិនមែនជាក្ដីប្រាថ្នា រឹតតែមិនមែនជម្រើសរបស់កម្ពុជាឡើយ ព្រោះកម្ពុជាចង់បានព្រំដែនសន្តិភាព
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា គូសបញ្ជាក់ថា ថ្នាក់ដឹកនាំ និិងប្រជាជនកម្ពុជាតែងតែចង់បានព្រំដែនមួយដែលគ្មានសង្គ្រាម និងមានការរីកចម្រើន ដូច្នេះហើយសង្គ្រាមចំនួន២លើករវាងថៃនិងកម្ពុជា កាលពីឆ្នាំ២០២៥ មិនមែនជាបំណងប្រាថ្នា ហើយរឹតតែមិនមែនជាជម្រើសរបស់កម្ពុជាឡើយ កម្ពុជាអត់ធ្មត់ខ្ពស់បំផុត និងប្រើសិទ្ធិការពារខ្លួនតែប៉ុណ្ណោះ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ប៉ែន បូណា ថ្លែងដូច្នេះក្នុងសន្និសីទសារព័ត៌មានស្ដីពី « បច្ចុប្បន្នភាពស្តីពីការវិវត្តន៍ស្ថានការណ៍រវាងកម្ពុជា-ថៃ » ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។

លោក ប៉ែន បូណា សង្កត់ធ្ងន់ដូច្នេះ៖«ថ្នាក់ដឹកនាំរបស់យើង ទាំងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងមានប្រសាសន៍បញ្ជាក់ម្តងហើយម្តងទៀតថា កម្ពុជាចង់បានព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ ពាក្យពេចន៍ទាំងនេះដែលបញ្ជាក់ពីបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ថ្នាក់ដឹកនាំកម្ពុជាតែងលឺរងំក្នុងត្រចៀកនិងដិតជាប់ក្រអៅបេះដូងប្រជាពលរដ្ឋខ្មែរគ្រប់ៗគ្នា។ នេះសបញ្ជាក់យ៉ាងច្បាស់ថា សង្គ្រាមដែលកើតឡើងនៅតាមបណ្តោយព្រំដែនកម្ពុជាថៃកន្លងទៅនេះមិនមែនជាបំណងប្រាថ្នា ហើយរឹតតែមិនមែនជាជម្រើសរបស់កម្ពុជាសោះឡើយ។ កម្ពុជាបានប្រកាន់យកការអត់ធ្មត់ដល់កម្រិតខ្ពស់បំផុត និងគ្រាន់តែប្រើសិទ្ធិស្វ័យការពារខ្លួននិងខិតខំការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិតែប៉ុណ្ណោះ។ »។

ក្នុងជម្លោះប្រដាប់អាវុធរវាងថៃ និងកម្ពុជា ក្នុងឆ្នាំ២០២៥ ភាគីកម្ពុជា អះអាងថា ភាគីថៃជាអ្នកបើកការវាយប្រហារមុន ចាប់តាំងពីការប្រយុទ្ធលើកទី១ នៅចុងខែកក្កដា មកម៉្លេះ។ នៅក្នុងការប្រយុទ្ធលើកទី២ នាដើមខែធ្នូ សម្ដេចតេជោ ហ៊ុន សែន នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ អះអាងថា កម្ពុជាអត់ធ្មត់រយៈពេលជាង២៤ម៉ោង ទើបបប្រើសិទ្ធិការពារខ្លួនតបតទៅកាន់ភាគីថៃវិញ បន្ទាប់ពីអត់ធ្មត់ដើម្បីគោរពបទឈប់បាញ់ និងជម្លៀសប្រជាជនមកកាន់ទីតាំងមានសុវត្ថិភាព។

លោក ប៉ែន បូណា អះអាងថា រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជានៅតែខិតខំប្រឹងប្រែងដោយដៃម្ខាងការពារបូរណភាពទឹកដីទប់ទល់ជាមួយការរំលោភបំពាន និងដៃម្ខាងទៀតធ្វើការងារការទូតយ៉ាងសកម្មដើម្បីបញ្ឈប់សង្គ្រាម និងទាញមករកដំណោះស្រាយដោយសន្តិវិធីវិញ។ ការសម្រេចបានបទឈប់បាញ់ពីរលើក និងការឯកភាពគ្នាដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការដែលមានស្រាប់ ដោយអនុលោកតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ គឺជាលទ្ធផលជាក់ស្តែងដែលឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលចង់បាន។
តាមអ្នកនាំពាក្យ កម្ពុជាបន្តរក្សាជំហរស្រឡាញ់ និងការពារសន្តិភាពហើយជានិច្ចកាលប្រកាន់យកការដោះស្រាយបញ្ហាដោយសន្តិវិធី។ កម្ពុជាអនុវត្តបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់និងស្មោះត្រង់បំផុត។កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។
សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បញ្ជាក់កាលពីថ្ងៃទី៧ ខែមករា នេះថា ៖«កម្ពុជាក៏មិនធ្វើសម្បទានលើអធិបតេយ្យនិងបូរណភាពទឹកដីក្នុងដែនអធិបតេយ្យស្របច្បាប់របស់ខ្លួនជាដាច់ខាត។»៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២១ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


