Connect with us

ព័ត៌មានជាតិ

ពលរដ្ឋភូមិ ៣ សង្កាត់ស្មាច់មានជ័យ ទទួលបានផ្លូវបេតុងថ្មី ១ ខ្សែ គ្រាផ្លូវចាស់រងការខូចខាតខ្លាំង

បានផុស

នៅ

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ ៣ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ផ្តើម​ទទួល​បាន​ផ្លូវ​បេតុង​ថ្មី ១ ខ្សែ ប្រវែង​ជិត ១ គីឡូម៉ែត្រ គ្រា​ផ្លូវ​ចាស់​បច្ចុប្បន្ន​រង​ការ​ខូចខាត​លំបាក​ធ្វើដំណើរ។ ទន្ទឹម​នោះ ពលរដ្ឋ ក៏​ស្នើ​អាជ្ញាធរ ជួយ​ស្តារ​ប្រឡាយ​ធម្មជាតិ ដើម្បី​រំដោះ​ការ​ជន់​លិច​រដូវវស្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវ​បេតុង​ដែល​រង​ការ​ខូចខាត​រហូត​ដល់​ឡើង​ចេញ​សរសៃ​ដែក កំពុង​ត្រូវ​បាន​ស្ថាបនា​ថ្មី​ជំនួស​វិញ ដើម្បី​បម្រើការ​ធ្វើដំណើរ​ទៅ​មក​ប្រកប​ដោយ​សុវត្ថិភាព ក្រោម​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋបាល​ខេត្ត​កោះកុង សម្រាប់​ឆ្នាំ ២០២៦ នេះ។

អ្នកស្រី ធារី និង​លោក សុខ សារឹម ជា​ពលរដ្ឋ​ភូមិ ៣ សង្កាត់​ស្មាច់មានជ័យ បាន​លើក​ឡើង​កាលពី​ថ្ងៃ​ទី ២២ ខែ​មករា ឆ្នាំ ២០២៦ ថា បច្ចុប្បន្ន ផ្លូវ​បេតុង​មុខ​ផ្ទះ​របស់​ពួកគាត់​រង​ការ​ខូចខាត​ខ្លាំង​ណាស់​រហូតដល់​ចេញ​សរសៃ​ដែក​ទៀត​ផង ដែល​ងាយ​ប្រឈម​គ្រោះថ្នាក់​ពេល​ធ្វើ​ដំណើរ​ម្តងៗ ប៉ុន្តែ​ពេលនេះ​បាន​ឃើញ​រដ្ឋបាល​ខេត្ត​កោះកុង ចុះ​មក​កសាង​ផ្លូវ​បេតុង​ថ្មី ប្រវែង​ជិត ១ គីឡូម៉ែត្រ នេះ គឺ​ត្រេកអរ​យ៉ាង​ខ្លាំង ព្រោះ​បាន​ផ្លូវ​ស្អាត​ល្អ ងាយស្រួល​ចរាចរណ៍ លែង​លំបាក មិន​ថា​យប់ ឬ​ថ្ងៃ នោះ​ទេ។

តំណាង​ពលរដ្ឋ ក៏​សូម​ថ្លែង​អំណរ​អរគុណ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ ដែល​យក​ចិត្ត​ទុក​ដាក់​កសាង​ផ្លូវ​បេតុង​ជូន​ពលរដ្ឋ ហើយ​ពួកគាត់​ជឿជាក់​ថា ផ្លូវ​រង​ការ​ខូចខាត​ដទៃ​ទៀត​ក្នុង​ក្រុង​ខេមរភូមិន្ទ នឹង​ត្រូវ​ជួសជុល​កែលម្អ​ឲ្យ​ល្អ​ប្រសើរ​ដូចគ្នា​ដែរ។ ទោះ​យ៉ាងណា ពលរដ្ឋ ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ បន្ត​ជួយ​ស្តារ​ប្រឡាយ​លូ​ធម្មជាតិ​បន្ថែម មិន​ដូច្នេះ​ទេ រដូវវស្សា​អាច​នឹង​ជន់​លិច ថ្វីត្បិត​បាន​ផ្លូវ​បេតុង​ថ្មី​ល្អ​ស្អាត​ក៏ដោយ។

លោក អ៊ូច ពន្លក នាយក​ទីចាត់ការ​ផែនការ និង​វិនិយោគ​របស់​រដ្ឋបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា បេតុង ១ ខ្សែ កំពុង​ស្ថាបនា​នេះ មាន​ប្រវែង ៩៨១ ម៉ែត្រ និង​ទទឹង ៧ ម៉ែត្រ អម​ដោយ​ការ​ដាក់​ប្រព័ន្ធ​លូ​មុខ​កាត់​ថ្មី​ប្រវែង ៦៧២ ម៉ែត្រ ទៀត​ផង។ គម្រោង​ស្ថាបនា​ផ្លូវ​បេតុង​នេះ​ស្ថិត​នៅ​ក្រោម​មូលនិធិ​អភិវឌ្ឍន៍​របស់​សាលាខេត្ត ដើម្បី​លើក​កម្ពស់​សោភ័ណភាព និង​សុវត្ថិភាព​រាល់​ការ​ធ្វើដំណើរ​ជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន។

លោក អ៊ូច ពន្លក អះអាង​ដែរ​ថា គម្រោង​នេះ នឹង​បញ្ចប់​នា​ពេល​ឆាប់ៗ ខាងមុខនេះ សំដៅ​ធ្វើ​យ៉ាងណា​អាច​ឲ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកទេសចរ ឆាប់​បាន​ធ្វើ​ដំណើរ​ងាយស្រួល។ ខណៈ​មាន​ការ​ស្ថាបនា​ផ្លូវ​ខាងលើ រដ្ឋបាល​ខេត្ត​កោះកុង ក៏​កំពុង​តែ​អ៊ុត​ផ្លូវ​កៅស៊ូ​ចំនួន ៤ ខ្សែ បន្ថែម​ផ្សេងទៀត ក្នុង​ក្រុង​ខេមរភូមិន្ទ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម