Connect with us

ព័ត៌មានជាតិ

តំណាងរដ្ឋមន្ត្រីមហាផ្ទៃ ណែនាំឱ្យពង្រឹងការដាក់ទណ្ឌកម្មខាងវិន័យតាមច្បាប់ផ្អែកលើអង្គហេតុដែលមន្ត្រីរាជការបានប្រព្រឹត្តល្មើសវិន័យ

បានផុស

នៅ

រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមហាផ្ទៃ លោក ម៉ៅ ច័ន្ទតារា តំណាងឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រូវពង្រឹងការអនុវត្តទណ្ឌកម្មខាងវិន័យដោយអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ផ្អែកលើអង្គហេតុដែលមន្ត្រីរាជការបានប្រព្រឹត្តល្មើសវិន័យ និងអំពើឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ និងត្រូវលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងត្រូវពង្រឹងការត្រួតពិនិត្យការស្លៀកពាក់ឯកសណ្ឋានក្នុងម៉ោងបំពេញការងារឱ្យបានត្រឹមត្រូវ។ លោក ណែនាំដូច្នេះ នៅក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងវិន័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារមន្ត្រីរាជការក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកធនធានមនុស្ស បានលើកឡើងក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២ ខែមេសា នេះ ថា ការរៀបចំឱ្យមានកិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពង្រឹងវិន័យ លើកកម្ពស់ឥរិយាបថបំពេញការងារ សីលធម៌ តម្លៃ សេចក្តីថ្លៃថ្នូរ ជំនឿទុកចិត្ត និងកិត្តិយស លើកកម្ពស់ប្រសិទ្ធភាពការងារ ឆន្ទៈម្ចាស់ការ និងស្មារតីទទួលខុសត្រូវក្នុងការរក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងការផ្តល់សេវាសាធារណៈ ស្របតាមការវិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ បង្កើនសមត្ថភាព និងគុណតម្លៃក្រមសីលធម៌វិជ្ជាជីវៈ និងជំរុញឱ្យមានការប្រព្រឹត្ត អំពើល្អក្នុងការបំពេញភារកិច្ច និងលើកកម្ពស់កាតព្វកិច្ច និងមនសិការស្នេហាជាតិរបស់មន្ត្រីរាជការ ដើម្បីធានាឱ្យមានភាពស្មោះត្រង់ និងភក្ដីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា។

នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី លើកឡើងទៀតថា ក្រសួងមហាផ្ទៃ បាននិងកំពុងធ្វើកំណែទម្រង់ធនធានមនុស្សស៊ីជម្រៅដល់មន្ត្រីរាជការទាំង៣ក្របខ័ណ្ឌ (មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ) ទទួលបានលទ្ធផលវិជ្ជមានគួរឱ្យកត់សម្គាល់ជាអាទិ៍៖ មន្ត្រីរាជការមានវិន័យ និងស្មារតីទទួលខុសត្រូវកាន់តែប្រសើរឡើង, ការជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការ ត្រូវបានអនុវត្តតាមនិយាមនីតិវិធីប្រតិបត្តិ(SOP) តាមតម្រូវការ អង្គភាពសាមីនីមួយៗ និងទទួលបានការបណ្តុះបណ្តាលជំនាញត្រឹមត្រូវ, ការគ្រប់គ្រងវត្តមាន និងការសុំច្បាប់ឈប់សម្រាក ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព និងការអនុវត្តទណ្ឌកម្មខាងវិន័យ ត្រូវបានអនុវត្តស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។

ទោះបីទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់យ៉ាងណាក្តី នាយឧត្តមសេនីយ៍ សេង ផល្លី ក៏បានសង្កេតឃើញថា នៅតែមានមន្ត្រីរាជការមួយចំនួនតូចមិនទាន់បានគោរពវិន័យបានម៉ឺងម៉ាត់ ដូចជា អវត្តមាន អាកប្បកិរិយាមិនសមរម្យក្នុងម៉ោងការងារ និងតាមបណ្តាញទំនាក់ទំនងសង្គម ការស្លៀកពាក់ ឯកសណ្ឋានមិនត្រឹមត្រូវជាដើម។

ក្នុងកិច្ចប្រជុំនេះដែរ តំណាងរបស់ប្រមុខមហាផ្ទៃ លោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ បានបន្តជំរុញ ការងារកំណែទម្រង់ធនធានមនុស្សក្រសួងមហាផ្ទៃឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក «មនុស្ស» ជាអាទិភាពគន្លឹះទី១ ដែលមន្ត្រីរាជការជាតួអង្គស្នូលដ៏សំខាន់ក្នុងការអនុវត្តច្បាប់ គោលនយោបាយ និងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។ 

រដ្ឋលេខាធិការប្រចាំការ លោក ម៉ៅ ច័ន្ធតារា បានផ្តល់អនុសាសន៍ណែនាំផ្តាំផ្ញើសំខាន់ៗដល់អង្គភាពចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានី-ខេត្ត ដើម្បីបន្តពង្រឹងវិន័យ និងលើកកម្ពស់ប្រសិទ្ធភាពការងារមន្ត្រីរាជការដូចជាបន្តយកចិត្តទុកដាក់ពង្រឹងវិន័យដល់មន្ត្រីរាជការក្រោមឱវាទបន្ថែមទៀត និងបន្តគ្រប់គ្រងវត្តមានមន្ត្រីរាជការមកបំពេញការងារប្រចាំថ្ងៃឱ្យបានម៉ឺងម៉ាត់ តាមប្រព័ន្ធកម្មវិធី វត្តមាន ក្រសួងមហាផ្ទៃ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ។

ជាកិច្ចបញ្ចប់នៃកិច្ចប្រជុំនោះ លោក ម៉ៅ ច័ន្ទតារា បានលើកទឹកចិត្ត និងជំរុញឱ្យអគ្គនាយកដ្ឋានធនធានមនុស្ស បន្តសហការល្អជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានី ខេត្ត ខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ មានឆន្ទៈមនសិការខ្ពស់ក្នុងការសហការដឹកនាំ ដើម្បីអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត តាមតួនាទីភារកិច្ចរៀងៗខ្លួន និងផែនការយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ ឱ្យសម្រេចបានជោគជ័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម