Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនចិន មានបំណងដាក់ទុនបង្កើតរោងចក្រ នៅកម្ពុជា

បានផុស

នៅ

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយលោក លាំង សុងស៊ូ (Liang Songshou) ប្រធានសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរក្វាងតុង-ហុងកុង-ម៉ាកាវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា វុទ្ធី បានស្វាគមន៍លោក លាំង សុងស៊ូ ដែលបានដឹកនាំគណៈប្រតិភូមកជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាលើកទី២ ដើម្បីបង្ហាញពីវឌ្ឍនភាពការងារ បន្ទាប់ពីជួបជាមួយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីចុងឆ្នាំ២០២៤។

លោកអគ្គលេខាធិការបានលើកឡើងពីកំណើននៃរំហូរវិនិយោគមកពីប្រទេសចិនក្នុងរយៈពេលមួយទសវត្សន៍ចុងក្រោយនេះ ដែលការកើនទ្បើងនៃទំហំវិនិយោគនេះគឺជាការរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។

លោក លាំង សុងស៊ូ បានថ្លែងថា គណៈប្រតិភូដែលអញ្ជើញមកកម្ពុជានាពេលនេះសុទ្ធតែមានបំណងមកបណ្តាក់ទុន​វិនិយោគនៅកម្ពុជា គ្រាដែលក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ សហព័ន្ធបានដឹកនាំក្រុមហ៊ុនជាច្រើនមកធ្វើទស្សនកិច្ចសិក្សា និងស្វែងយល់ពីបរិស្ថានវិនិយោគនៅកម្ពុជា។

ក្រុមហ៊ុនដែលជាសមាជិកសហព័ន្ធ បានសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីបង្កើតរោងចក្រផលិតក្រដាសអនាម័យ សម្ភារៈការិយាល័យ និងថាមពលកកើតឡើងវិញ។

លោកអគ្គលេខាធិការគាំទ្រ និងស្វាគមន៍ចំពោះគម្រោងវិនិយោគដែលលោក លាំង សុងស៊ូ បានលើកឡើង និងបានស្នើឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើវិធានការការពារបរិស្ថាន។

លោកអគ្គលេខាធិការបានផ្តល់អនុសាសន៍ណែនាំឱ្យលោក លាំង សុងស៊ូ ធ្វើការគិតគូរបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលផ្តោតលើការផលិតក្រដាស និងសម្ភារៈការិយាល័យនៅទីតាំងជាក់លាក់ណាមួយ ហើយក្រុមហ៊ុនអាចផលិតថាមពល​កកើតឡើងវិញដើម្បីផ្គត់ផ្គង់ដល់ផលិតកម្មក្នុងតំបន់នោះ។

ម្យ៉ាងទៀត ដើម្បីធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់ ក្រុមហ៊ុនក៏ត្រូវមានការគិតគូរពីការរៀបចំមូលដ្ឋានផលិត ឬខ្សែច្រវាក់ផលិត​កម្មផលិតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេចនៅកម្ពុជាដើម្បីផ្គត់ផ្គង់ដល់ឧស្សាហកម្មនាំចេញ ខណៈការវិនិយោគកែច្នៃកសិផលនៅកម្ពុជាក៏កំពុងមានសក្តានុពលផងដែរ។

អគ្គលេខាធិការបានស្នើឱ្យក្រុមហ៊ុនរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីវិនិយោគនៅគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីឆាប់ទទួលបានផលពីកាលានុវត្តភាពនៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម