Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រីការពារជាតិ អាល្លឺម៉ង់ ស្នើត្រាំ សុំទោស រឿងប្រមាថទាហាន ណាតូ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius កាលពីថ្ងៃទី២៦មករា បានអំពាវនាវឲ្យប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សុំទោសចំពោះការលើកឡើងថា សម្ព័ន្ធមិត្តណាតូនៅអាហ្វហ្គានីស្ថានបានចៀសវាងការបម្រើកងទ័ពនៅជួរមុខ ដោយទទួលនូវការរិះគន់និងអាក់អន់ចិត្តយ៉ាងខ្លាំងពីអ្នកនយោបាយអឺរ៉ុប និងអតីតយុទ្ធជនកងទ័ព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius(រូបភាព៖Reuters)

នៅក្នុងបទសម្ភាសន៍ជាមួយ Fox News ក្នុងទីក្រុង Davos ប្រទេសស្វីសកាលពីសប្តាហ៍មុន លោកត្រាំបានលើកឡើងថា សហរដ្ឋអាមេរិកមិនដែលត្រូវការការគាំទ្រពីសម្ព័ន្ធមិត្តទេ ហើយណាតូកំពុងដើរថយក្រោយ ដោយនៅឆ្ងាយពីជួរមុខបន្តិច ក្នុងសង្គ្រាមដែលដឹកនាំដោយទីក្រុងវ៉ាស៊ីនតោននៅអាហ្វហ្គានីស្ថាន។

ឆ្លើយតបទៅនឹងទូរទស្សន៍សាធារណៈអាល្លឺម៉ង់ ARD រដ្ឋមន្ត្រី Pistorius បានបដិសេធយ៉ាងខ្លាំងថា នោះជាការយល់ខុសទាំងស្រុង និងមិនគោរពនៅពេលនិយាយអំពីការលះបង់របស់សម្ព័ន្ធមិត្តតាមរបៀបនេះ។ ពួកគេឈរនិងគាំទ្រអាមេរិកជាខ្លាំង។ សេចក្តីថ្លែងការណ៍ផ្ទុយពីនេះ នៅថ្ងៃនេះគឺមិនពិតទេ។ ដូច្នេះហើយ លោកនឹងលើកឡើងពីបញ្ហាចម្រូងចម្រាសនៅក្នុងការផ្លាស់ប្តូរនាពេលខាងមុខជាមួយរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក Pete Hegseth ហើយថា ការសុំទោសពីប្រធានាធិបតីត្រាំ នឹងជា «សញ្ញានៃសេចក្តីសប្បុរស ការគោរព និងការយោគយល់»។

សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ក៏ស្រដៀងគ្នាទៅនឹងការរិះគន់ពីមេដឹកនាំអឺរ៉ុបដទៃទៀតដែរ។ នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បានចោទប្រកាន់ត្រាំ ដោយមើលស្រាលការចូលរួមចំណែករបស់ទាហានអង់គ្លេស និងហៅសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិកថា «គួរឲ្យភ្ញាក់ផ្អើលណាស់»។

សូម្បីតែនាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni បានហៅការអត្ថាធិប្បាយទាំងនេះថា មិនអាចទទួលយកបានឡើយ ហើយការចូលរួមរបស់ណាតូគឺជា ទង្វើសាមគ្គីភាពដ៏អស្ចារ្យសម្រាប់សហរដ្ឋអាមេរិក។

ចក្រភពអង់គ្លេសគឺជាមហាអំណាចលោកខាងលិចធំជាងគេទីពីរនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលមានកម្លាំងកងទ័ពអតិបរមាប្រហែល ១១,០០០ នាក់ក្នុងឆ្នាំ ២០១១។ ជាក់ស្ដែង ទាហានអង់គ្លេសសរុបចំនួន ៤៥៧នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងពេលជម្លោះមួយនេះ។ ចំណែក កងទ័ពអាល្លឺម៉ង់ប្រមាណជា ៥៩ នាក់ ត្រូវបានសម្លាប់ដូចគ្នាដែរ។

យ៉ាងណា ដោយសារតែប្រតិកម្មខ្លាំងពេក លោកត្រាំហាក់បន្ទន់ឥរិយាបទជាងមុន នៅពេលទទួលស្គាល់តួនាទីរបស់យោធាអង់គ្លេស។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍ដំបូងរបស់លោក នៅតែបណ្តាលឲ្យសម្ព័ន្ធមិត្តណាតូជាច្រើនទៀតមានអារម្មណ៍អន់ចិត្តនិងចង់ឲ្យមេដឹកនាំរូបនេះសុំទោសជាសាធារណៈ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

នាយករដ្ឋមន្ត្រី អង់គ្លេស ស្នើលោកត្រាំ គួរតែសុំទោស ដែលប្រមាថទាហាន ណាតូ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម