Connect with us

ព័ត៌មានជាតិ

កម្ពុជាពង្រឹងភាពជាដៃគូជាមួយអង្គការអន្តរជាតិ IJM ដើម្បីប្រឆាំងនឹងអំពើជួញដូរពលកម្មឆ្លងដែន

បានផុស

នៅ

ក្រសួងមហាផ្ទៃកម្ពុជា ពង្រឹងភាពជាដៃគូជាមួយអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងអំពើរត់ពន្ធមនុស្ស។ អនុស្សរណៈនេះ គឺត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ដោយលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស​ និងលោក ជុំ សាឯម នាយកប្រចាំប្រទេសនៃអង្គការ IJM។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុស្សរណៈនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីកំណត់នូវកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលគ្នារវាងក្រសួងមហាផ្ទៃ និងអង្គការ IJM ក៏ដូចជាការពង្រឹងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើរត់ពន្ធមនុស្ស រួមមាន អំពើកេងប្រវ័ញ្ចកម្លាំងពលកម្មក្នុងវិស័យការងារ នេសាទ ស្ត្រីបម្រើតាមផ្ទះ សុំទាន កម្មករសំណង់ រោងចក្រ កសិកម្ម និងឧស្សាហកម្ម ព្រមទាំងអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈ ជាដើម។

អង្គការ IJM បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ដែលបានទុកចិត្ត និងចូលរួមចំណែកយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងអំពើកេងប្រវ័ញ្ចកម្លាំងពលកម្ម ក្នុងបរិបទទេសន្តរប្រវេសន៍។

អង្គការ IJM បញ្ជាក់ថា ខ្លួននឹងបន្តបេសកកម្មជាមួយរដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃ តាមរយៈគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីការពារនូវជនក្រីក្រពីអំពើហិង្សា តាមរយៈការជួយសង្គ្រោះដល់ជនរងគ្រោះ ឧក្រិដ្ឋជនឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ ស្តារនីតិសម្បទា ផ្តល់សុវត្ថិភាពដល់ជនធ្លាប់រងគ្រោះ និងគាំទ្រការកសាងអនាគតប្រកបដោយសុភមង្គលដ៏យូរអង្វែងសម្រាប់មន្ត្រីអនុវត្តច្បាប់។

គួរឱ្យដឹងថា នេះមិនមែនជាកិច្ចសហការលើកដំបូងឡើយ ក៏ប៉ុន្តែក្នុងភាពជាដៃគូរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ក្រសួងមហាផ្ទៃ តាមរយៈគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក៏ធ្លាប់បានចុះអនុស្សរណៈនៃការយោគយល់ជាមួយអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) ស្តីពីសកម្មភាពបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ក្នុងបរិបទទេសន្តរប្រវេសន៍ សម្រាប់ឆ្នាំ២០២៥-២០២៨ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម