ព័ត៌មានជាតិ
ប្រមុខដឹកនាំរាជរដ្ឋាភិបាល ដាក់ចេញវិធានការដោះស្រាយផលប៉ះពាល់ជម្លោះព្រំដែនកម្ពុជា-ថៃ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៦ថា ផលលំបាកជាច្រើននៅបន្តមាន ដូចជាការខូចខាតទាំងស្រុង ការខូចខាតធ្ងន់-ស្រាល នូវលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន និងសាធារណៈមួយចំនួន។

អាវុធ យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅរាយប៉ាយ ការវិលត្រឡប់របស់បងប្អូនប្រជាពលរដ្ឋមូលដ្ឋានទៅកាន់លំនៅឋាន និងការស្ដារជីវភាពឡើងវិញ របស់បងប្អូនជនភៀសសឹក។
ផលលំបាកទាំងនេះ ទាមទារឱ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការដោះស្រាយ។ រាជរដ្ឋាភិបាលយល់ច្បាស់ណាស់ពីទុក្ខលំបាក និងបញ្ហាប្រឈមនានារបស់បងប្អូនជនរួមជាតិ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ផ្ទាល់ពីជម្លោះព្រំដែន។
ជាមួយនឹងការបន្តអនុវត្តនូវគ្រប់មធ្យោបាយ ជាពិសេសមធ្យោបាយការទូត និងច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា និងដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ស្របតាមស្មារតី នៃសេចក្ដីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួ ថ្ងៃទី ២៦ ខែតុលា និងសេចក្ដីប្រកាសរួមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥។

រាជរដ្ឋាភិបាលកំពុងប្រើប្រាស់គ្រប់កម្លាំង និងធនធាន ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ ដូចជាបណ្ដាប្រទេសជាមិត្ត អង្គការជាតិ និងអន្តរជាតិ ព្រមទាំងវិស័យឯកជន ដើម្បីសម្រាលនូវទុក្ខលំបាក និងដោះស្រាយបញ្ហាប្រឈមរបស់បងប្អូនទាំងក្នុងរយៈពេលខ្លីចំពោះមុខ ក៏ដូចជារយៈពេលមធ្យម និងយូរអង្វែង។
ក្នុងនាមប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ ទី១ ចំពោះបងប្អូនជនភាសសឹក ដែលអាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបាន ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋានកំពុងខ្នះខ្នែងរៀបចំសម្របសម្រួលឱ្យបងប្អូនជនភាសសឹកអាចវិលត្រឡប់ទៅកាន់លំនៅឋានវិញឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។
ក្រោមការសម្របសម្រួលរបស់អាជ្ញាធរមីនកម្ពុជា និងក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករមីននានា ជាពិសេសមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បាននឹងកំពុងខិតខំយ៉ាងសកម្ម ក្នុងការបោសសម្អាត អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាថា ទីតាំងទាំងនោះ មានសុវត្ថិភាពគ្រប់គ្រាន់ មុននឹងអនុញ្ញាតឱ្យបងប្អូនជនភាសឹកវិលត្រឡប់ទៅកាន់ទីតាំងទាំងនោះវិញ ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋជនភាសសឹកបន្តសហការឱ្យបានស្អិតរមូត ទី១ ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន និងយោគយល់ចំពោះការង់ចាំវិលត្រឡប់ទៅកាន់លំនៅឋានរបស់បងប្អូនវិញ ខណៈដែលការបោសសម្អាតអាវុធ យុទ្ធភណ្ឌមិនទាន់ផ្ទុះ កំពុងបន្តអនុវត្ត។
រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រង ការស្ដារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីរៀបចំ និងគ្រប់គ្រងការស្ដាជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត។
ក្រុមការងារចំពោះកិច្ចនេះ បាននឹងកំពុងចុះបំពេញភារកិច្ចនៅតាមបណ្ដាខេត្តដែលរងផលប៉ះពាល់ទាំងអស់ ដើម្បីវាយតម្លៃអំពីផលប៉ះពាល់ និងសេចក្ដីត្រូវការ ដើម្បីដាក់ចេញវិធានការអន្តរាគមចាំបាច់ សម្រាប់គាំពារជីវភាព រស់នៅរបស់បងប្អូនជនភាសសឹកនៅពេលត្រឡប់ទៅកាន់លំនៅឋានវិញ សំដៅស្ដារជីវភាព និងជំរុញដំណើរការសកម្មភាពរស់នៅប្រចាំថ្ងៃឡើងវិញឱ្យបានឆាប់រហ័ស។
ទន្ទឹមនេះ ដើម្បីជំរុញដល់ការស្ដារឡើងវិញជីវភាពរបស់បងប្អូន រាជរដ្ឋាភិបាលបាននឹងកំពុងវាយតម្លៃជាបណ្ដើរៗ ទៅលើទិដ្ឋភាពសំខាន់ៗ ៣ ផលប៉ះពាល់ទៅលើផលដំណាំ ស្ថានភាពបំណុល និងការស្ដារឡើងវិញនូវសេវាសាធារណៈចាំបាច់ជាពិសេសបណ្ដាញទឹកស្អាត អគ្គិសនី ទូរគមនាគមន៍ រួមទាំងបណ្ដាញដែលស្ថិតនៅក្រោមការវិនិយោគរបស់ប្រតិបត្តិករឯកជន។
សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថា កន្លងមក ធនាគារជាតិ នៃកម្ពុជា សហការជាមួយសមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានដាក់ចេញនូវវិធានការ ជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិផ្ទាល់ក្នុងសមរភូមិក៏ដូចជាប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនដែលរួមមានការការលើកលែងកម្រៃ និងផាកពិន័យពាក់ព័ន្ធនឹងឥណទាន ការទូទាត់សងការប្រាក់ និងពន្យាពេលទូទាត់សងប្រាក់ដើម និងការរៀបចំឥណទានឡើងវិញជាដើម បន្ថែមដល់ការលុបចោលឥណទានរហូតដល់ ១០ លានរៀល ដល់យោធិនពិការនៅសមរភូមិ និងលុបចោលរហូតដល់ ៨០ លានរៀល ដល់យោធិនពលី។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យសមាគមធនាគារកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុ ពិនិត្យលទ្ធភាពជួយដល់បងប្អូនជនរងគ្រោះបន្តទៀត តាមលទ្ធភាពដែលអាចធ្វើបាន។
ទី២ ចំពោះបងប្អូនជនភាសសឹក ដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបាន ដោយសារស្ថានភាពមិនទាន់អំណោយផលចំពោះមុខនេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្ត អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ បាននឹងកំពុងគិតគូលើការពង្រឹងជម្រកបណ្ដោះអាសន្ន ឬក្នុងករណីចាំបាច់អាចផ្លាស់ប្ដូរជម្រកបណ្ដោះអាសន្ន របស់បងប្អូន ទៅកាន់ទីតាំងដែលមានភាពប្រសើរជាងមុន ជាងបច្ចុប្បន្ន។
រាជរដ្ឋាភិបាលកំពុងពិនិត្យផ្ដល់ នូវដំណោះស្រាយសមរម្យ តាមលទ្ធភាពជាក់ស្ដែង ក្នុងការជួយឱ្យបងប្អូន អាចរក្សាលំនឹង ជីវភាពប្រចាំថ្ងៃ ក្នុងអំឡុងពេលដ៏លំបាកនេះ រហូតដល់បងប្អូនអាចវិលត្រឡប់ទៅលំនៅឋានវិញ។
ជាមួយគ្នានេះ សម្រាប់រយៈពេលបន្ទាប់ ក្រសួងមហាផ្ទៃ កំពុងដឹកនាំស្រង់ស្ថិតិរបស់បងប្អូន ហើយនៅពេលដែលយើងប្រមូលបានទិន្នន័យ និងព័ត៌មានចាំបាច់ ក្រសួងសេដ្ឋកិច្ចនឹងពិនិត្យ និងដាក់ចេញនូវវិធានការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ តាមនិតិវិធី និងការចាំបាច់នៅពេលឆាប់ៗខាងមុខនេះ។
បច្ចុប្បន្ន ដោយមិនរង់ចាំដល់ការស្រង់ស្ថិតិត្រូវបានធ្វើរួចរាល់នោះទេ ក្នុងស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ គណៈកម្មការអន្តរក្រសួង កំពុងរៀបចំយ៉ាងសកម្មនូវកិច្ចប្រជុំ និងពិភាក្សាលើជម្រើសនានាដើម្បីពិភាក្សារកដំណោះស្រាយសមស្របជាក់ស្ដែង និងឆាប់រហ័សជូនបងប្អូនប្រជាពលរដ្ឋ។
ទី៣ ចំពោះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន និងសាធារណៈដែលបានរងការខូចខាតដូចជា៖ សាលារៀន មណ្ឌលសុខភាព ពេទ្យបង្អែក ផ្សារផ្លូវ ស្ពាន បណ្ដាញទឹកស្អាត អគ្គិសនី និងទូរគមនាគមន៍ ក្រុមការងារចំពោះកិច្ចកំពុងវាយតម្លៃផលខូចខាតទាំងនេះ ហើយរាជរដ្ឋាភិបាល និងប្រើប្រាស់ធនធានថវិកា ទាំងថវិកាជាតិ និងថវិកាពីដៃគូអភិវឌ្ឍនន៍ ដើម្បីស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ឱ្យបានឆាប់បំផុត តាមស្ថានភាពជាក់ស្ដែង៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


