Connect with us

សេដ្ឋកិច្ច

​NBC៖ វិស័យ​អចលនទ្រព្យ​បន្ត​កំណើន​យឺត​ក្នុងឆ្នាំ២០២៥

បានផុស

នៅ

វិស័យអចលនទ្រព្យ​ត្រូវបានប៉ាន់ស្មានថា ​បន្តមានកំណើនយឺត នៅក្នុងឆ្នាំ ២០២៥ ​ត្រឹម ០,៥% ធៀបនឹង ០,៩% ក្នុងឆ្នាំ ២០២៤ ដែលរួមចំណែកគាំទ្រដោយការកើនឡើងសកម្មភាពលក់ផ្ទះ និង​ការ​ផ្គត់ផ្គង់ខុដូដែលមានតម្លៃសមរម្យក្នុងទីផ្សារ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ខណៈថ្លៃអចលន​ទ្រព្យ​មានការថយមថយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាមរបាយការណ៍របស់ធនាគារជាតិ ការលក់ផ្ទះ បានកើនឡើង ៣០,៥% ក្នុងឆ្នាំ ២០២៥ ដែល​ជំរុញដោយតម្រូវការអចលនទ្រព្យ ដែលមានតម្លៃសមរម្យ និងភាពងាយស្រួលជាងមុនក្នុងការ​កក់ប្រាក់ដំបូង ខណៈការលក់ ខុនដូថយចុះ ១៩,៦%។

​សន្ទស្សន៍ថ្លៃលំនៅឋាន (RPPI) បានថយចុះជាមធ្យម ៣,៤% ដែលក្នុងនោះនៅរាជធានីភ្នំពេញ​បាន​ថយ​ចុះ ៣,៦% ​និង​នៅតាមបណ្ដាខេត្តថយចុះ ១,៩%។ ឥណទានពីប្រព័ន្ធធនាគារ​សម្រាប់ទិញ​លំ​នៅ​ឋានជា​កម្មសិទ្ធផ្ទាល់ខ្លួន ត្រូវបានប៉ាន់ស្មានថាធ្លាក់ចុះមកត្រឹម ៩%។​

​លោកបណ្ឌិត ​គីម ​ហ៊ាង ​នាយកប្រតិបត្តិ KW Cambodia បានឱ្យដឹងថា កាលពីដើមឆ្នាំ ២០២៥ ​ការលក់ចេញបុរី ខុនដូ មានកំណើន ​ប៉ុន្តែនៅពេលដែលផ្ទុះសង្គ្រាម ​កម្ពុជា-ថៃ ​ការលក់​ហាក់​មាន​ភាព​តឹងតែង។​

​លោកបណ្ឌិត ​គីម ​ហ៊ាង បន្ថែមថា​៖ «​វិបត្តិអចលនទ្រព្យកម្ពុជា ​បានកើតឡើង ​តាំងពីផ្ទុះកូវីដ-១៩ ​សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ​ហើយនៅដើមឆ្នាំ ២០២៥ ​ឃើញឡើងវិញ ​ដល់ចាប់ពីខែ ៦ មក ​វាចាប់ផ្ដើម​ត្រឡប់ទៅដូច ​ឆ្នាំ ២០២៣ ឬ២០២៤ បើថាធ្លាក់គឺវាមិនធ្លាក់ទេ គ្រាន់តែវាមិនឡើងវិញ ហើយ​ការ​ទិញ-លក់មានភាពតឹងតែង»។​

​លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong ​មានប្រសាសន៍ថា ​ស្ថានភាព​អចល​ន​ទ្រព្យមានកំណើនយឺត ​ប៉ុន្តែ​ចេះតែដំណើរការបន្តិចម្ដងៗ ​ខណៈស្ថានភាពនៃការប្រឈមវិបត្តិ​សាកល និងតំបន់​នឹងបន្តនៅក្នុងឆ្នាំ ២០២៦​។

លោកស្រី ​គឹម គិនកេសា នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia មានប្រសាសន៍ថា ផ្នែកទីផ្សារលំ​នៅ​ឋាន និងដីធ្លី ការផ្គត់ផ្គង់នៅ​មានច្រើនទាំងបុរី និងខុដូ ដែលមិនទាន់លក់អស់ តម្លៃនៅបន្តទាបនៅឡើយ ហើយម្ចាស់​គម្រោង​គាត់នៅបន្តលក្ខខណ្ឌបង់រំលោះ ឬក៏ប្រមូសិនផ្សេងៗ។ គម្រោងបើកលក់ថ្មីយឺតជាងមុន វាធ្វើឱ្យទីផ្សារចាប់ផ្ដើមទិញយកគម្រោង​ដែល​នៅសល់ចាស់ៗ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម