ព័ត៌មានអន្ដរជាតិ
អាមេរិកគំរាមរំលាយកិច្ចព្រមព្រៀង NORAD បើកាណាដាលុបចោលការទិញ F-35
សហរដ្ឋអាមេរិកបានចេញការព្រមានយ៉ាងធ្ងន់ៗទៅកាន់ប្រទេសកាណាដា ដោយលើកឡើងថា កិច្ចព្រមព្រៀងបញ្ជាការដ្ឋានការពារដែនអាកាសអាមេរិកខាងជើង (NORAD) ដែលមានវ័យចំណាស់រាប់ទសវត្សរ៍មកហើយនោះ អាចនឹងត្រូវផ្លាស់ប្តូរ បើរដ្ឋាភិបាលទីក្រុងអូតាវ៉ាបោះបង់ការប្តេជ្ញាចិត្តក្នុងការទិញយន្តហោះចម្បាំង F-35 ចំនួន ៨៨គ្រឿងពីក្រុមហ៊ុន Lockheed Martin។

ចុះផ្សាយថ្ងៃទី២៧ខែមករាឆ្នាំ២០២៦ សារព័ត៌មាន Independent បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកាណាដា លោក Pete Hoekstra បានបញ្ជាក់ថា រាល់ការកាត់បន្ថយចំនួនយន្តហោះចម្បាំងរបស់កាណាដា នឹងបង្កើតឲ្យមាន «ចន្លោះប្រហោង» ផ្នែកសន្តិសុខ ដែលតម្រូវឲ្យអាមេរិកបង្ខំចិត្តចូលទៅបំពេញបន្ថែម។ ករណីនេះអាចបណ្តាលឲ្យមានអន្តរាគមន៍យោធាពីសំណាក់អាមេរិកក្នុងដែនអាកាសកាណាដាកាន់តែញឹកញាប់ និងតម្រូវឲ្យមានការចរចាឡើងវិញលើកិច្ចព្រមព្រៀងការពារជាតិ តាំងពីសម័យសង្រ្គាមត្រជាក់ ដើម្បីធានាសន្តិសុខទ្វីប។
សម្ពាធការទូតនេះ បានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានសម្រេចចិត្តពិនិត្យឡើងវិញលើកម្មវិធីយន្តហោះចម្បាំងនេះ ក្រោយពីការចំណាយបានហក់ឡើងពី ១៩ពាន់លានដុល្លារ ដល់ ២៧.៧ពាន់លានដុល្លារ។ ស្របពេលដែលមានការពន្យារពេលក្នុងការផលិត និងភាពតានតឹងផ្នែកពាណិជ្ជកម្ម រួមទាំងការគំរាមកំហែងពន្ធពីប្រធានាធិបតី ដូណាល់ ត្រាំ កាណាដាត្រូវបានគេរាយការណ៍ថា កំពុងស្វែងរកជម្រើសផ្សេងទៀត ដូចជាយន្តហោះចម្បាំង Saab JAS 39 Gripen E របស់ប្រទេសស៊ុយអែតជាដើម។

មន្ត្រីកាណាដា រួមទាំងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លោកស្រី Mélanie Joly បានបង្ហាញចំណាប់អារម្មណ៍លើការផ្តល់ជូនរបស់ក្រុមហ៊ុន Saab ក្នុងការផលិតយន្តហោះនៅក្នុងប្រទេសកាណាដាផ្ទាល់ ដែលអាចបង្កើតការងារបានជាង ១២ ០០០កន្លែង។
ទោះជាយ៉ាងណាក៏ដោយ លោកឯកអគ្គរដ្ឋទូត Hoekstra បានច្រានចោលជម្រើសរបស់ស៊ុយអែត ដោយចាត់ទុកថាជា «ផលិតផលមានគុណភាពទាប» និងខ្វះសមត្ថភាពការងាររួមគ្នាដូចយន្តហោះ F-35។ លោកបានសង្កត់ធ្ងន់ថា ការប្តូរទៅប្រើប្រាស់យន្តហោះផ្សេងនឹងធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពការពារជាតិរួមគ្នា ដែលតម្រូវឲ្យសហរដ្ឋអាមេរិកត្រូវបង្កើនការទិញយន្តហោះ F-35 ដោយខ្លួនឯង ដើម្បីការពារព្រំដែនភាគខាងជើង។
ព្រឹត្តិការណ៍នេះ គឺជាការបង្កើនសម្ពាធជាថ្មីពីសំណាក់មន្ត្រីអាមេរិកទៅលើសម្ព័ន្ធមិត្ត ចំពោះការចំណាយលើវិស័យការពារជាតិ និងការទិញសព្វាវុធ ដែលស្រដៀងនឹងភាពតានតឹងនាពេលថ្មីៗនេះរវាងទីក្រុងវ៉ាស៊ីនតោន និងដៃគូអឺរ៉ុបផ្សេងៗទៀតផងដែរ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


