Connect with us

ព័ត៌មានជាតិ

គិតត្រឹមព្រឹកថ្ងៃទី ៨ មករា មានគ្រឹះស្ថានសិក្សាចំនួន ១១៣ មិនទាន់បើកដំណើរការឡើងវិញនៅឡើយទេ

បានផុស

នៅ

ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​បានឱ្យដឹងថា ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ៨ ខែមករា ឆ្នាំ ២០២៦​ នេះ ​មាន​គ្រឹះស្ថាន​សិក្សា​ចំនួន ​១១៣ នៅ​ខេត្ត​ព្រះវិហារ ឧ​ត្ត​រ​មានជ័យ ពោធិ៍សាត់​ និង​ខេត្ត​បន្ទាយមានជ័យ នៅ​មិនទាន់បាន​បើកទ្វារ​នៅឡើយ​ទេ​ ដោយសារ​សាលា​ទាំងនោះ​រង​ការ​ខូចខាត​ដោយសារ​សង្គ្រាម និង​មាន​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​រាយប៉ាយ​ដោយសារ​ការឈ្លានពានរ​បស់​យោធា​ថៃ​មកលើ​ដែន​អធិបតេយ្យ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ក្រសួងមហាផ្ទៃ​គិត​ត្រឹម​ម៉ោង​ ៦ ​ព្រឹក ថ្ងៃទី​ ៨ ខែមករា ឆ្នាំ​ ២០២៦​ នេះ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​សាលារៀន​ ២០៣​ កន្លែង​ បាន​បើក​ដំណើរការ​ឡើងវិញ ខណៈ សាលារៀន​ ៥៧ បន្ត​បិទ ផ្អាក។ ខេត្តបន្ទាយមានជ័យ មាន​សាលារៀន ​៥ បន្ត​បិទ​ផ្អាក។ ខេត្តព្រះវិហារ មាន​សាលារៀន ៦១ នៅ​បន្ត​បិទ​ផ្អាក ខណៈ​សាលារៀន​ ១២ បាន​បើក​ដំណើរការ​ឡើងវិញ។

ក្រសួងមហាផ្ទៃ​បាន​បន្តថា​ សង្គ្រាម​ឈ្លានពាន​របស់​យោធា​សៀម​មកលើ​បូរណភាព​ដែនដី​កម្ពុជា​ចាប់ពី​ថ្ងៃទី​ ៧ ​រហូតដល់​ថ្ងៃទី ​២៧ ខែ​ធ្នូ​ ឆ្នាំ​ ២០២៥ ​មាន​សាលារៀន​ខូចខាត​ចំនួន ​២៥​ សាលា ខណៈ​កាលពី​ថ្ងៃទី​ ២៤ ​ដល់​ថ្ងៃទី​ ២៨ ខែ​កក្កដា ​ឆ្នាំ​ ២០២៥ ​មាន​សាលា​ខូចខាត​ចំនួន ​៧ ​សាលា​ផង​ដែរ។

គួរ​បញ្ជាក់​ថា​ គិត​ត្រឹម​ព្រឹក​ថ្ងៃទី ​៨​ ខែមករា ​ឆ្នាំ​ ២០២៦​ មាន​ពលរដ្ឋ​ភៀស​សឹក ​៧.៨៦៦ ​នាក់​បន្ថែម​ទៀត បាន​បន្ត​វិលត្រឡប់​ទៅ​លំនៅឋាន​វិញ​។ ដូច្នេះ មកដល់ពេលនេះ មាន​ពលរដ្ឋ​ភៀស​សឹក​សរុប​ប្រមាណ ​៤​ សែន ​៧ ​ម៉ឺន​នាក់ បាន​វិលត្រឡប់​ទៅ​លំនៅឋាន​វិញ ក្នុង​ចំណោម​ពលរដ្ឋ​ភៀស​សឹក​សរុប​ជាង ​៦​ សែន ​៤ ​ម៉ឺន​នាក់ ខណៈ​ពលរដ្ឋ​ភៀស​សឹក​ចំនួន ​១៧៨.៨៩៤​ នាក់ ក្នុងនោះ ស្ត្រី ៩៣.៥៣៤​ នាក់ និង​កុមារ​ ៥៨.០៩៤​ នាក់ បន្ត​ស្នាក់នៅ​ជំរំ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម