Connect with us

កីឡា

ការ​ប្រកួតបាល់ទះពាន​សម្តេច​ ស ខេង លើក​ទី​៤ មាន​​វិញ្ញាសា​នារី​ដើម្បី​អនាគត​ជម្រើស​ជាតិ

បានផុស

នៅ

ព្រឹត្តិការណ៍​ប្រកួត​កីឡា​បាល់ទះ​ថ្នាក់​ជាតិ ពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង លើក​ទី​៤ នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ដល់ ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ ២០២៦ នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
អ្នក​ឧកញ៉ា លាង ម៉េង និង​លោក អាំង សិរីពិសិដ្ឋ

ការ​ប្រកួត​លើក​ទី​៤​​នេះ​​កាន់​តែ​ពិសេស​ជាង​លើក​មុន​ៗ​ដោយ​មានវិញ្ញាសា​នារី​ថែម​ទៀត។ នេះ​ជា​លើក​ដំបូង​ដែល​មាន​ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​​ផ្លូវ​ការ​សម្រាប់​នារី។ ក្នុង​ពិធី​ចាប់​ឆ្នោត​​កាល​ពី​រសៀល ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ ២០២៦ នៅ​ផ្សារ​ជីប ម៉ុង បាន​បង្ហាញ​ថា វិញ្ញាសា​បុរស​មាន​ចំនួន ៣២ ក្រុម​ចូល​រួម​ប្រកួត និង​​វិញ្ញាសា​នារី​មាន​ចំនួន ៨ ក្រុម​ចូល​រួម​ប្រកួត។

អ្នក​ឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ជីប ម៉ុង បាន​លើក​ឡើង​ថា តាម​ប្រភេទ​កីឡា​នីមួយ​ៗ​មាន​ច្រើនវិញ្ញាសា ក្នុង​នោះ​កីឡា​បាល់ទះ​ក៏​មាន​វិញ្ញាសា​ច្រើន​ដែរ ដូច្នេះការ​ពង្រឹង និង​អភិវឌ្ឍ​​កីឡា​​ត្រូវ​តែ​មាន​ច្រើន​វិញ្ញាសា​ដែរ​ទើប​អាច​មាន​ធន​ធាន​កីឡាករ កីឡាការិនី​ច្រើន​សម្រាប់​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ។ កន្លង​មក ក្រុម​ហ៊ុន​​បាន​ឧបត្ថម្ភ​​តែ​ផ្នែក​បុរស​សម្រាប់​ការ​ប្រកួត​កកីឡា​បាល់ទះ​នេះ ប៉ុន្តែ​ឆ្នាំ​នេះ​ឧបត្ថម្ភ​ឲ្យ​មាន​ការ​ប្រកួត​ផ្នែក​នារី​ទៀត។

អ្នក​ឧកញ៉ាបាន​សង្កត់ធ្ងន់​ថា ៖«ប្រសិន​បើ​មិន​រៀប​ចំ​ឲ្យ​មាន​ការ​ប្រកួត​វិញ្ញាសា​នារី​នៅ​ពេល​​នេះ​ តើ​ចាំ​ពេល​ណា​? ហើយ​តើ​ពេល​ណា​ទើប​មាន​ក្រុម​បាល់ទះនារី ឬ​ក្រុម​ជម្រើស​ជាតិ​នារី​មាន​សមត្ថភាព​ខ្ពស់​អាច​ប្រកួត​លើ​ឆាក​អន្តរជាតិ? ដូច្នេះ​យើង​រៀប​ចំចាប់​ពី​ពេល​នេះ​ទៅ ៤​ទៅ​​៥ ​ឆ្នាំ ឬ  ​១០​ឆ្នាំ​ខាង​មុខ យើង​នឹង​មានក្រុម​បាល់ទះ​​នារី​ល្អ​ៗ។ នេះ​ហើយ​ជា​ចក្ខុវិស័យ​របស់​ក្រុម​ហ៊ុន​ដើម្បី​អភិវឌ្ឍ​​​​កីឡា​កម្ពុជាយូរ​អង្វែង»។

ជា​មួយ​គ្នា​នេះ លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និង​ជាអគ្គលេខាធិការនៃ​សហព័ន្ធកីឡា​បាល់ទះ​កម្ពុជា​ បាន​ថ្លែង​ក្នុង​ពិធី​ចាប់​ឆ្នោត​ថា ការ​ប្រកួត​ពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង លើក​ទី​៤​នេះ​​មាន​​ប្រាក់​រង្វាន់​សរុប​ចំនួន ១២៧​លាន​រៀល។

ពូល​ក្រុម​បុរស

លោក​បាន​លើក​ឡើង​ថា កាល​ពី​មុនៗ ក្រុម​ចំណាត់​ថ្នាក់​លេខ ៤ មិន​មាន​ប្រាក់​រង្វាន់​ទេ។ ពួក​គេ​ខិត​ខំ​ណាស់​ឈាន​ដល់​វគ្គ ៤ ក្រុម​ចុង​ក្រោយ។ ពេល​ប្រកួត​ដណ្តើម​ចំណាត់​ថ្នាក់​លេខ​៣មិន​បាន​ជោគជ័យ ហើយ​ទទួល​បាន​លេខ​៤​ដោយ​គ្មាន​ប្រាក់​រង្វាន់។ សហព័ន្ធ​បាន​យក​ប្រាក់​ផ្ទាល់​ខ្លួន​ជូន​ដល់​ក្រុមចំណាត់​ថ្នាក់​លេខ៤​ដើម្បី​ជាការ​លើក​ទឹក​ចិត្ត​ ប៉ុន្តែ​លើក​នេះ ក្រុម​ហ៊ុន​បាន​សម្រេច​ផ្តល់​ប្រាក់​រង្វាន់​ដល់​ក្រុម​ចំណាត់​ថ្នាក់​លេខ៤ចំនួន ៨​លាន​រៀល។

លោកអគ្គលេខាធិការ​រូប​នេះ​បាន​បន្ត​ថា ចំពោះ​វិញ្ញាសា​នារី​វិញ​ដោយ​សារ​ទើប​តែ​ចាប់ផ្តើម​លើក​ដំបូង សមត្ថភាពក្រុម និងកម្រិត​គុណភាព​នៃ​ការ​ប្រកួត​មិន​ទាន់​ខ្ពស់​ទេ ដូច្នេះ​ប្រាក់​រង្វាន់​ក៏​មិន​ទាន់​ខ្ពស់​​ដែរ។ ទោះ​បី​ជា​យ៉ាង​ណា នៅ​ពេល​ខាង​មុខ ប្រសិន​បើ​កម្រិត​គុណភាព​ផ្នែក​នារី​ល្អ​គឺ​ច្បាស់​ណាស់​នឹង​បង្កើន​ប្រាក់​រង្វាន់​ជា​បន្ត​បន្ទាប់។

ពូល​ក្រុម​នារី

ប្រាក់​រង្វាន់​ផ្នែក​បុរស

  • លេខ១៖ ពាន មេដាយ​មាស និង​ថវិកា ៥០ លាន​រៀល
  • លេខ​២៖ មេដាយ​ប្រាក់ និង​ថវិកា ២០ លាន​រៀល
  • លេខ៣៖ មេដាយ​សំរិទ្ធ និង​ថវិកា ១២ លាន​រៀល
  • លេខ៤៖ ថវិកា ៨ លាន​រៀល
  • ពាន​ឯកត្តជន ចំនួន ៨ ពាន ដែលម្នាក់​ៗ​ទទួល​បានថវិកា ១ លាន​រៀល​ដូច​គ្នា

ប្រាក់​រង្វាន់​ផ្នែក​នារី

  • លេខ​១៖ ពាន មេដាយ​មាស និង​ថវិកា ១៥​ លាន​រៀល
  • លេខ​២៖ មេដាយ​ប្រាក់ និង​ថវិកា ៨ លាន​រៀល
  • លេខ​៣៖ មេដាយ​សំរិទ្ធ និង​ថវិកា ៨ លាន​រៀល
  • លេខ​៤៖ ថវិកា ៤ លាន​រៀល

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម