Connect with us

ព័ត៌មានអន្ដរជាតិ

តើដំណើរទស្សនកិច្ចទៅចិនរបស់លោក Starmer ទទួលផ្លែផ្កា ឬផ្សះផ្សាភាពមិនចុះសម្រុងពីមុន?

បានផុស

នៅ

ជាលើកដំបូងក្នុងរយៈពេលជាង៨ឆ្នាំ ដែលនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនកាលពីសប្តាហ៍មុន ដោយទាក់ទាញការចាប់អារម្មណ៍ពីមេដឹកនាំពិភលោកជាច្រើន។ ប៉ុន្តែជាក់ស្ដែង មិនសូវទទួលបានផ្លែផ្កាអ្វីជាដុំកំភួននោះទេ ដោយគ្រាន់តែផ្សះផ្សាភាពមិនចុះសម្រុងកាលពីអតីតកាលតែប៉ុណ្ណោះ។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីមុនមក មិនត្រឹមតែមានការផ្លាស់ប្តូរអំណាចនៅអង់គ្លេស ពីគណបក្សអភិរក្សនិយមទៅគណបក្សពលកម្ម និងនាយករដ្ឋមន្ត្រីជាច្រើនរូបដែលបានបម្រើការជារាជានុសិទ្ធិ ហើយបន្ទាប់មកបានចាកចេញប៉ុណ្ណោះទេ ប៉ុន្តែក៏មានការខ្វែងគំនិតគ្នាយ៉ាងជ្រាលជ្រៅ និងភាពមិនចុះសម្រុងគ្នានៅក្នុងទំនាក់ទំនងរវាងអង់គ្លេស និងប្រទេសចិនដ៏យូរអង្វែងផងដែរ។

លោក Starmer បានថ្លែងថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក គឺដើម្បីចាប់ផ្តើមទំនាក់ទំនងទ្វេភាគីឡើងវិញ ក្រោយល្អក់កករ។ ក្នុងនាមជាមនុស្សម្នាក់មកពីក្រុមនយោបាយផ្សេងគ្នា លោកមិនមានភាពឆ្គងដូចអ្នកកាន់តំណែងមុនៗអភិរក្សនិយមនោះទេ។ ទោះជាយ៉ាងណាក៏ដោយ កត្តាដ៏សំខាន់ និងសម្រេចចិត្តបំផុតនោះគឺថា មេដឹកនាំរូបនេះស្ទើរតែគ្មានអំណាចក្នុងការធ្វើអ្វី ក្រៅពីស្វែងរកមធ្យោបាយដើម្បីធ្វើឲ្យទំនាក់ទំនងអង់គ្លេសជាមួយចិន មានភាពកក់ក្តៅជាងមុនតែប៉ុណ្ណោះ។

នៅក្នុងដំណើរទស្សនកិច្ចនេះទៀតសោត ត្រូវបានបង្ហាញដោយកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាល Starmer ដើម្បីអនុញ្ញាតឲ្យចិនសាងសង់ស្ថានទូតរបស់ខ្លួននៅទីក្រុងឡុងដ៍ ដែលជាស្ថានទូតចិនធំជាងគេនៅអឺរ៉ុប។ សូម្បីតែមុនពេលមកដល់ចិន លោក Starmer បានធ្វើកាយវិការដើម្បីផ្គាប់ចិត្តចិនរួចហើយ ដោយបង្កើតបរិយាកាសនយោបាយដ៏រួសរាយរាក់ទាក់ និងអំណោយផលសម្រាប់ដំណើរទស្សនកិច្ចនេះ ជាពិសេស និងសម្រាប់ការចាប់ផ្តើមទំនាក់ទំនងឡើងវិញរវាងប្រទេសទាំងពីរ។

ជាការកត់ម្គាល់ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសមានទំនោរមើលឃើញដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិនថា មិនទទួលបានជោគជ័យសោះ ដោយសមិទ្ធផលមានតិចតួចបំផុត និងស្រពិចស្រពិល ខណៈពេលដែលអ្នកកាន់តំណែងមុន បានប្រឈមមុខនឹងភាពតានតឹងជាមួយចិនអស់រយៈពេលយូរមកហើយ ធ្វើឲ្យទីក្រុងប៉េកាំងមិនពេញចិត្ត។ តែដំណើរទស្សនកិច្ចរបស់លោក Starmer គឺខុសគ្នា គាត់បានផ្តល់អាទិភាពដល់កិច្ចខិតខំប្រឹងប្រែងក្នុងការចាប់ផ្តើមទំនាក់ទំនងរបស់អង់គ្លេសជាមួយចិនឡើងវិញ។

ជាដំបូង និងសំខាន់បំផុត លោក Keir Starmer ត្រូវការចិនជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយសារភាពស្មុគស្មាញនៃទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលជាដៃគូសំខាន់បំផុតពីររបស់ខ្លួនរហូតមកដល់បច្ចុប្បន្ន។ នៅក្នុងបរិបទនេះ ចិនមិនត្រឹមតែមានសក្តានុពលក្នុងការទូទាត់សងសម្រាប់ការខ្វះខាតនៅក្នុងសេដ្ឋកិច្ចអង់គ្លេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួជាទម្ងន់ទប់ទល់ផងដែរ ដែលផ្តល់ឲ្យលោក Starmer នូវភាពបត់បែនកាន់តែច្រើនក្នុងការគ្រប់គ្រងទំនាក់ទំនងជាមួយអាមេរិក និងសហភាពអឺរ៉ុប។

អ្វីដែលលោក Starmer មិនអាចមិនអើពើបាន និងអ្វីដែលជំរុញឲ្យគាត់ជំរុញអង់គ្លេសឲ្យកាន់តែខិតជិតប្រទេសចិន គឺបរិបទអន្តរជាតិបច្ចុប្បន្ន។ ទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ចសកល ជាពិសេសគោលនយោបាយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងរៀបចំឡើងវិញនូវទំនាក់ទំនងអន្តរជាតិ និងពាណិជ្ជកម្មពិភពលោក ដោយចិនកំពុងលេចចេញជាគោលដៅដ៏ទាក់ទាញសម្រាប់ដៃគូដែលប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ច និងពាណិជ្ជកម្មពីទីក្រុងវ៉ាស៊ីនតោន។

មេដឹកនាំនៃសេដ្ឋកិច្ចលោកខាងលិចជាច្រើនបានទៅទស្សនាប្រទេសចិនម្តងហើយម្តងទៀត ខណៈដែលសហភាពអឺរ៉ុបក៏កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកដៃគូថ្មីនៅទូទាំងពិភពលោក។ ការពិតនោះបានបង្ខំឲ្យលោក Starmer ធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ដោយចៀសវាងស្ថានភាព «មកយឺតផឹកទឹកភក់ ឬទទួលបានតែរបស់អន់ជាងគេ» ខណៈអ្នកដទៃបានយករបស់ល្អបំផុតទៅអស់។

ចិនក៏ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការចាប់ផ្ដើមទំនាក់ទំនងជាមួយអង់គ្លេសឡើងវិញ។ នេះអនុញ្ញាតឲ្យទីក្រុងប៉េកាំងបង្កើតគម្លាតរវាង អង់គ្លេស និងអាមេរិក ដែលក្នុងពេលជាមួយគ្នានេះ លើកទឹកចិត្តសហភាពអឺរ៉ុបជាទូទៅ សមាជិករបស់ខ្លួនជាពិសេស និងដៃគូផ្សេងទៀតឲ្យពង្រឹងទំនាក់ទំនងជាមួយប្រទេសចិន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

លោក Medvedev៖ អាមេរិកចង់បាន Greenland ពេក ដោយរុញអឺរ៉ុប ធ្លាក់ចូលជ្រោះដ៏ជ្រៅ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម