Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល៖ សេវាសុខាភិបាលឯកជនជាង១ពាន់កន្លែងត្រូវបានបិទក្នុងឆ្នាំ២០២៥

បានផុស

នៅ

ក្រសួងសុខាភិបាលបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ មានសេវាសុខាភិបាលឯកជនប្រមាណជាង១ពាន់ទីតាំងត្រូវបានបិទទ្វារលែងឱ្យដំណើរការ ដោយសារសេវាឯកជនទាំងនោះបានអនុវត្តផ្ទុយពីច្បាប់ និងបទបញ្ញាតរបស់ក្រសួងសុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឱ្យដឹងថា សេវាសុខាភិបាលឯកជនដែលបានបិទទ្វារជាង១ពាន់កន្លែងក្នុងចំនួន១០១៤កន្លែង ជាសេវាសុខាភិបាលឯកជនប្រភេទបន្ទប់ថែទាំ ព្យាបាល និងពិគ្រោះជំងឺ និង ប្រភេទមន្ទីរពហុព្យាបាល/សម្រាកព្យាបាល/ព្យាបាល មន្ទីរពិសោធន៍វេជ្ជសាស្ត្រ និងមជ្ឈមណ្ឌលកែសម្ផស្ស សរុប ៦៨កន្លែង។ លទ្ធផលនេះបញ្ជាក់ពីប្រសិទ្ធភាពនៃការពង្រឹងអនុលោម ភាពនិយ័តកម្ម និងស្មារតីភ្ញាក់រលឹករបស់អ្នកផ្តល់សេវាឯកជនជាច្រើនដែលស្ម័គ្រចិត្តបិទដោយខ្លួនឯង។

លោកវេជ្ជបណ្ឌិត បានបន្តថា ក្រៅពិនេះក្រសួងបានធ្វើការពិន័យអន្តរការណ៍ចំពោះគ្រឹះស្ថានអាហរ័ណ-នីហរ័ណឱសថ គ្រឹះស្ថានអាហរ័ណ-នីហរ័ណផលិត ផលគ្រឿងសម្អាង ឱសថស្ថាន មជ្ឈមណ្ឌលថែរក្សាសម្ផស្ស និងទីតាំងលក់ឱសថ និងគ្រឿងសម្អាង ចំនួន១០៨ករណី បិទមជ្ឈមណ្ឌលថែរក្សាសម្ផស្ស ២កន្លែង និងគ្រឹះស្ថានអាហរ័ណ-នីហរ័ណផលិតផល គ្រឿងសម្អាង ១កន្លែង លុបបញ្ជីកាឱសថបុរាណ ១មុខ និងធ្វើនិយ័តលើទីតាំងចែកចាយ ឬលក់ឱសថ គ្មានលេខបញ្ជីកា ឬក្លែងក្លាយ ៦ទីតាំង និងបានបញ្ជូនសំណុំរឿង និងជនសង្ស័យទៅតុលាការផងដែរ។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា ជាមួយគ្នានេះក្នុងឆ្នាំ២០២៥កន្លងទៅ ក្រសួងក៏បានបញ្ជួនក្រុមការងារអធិការកិច្ចចុះអធិការកិច្ចលើបាតុភាពដែលបានកើតឡើងទាក់ទងនឹងការងារគ្រប់គ្រង កិច្ចការរដ្ឋបាល បុគ្គលិក បច្ចេកទេស និងឱសថ បានចំនួន ២២ករណីក្នុងនោះរួមមានផ្នែកសាធារណៈ ៨ករណី និងផ្នែកឯកជន ១៤ករណី។

ក្នុងការពង្រឹងអនុលោមភាពនិយ័តកម្ម និងការទទួលយកបានគុណភាពសេវាថែទាំសុខភាព ពីសំណាក់ ប្រជាពលរដ្ឋនៅឆ្នាំ២០២៦នេះក្រសួងសុខាភិបាលនឹងបន្តយន្តការតាមដានវាយតម្លៃ និងលើកកម្ពស់គុណភាពសេវានៅក្នុងមូលដ្ឋាន សុខាភិបាលសាធារណៈកំពុងបន្តពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ការបង្កើតប្រព័ន្ធទទួលស្គាល់គុណភាព សេវាថែទាំសុខភាពនៅកម្ពុជា សកម្មភាពតាមដានវាយតម្លៃ គុណភាព និងសុវត្ថិភាពអ្នកជំងឺ នៅ ក្នុងទិដ្ឋភាពគ្លីនិកនៃការថែទាំព្យាបាល ជាពិសេសនៅមន្ទីរពេទ្យ និងគ្រឹះស្ថានផ្តល់សេវាថែទាំព្យាបាល ឯកជន ត្រូវផ្សាភ្ជាប់ជាមួយសកម្មភាពអភិបាលកិច្ចគ្លីនិក ដើម្បីលើកស្ទួយគណនេយ្យភាពរបស់អ្នក ផ្តល់សេវាលើគុណភាព និងសុវត្ថិភាពសេវាដែលបានផ្តល់ជូនអ្នកជំងឺ ឬអ្នកប្រើប្រាស់ ស្របតាម បទដ្ឋានស្តង់ដាបច្ចេកទេស ឬពិធីសារគ្លីនិក និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម