Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ប្រកាសយកពន្ធបន្ថែមលើប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបចំនួន៨ ព្រោះរារាំងមិនឲ្យអាមេរិក ទិញ Greenland

បានផុស

នៅ

ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដូណាល់ ត្រាំ កាន់តែបង្កភាពតានតឹងហើយ តាមរយៈការប្រកាសយកពន្ធបន្ថែមទៀត លើប្រទេសសម្ព័ន្ធមិត្តនៅអឺរ៉ុបចំនួន៨ ដោយសារតែរារាំងមិនឲ្យអាមេរិក ទិញយកកោះ Greenland។

(រូបថត៖ Reuters)

ប្រធានាធិបតីអាមេរិកបង្ហោះសារលើបណ្តាញសង្គម Truth Social​ កាលពីថ្ងៃសៅរ៍ទី១៧ខែមករាឆ្នាំ២០២៦ថា៖ «ពន្ធនាំចូលបន្ថែម១០% នឹងចាប់ផ្ដើមអនុវត្តនៅថ្ងៃទី១ ខែកុម្ភៈ លើទំនិញមកពីប្រទេសចំនួន ៨ នៅអឺរ៉ុប។ ពន្ធទាំងនោះនឹងត្រូវដំឡើងដល់ ២៥ ភាគរយ នៅថ្ងៃទី១ ខែមិថុនា ហើយនឹងបន្តអនុវត្តរហូតទាល់តែមានកិច្ចព្រមព្រៀងសម្រេចបានសម្រាប់សហរដ្ឋអាមេរិក ក្នុងការទិញយកកោះ Greenland»។

លោកត្រាំបន្តថា៖ ប្រទេសទាំងនោះ ដូចជាដាណឺម៉ាក ន័រវែស ស៊ុយអែត បារាំង អាល្លឺុម៉ង់ ចក្រភពអង់គ្លេស ហូឡង់ និងហ្វាំងឡង់ដែលកំពុងលេងល្បែងដ៏គ្រោះថ្នាក់បំផុតនេះ បានដាក់កម្រិតហានិភ័យមួយមកក្នុងសង្វៀន ដែលមិនអាចទ្រាំទ្របាន ឬមិនអាចបន្តទៅមុខទៀតបានឡើយ។ ហេតុដូច្នេះហើយ វាគឺជាការចាំបាច់បំផុតដែលត្រូវមានវិធានការខ្លាំងក្លា ដើម្បីការពារសន្តិភាព និងសន្តិសុខសកល ដើម្បីឲ្យស្ថានភាពដែលប៉ះពាល់ដល់គ្រោះថ្នាក់ដ៏ខ្លាំងក្លាមួយនេះ អាចបញ្ចប់ទៅបានយ៉ាងឆាប់រហ័ស និងដោយគ្មានមន្ទិលសង្ស័យអ្វីឡើយ។

បាតុកម្មប្រឆាំងលោក ត្រាំ នៅ Greenland (រូបថត៖ Reuters)

សូមជម្រាបជាថ្មី សម្រាប់រដ្ឋបាលលោក ត្រាំ, Greenland មិនមែនត្រឹមតែជាផ្ទាំងទឹកកកទេ ហើយមូលហេតុដែលលោក ត្រាំ ចង់បានកោះនេះខ្លាំងព្រោះវាជាទីតាំងយុទ្ធសាស្ត្រសម្រាប់ប្រព័ន្ធការពារមីស៊ីលការពារអាមេរិកពីការវាយប្រហារឆ្លងកាត់ប៉ូលខាងជើង។

លើសពីនេះ Greenland មានផ្ទុកនូវរ៉ែកម្រ ដែលចាំបាច់សម្រាប់បច្ចេកវិទ្យាទំនើប និងអាវុធ ដែលបច្ចុប្បន្នចិនកំពុងគ្រប់គ្រងទីផ្សារនេះ ហើយនៅពេលទឹកកករលាយ ផ្លូវទឹកកាត់តាម Greenland នឹងក្លាយជាផ្លូវពាណិជ្ជកម្មដ៏មមាញឹកបំផុតរវាងអាស៊ី និងអឺរ៉ុប។

បាតុកម្មប្រឆាំងលោក ត្រាំ នៅ Greenland (រូបថត៖ Reuters)

ទោះបីជាយ៉ាងណាក៏ដោយ បំណងរបស់លោកត្រាំក៏ទទួលការរិះគន់និងប្រតិកម្មមិនស្ទើរដែរ ជាពិសេ​សដាណឺម៉ាកតែម្តង។ រដ្ឋាភិបាលទីក្រុងកូប៊ិនហាក បានបញ្ជាក់ជំហរដដែលថា Greenland មិនមែនសម្រាប់លក់ទេ ហើយចាត់ទុកសកម្មភាពរបស់អាមេរិកថាជាការគំរាមកំហែងដល់អធិបតេយ្យភាព។

ចំណែកសហភាពអឺរ៉ុប កំពុងរៀបចំវិធានការយកពន្ធសងសឹក លើទំនិញអាមេរិកវិញ ដែលអាចនាំឲ្យកើតមានសង្គ្រាមពាណិជ្ជកម្មទ្រង់ទ្រាយធំ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម