Connect with us

ព័ត៌មានជាតិ

អាមេរិកអញ្ជើញកម្ពុជាឱ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ជាការនឹកឃើញដល់កម្ពុជាដែលខិតខំការពារសន្តិភាព

បានផុស

នៅ

និយាយពីសន្តិភាព អន្តរជាតិនឹងនឹកឃើញដល់កម្ពុជា ដែលជាប្រទេសបានខិតខំប្រឹងប្រឹងក្នុងកិច្ចការពារសន្តិភាពទាំងសម្រាប់កម្ពុជាខ្លួនឯង តំបន់ និងទាំងសន្តិភាពពិភពលោក។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ខណៈដែលកម្ពុជាត្រូវបានមេដឹកនាំទីក្រុងវ៉ាស៊ីនតោន អញ្ជើញឱ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ដែលជាគំនិតផ្ដួចផ្ដើមថ្មីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលិខិតផ្ញើមកកាន់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមប្រឹក្សាសន្តិភាព លោកសូមអញ្ជើញជាផ្លូវការព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋសមាជិកស្ថាបនិកក្រុមប្រឹក្សាសន្តិភាព និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព ដែលមានរូបសម្តេចធិបតីផ្ទាល់ជាតំណាង។

ការអញ្ជើញកម្ពុជាបែបនេះពីសំណាក់លោកប្រធានាធិបតី ត្រាំ ត្រូវបានអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា ចាត់ទុកថា ជាកិត្តិយសដ៏ធំធេងមួយសម្រាប់កម្ពុជា។ ជាកិត្តិយសនៅត្រង់ថា ទោះបីជាកម្ពុជា ជាប្រទេសតូចក៏ពិតមែន ប៉ុន្តែពិភពលោកនឹកឃើញកម្ពុជាភ្លាម នៅពេលដែលគេនិយាយពីសន្តិភាព។ លោក ប៉ែន បូណា ថ្លែងដូច្នេះក្នុងសេចក្ដីថ្លែងការណ៍ស្ដីពីបច្ចុប្បន្នភាពនៃការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមករានេះ។

សម្រាប់លោក ប៉ែន បូណា នេះសបញ្ជាក់អំពីគុណតម្លៃនៃសន្តិភាពដែលថ្នាក់ដឹកនាំរបស់កម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងជាស្ថាបនិក និងប្រតិបត្តិករសន្តិភាព ក៏ដូចជាឥស្សរជនរៀមច្បងផ្សេងទៀតបានតស៊ូ និងលះបង់យ៉ាងខ្ពស់បំផុត ដើម្បីទទួលបានសន្តិភាពពេញលេញសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ ហើយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ជាអ្នកបន្តឈរការពារយ៉ាងប្តូរផ្តាច់នូវសន្តិភាព និងចាត់ទុកជាអាទិភាពចម្បងមួយរបស់រាជរដ្ឋាភិបាល។

លោក ប៉ែន បូណា សង្កត់ធ្ងន់ថា សន្តិភាពមិនត្រឹមតែត្រូវបានចាត់ទុកថាមានសារៈសំខាន់សម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ ក៏ប៉ុន្តែថ្នាក់ដឹកនាំកម្ពុជាបានចាត់ទុកសន្តិភាព គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ស្ថិរភាពក្នុងតំបន់ និងក្នុងពិភពលោកទាំងមូល៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម