Connect with us

នយោបាយ

បណ្ឌិត គិន ភា៖ ទំនាក់ទំនងកម្ពុជា-វៀតណាម គឺមិនអាចខ្វះបាន តែត្រូវឈរលើគោលការណ៍គោរពអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដីគ្នាទៅវិញទៅមក

បានផុស

នៅ

កម្ពុជា-វៀតណាម គឺជាប្រទេសជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែង ហើយនៅក្នុងយុគសម័យថ្មីនេះ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ត្រូវតែពង្រឹងបន្ថែមទៀតដើម្បីផលប្រយោជន៍នៃប្រជាជនកម្ពុជា-វៀតណាម។ ប៉ុន្តែ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា អះអាងថា បើទោះបីទំនាក់ទំនងកម្ពុជា-វៀតណាមត្រូវពង្រឹងដល់កម្រិតណាក៏ដោយ គឺ​ត្រូវឈរលើគោលការណ៍គោរពអធិបតេយ្យ  ឯករាជ្យ និងបូរណភាពទឹកដីររបស់ផងគ្នាទៅវិញទៅមក ទើបទំនាក់ទំនងនេះនៅស្ថិតស្ថេរ និងរឹងមាំយូរអង្វែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចពិភាក្សា ស្តីពី គណបក្សកុម្មុយនិស្តវៀតណាមក្នុងសករាជអភិវឌ្ឍន៍ថ្មីនៃប្រទេសវៀតណាម នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នៅស្ថានទូតវៀតណាមប្រចាំកម្ពុជា លោកបណ្ឌិត គិន ភា បានគូសបញ្ជាក់ថា សាមគ្គីភាពជាប្រវត្តិសាស្ត្រ នៅតែបន្តដើរតួនាទីជាសសរស្តម្ភគ្រឹះនៃទំនាក់ទំនងកម្ពុជា-វៀតណាម ក្នុងយុគសម័យថ្មី។ ប្រទេសទាំងពីរបានអះអាងយ៉ាងខ្ជាប់ខ្ជួននូវការគោរពគ្នាទៅវិញទៅមកចំពោះ​អធិបតេ​យ្យ ឯករាជ្យ បូរណភាពទឹកដី និងការរួមរស់ជាមួយគ្នាដោយសន្តិភាព ព្រមទាំងការគាំទ្រ​ចំពោះ​ស្ថិរភាព​នយោបាយ និងមាគ៌ានៃការអភិវឌ្ឍជាតិរៀងៗខ្លួន។

ចំពោះមុខបរិបទផ្ទៃក្នុង និងសកលលោក ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ​កំពុងមាន​សន្ទុះរីក​ចម្រើនយ៉ាងស្វាហាប់លើគ្រប់វិស័យ។ កម្ពុជា​និងវៀតណាម​បានឯកភាពថា ការពង្រឹងនិងការលើកកម្ពស់​ចំណងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ មានសារៈសំខាន់ជាសារវន្តសម្រាប់​ប្រជាជាតិ​ទាំង​ពីរ។ ជារួម គោលនយោបាយការបរទេសដែលប្រទេសទាំងពីរអនុវត្តចំពោះគ្នា បានឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​នូវភាពរឹងមាំ​និងភាពមិនអាចបំបែកបាននៃទំនាក់ទំនងទ្វេភាគីនេះ។

លោកបណ្ឌិត គិន ភា បានគូសបញ្ជាក់បន្ថែមថា ទំនាក់ទំនងកម្ពុជា-វៀតណាម បន្តធ្វើពិពិធកម្មទាំង​ក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ដោយរក្សា​បាននូវភាពរឹងមាំលើគ្រប់វិស័យដែល​ជាផលប្រយោជន៍​យុទ្ធសាស្ត្ររួម។ ប្រទេសទាំងពីររួមគ្នាដោះស្រាយ​បញ្ហាប្រឈម​ជាសកល ពង្រីកកិច្ចសហការនៅគ្រប់​កម្រិតនិងគ្រប់វេទិកា ព្រមទាំងពង្រឹងការយោគយល់គ្នា​ឱ្យកាន់តែស៊ីជម្រៅ ដែលនឹងអនុញ្ញាតឱ្យប្រទេស​ទាំងពីរ​សម្រេចបាននូវសមិទ្ធផលកាន់តែធំធេង ទាំងក្នុង​ក្របខណ្ឌជាតិនិងលើឆាកអន្តរជាតិ។

ក្នុងការបង្ហាញគោលជំហរចំពោះគ្នាទៅវិញទៅមក មេដឹកនាំនៃប្រទេសទាំងពីរតែងតែសម្ដែងនូវការ​ប្តេជ្ញា​ចិត្ត​យ៉ាងមុតមាំ​ក្នុងការត្រួសត្រាយ ពង្រីក និងលើកកម្ពស់កម្រិតនៃទំនាក់ទំនង​ឱ្យឈានដល់​កម្ពស់​ថ្មី​មួយទៀត ដែលនាំមកនូវផលប្រយោជន៍ពិតប្រាកដ និងភាពសុខដុមរមនាសម្រាប់ប្រជាជននៃប្រទេស​ទាំង​ពីរ។ នេះបើតាមការរំលេចឱ្យដឹងរបស់ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជារាជបណ្ឌិត្យ​សភាកម្ពុជា លោកបណ្ឌិត គិន ភា។

បើតាមលោកបណ្ឌិត គិន ភា ដោយឈរលើកត្តាប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងនយោបាយ ការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងវៀតណាម គឺជាតម្រូវការចាំបាច់​ដែលមិន​អាចខ្វះបាន។ បាវចនានៃទំនាក់ទំនង «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែង» គឺជាគ្រឹះដ៏សក្ដិសិទ្ធិសម្រាប់បន្តរួមរស់ជាមួយគ្នាដោយ​សុខសន្តិភាព គោរពអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដី មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា ដោះស្រាយ​បញ្ហាដោយសន្តិវិធី និងជំរុញកិច្ចសហការឱ្យកាន់តែទូលំទូលាយ ស៊ីជម្រៅ និងមាន​ប្រសិទ្ធភាពខ្ពស់ ដើម្បីឧត្តមប្រយោជន៍នៃប្រជាជាតិទាំងពីរតរៀងទៅ។

ចូលមកឆ្នាំ២០២៦នេះ ទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម ឈានចូលឆ្នាំទី៥៩ហើយ។ នៅក្នុងអតីតកាល កម្ពុជា និងវៀតណាម បានជួយគ្នាទៅវិញទៅមកក្នុងការស្វែងរកសន្តិភាព និង​ឯកភាពជាតិ។ កម្ពុជាបានជួយវៀតណាមក្នុងការបង្រួបបង្រួមជាតិវៀតណាមតែមួយ ខណៈវៀតណាម​ជួយកម្ពុជាផ្តួលរំលំរបបខ្មែរក្រហម ស្វែងរកសន្តិភាពជូនប្រជាជាតិកម្ពុជា។ ទំនាក់ទំនងទ្វេភាគីរវាងប្រទេស​ទាំងពីរដែលកំណត់ដោយអតីតកាលរួម និងគោលបំណងឆ្ពោះទៅរកអនាគតរួម គួរតែត្រូវបានរឹតបន្តឹង​ឱ្យកាន់តែរឹងមាំដោយឈរលើគោលការណ៍នៃការរួមរស់ជាមួយគ្នាដោយសន្តិភាព ការគោរពបូរណភាពទឹកដី សាមគ្គីភាពយូរអង្វែង និងចក្ខុវិស័យរួមសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

ខណៈដែលមានការកើនឡើងនៃការប្រកួតប្រជែងរវាងមហាអំណាច និងភាពមិនប្រាកដ​ប្រជាជា​សកល កម្ពុជានិងវៀតណាមមានឱកាស ដើម្បីបង្ហាញឃើញពីរបៀប​ដែលប្រទេស​ជិតខាងដែល​មាន​ប្រវត្តិសាស្ត្រស្មុគស្មាញជាមួយគ្នា អាចសហការគ្នាដើម្បីជំរុញសន្តិភាព ភាពធន់ និងវិបុលភាព។ តាមរយៈ​ការរក្សាស្វ័យភាពជាយុទ្ធសាស្ត្រ និងតម្លៃរួម ភាពជាដៃគូរវាងប្រទេសទាំងពីរ មិនត្រឹមតែរឹងមាំយូរអង្វែង​ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងដើរតួនាទីជាសសរស្តម្ភនៃស្ថិរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម