អត្ថាធិប្បាយ
បណ្ឌិត គិន ភា ស្រាយចម្អល់«សម្តេច ហ៊ុន សែន ក្នុងនាមប្រមុខរដ្ឋស្តីទី ទទួលលោក តូ ឡឹម នៅព្រះបរមរាជវាំង ខុស ឬត្រូវ?»
រូបភាពសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូនចំពោះលោក តូ ឡឹម អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម នៅក្នុងប្រាសាទទេវាវិនិច្ឆ័យ នាព្រះបរមរាជវាំង បានបណ្តាលឱ្យមានការជជែកវែកញែកជាច្រើននៅក្នុងបណ្តាញសង្គម។ មានបងប្អូនខ្លះសួរថា តើធ្វើបែបហ្នឹងខុសឬត្រូវ?

មុននឹងឆ្លើយសំណួរថាខុសឬត្រូវ ខ្ញុំសូមអញ្ជើញបងប្អូនឈ្វែងយល់អំពីប្រាសាទទេវាវិនិច្ឆ័យ ឬ ព្រះទីនាំងទេវាវិនិច្ឆ័យជាមុនសិន។ ប្រាសាទទេវាវិនិច្ឆ័យ ឬ ព្រះទីនាំងទេវាវិនិច្ឆ័យ សាងសង់ក្នុងរាជព្រះបាទស៊ីសុវត្ថិ ក្នុងឆ្នាំ១៩១៣–១៩១៧ ហើយធ្វើ ពិធីសម្ពោធនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩១៩។ប្រាសាទទេវាវិនិច្ឆ័យមានទំហំបណ្តោយ ៦០ម ទទឹង ៣០ម និង មានកំពូលស្រួច កម្ពស់ ៥៩ម។ នៅលើកំពូលស្រួច មានរូបព្រះភក្ត្រព្រះព្រហ្ម មុខ៤ ដែលបែរព្រះភក្ត្រ ទៅរកទិសទាំង៤។ ប្រាសាទទេវាវិនិច្ឆ័យចែកចេញជា៩ផ្នែក ៖
១. ព្រះទីនាំងស្វេតឆត្រ
២. ព្រះទីនាំងហោរាជបណ្ឌិត
៣. ព្រះទីនាំងហោព្រះអដ្ឋិ
៤. ព្រះទីនាំងក្សិណ
៥. ព្រះទីនាំងបុស្បុក
៦. ព្រះទីនាំងមហាមន្ទីរ
៧. ព្រះទីនាំងនារីរ័ត្នសោភា
៨. ព្រះទីនាំងចក្រពត្តិ
៩. ព្រះទីនាំងព្រះស្ងោយ។
ប្រាសាទទេវាវិនិច្ឆ័យត្រូវបានប្រើប្រាសសម្រាប់រៀបចំព្រះរាជពិធីនិងពិធីដូចខាងក្រោម ៖
១. ពិធីរាជាភិសេក ព្រះមហាក្សត្រឡើងសោយរាជ្យ
២. ព្រះរាជពិធីបុណ្យទ្វារទសមាស
៣. ព្រះរាជសាវនាការថ្វាយសារតាំង
៤. ពិធីសច្ចាប្រណិធាន
៥. ព្រះរាជបដិសណ្ឋារកិច្ចចំពោះភ្ញៀវជាន់ខ្ពស់ជាតិនិងអន្តរជាតិ។

ដូចបងប្អូនឃើញហើយ! តួនាទីទី៥នៃប្រាសាទទេវាវិនិច្ឆ័យ គឺសម្រាប់រៀបចំព្រះរាជបដិសណ្ឋារកិច្ចចំពោះភ្ញៀវជាន់ខ្ពស់ជាតិនិងអន្តរជាតិ។ រីឯលោក តូ ឡឹម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាកម្រិតប្រធានរដ្ឋតបតាមការអញ្ជើញរបស់ព្រះមហាក្សត្រយើងក្នុងឋានៈព្រះអង្គជាព្រះប្រមុខរដ្ឋ។ ក្នុងពិធីការទូត បដិសណ្ឋារកិច្ចផ្លូវរដ្ឋត្រូវទទួលដោយព្រះប្រមុខរដ្ឋ គឺព្រះមហាក្សត្រ ប៉ុន្តែដោយព្រះអង្គទ្រង់ប្រឈួន ព្រះអង្គបានរាជានុញ្ញាតឱ្យសម្តេចតេជោ ហ៊ុន សែន បំពេញតួនាទីជាប្រមុខរដ្ឋស្ដីទីក្នុងនាមជាព្រះរាជនុសិទ្ធិនិងទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋក្នុងព្រះបរមនាមជូនចំពោះលោក តូ ឡឹម នៅប្រាសាទទេវាវិនិច្ឆ័យ។
បងប្អូនសួរទៀតថា ចុះបើសម្តេចតេជោ ហ៊ុន សែន អ្នកទទួលបដិសណ្ឋារកិច្ច ម្ដេចមិនរៀបចំនៅវិមានព្រឹទ្ធសភា? ហេតុអីចាំបាច់រៀបចំនៅប្រាសាទទេវាវិនិច្ឆ័យ? លោក តូ ឡឹម ជាភ្ញៀវអន្តរជាតិកម្រិតប្រមុខរដ្ឋនិងត្រូវបានអញ្ជើញដោយព្រះប្រមុខរដ្ឋ ដូច្នេះ បដិសណ្ឋារកិច្ចផ្លូវរដ្ឋត្រូវធ្វើនៅវិមានរដ្ឋ មិនមែននៅវិមានព្រឹទ្ធសភាទេ។ បើធ្វើបែបហ្នឹង គឺមានន័យថា ទម្លាក់កម្រិតពិធីការការទូតដែលនាំឱ្យមានបញ្ហាការទូតផងដែរ។ ម្យ៉ាងវិញទៀត ព្រះករុណាព្រះមហាក្សត្ររាជានុញ្ញាតឱ្យទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋក្នុងព្រះបរមនាមព្រះអង្គនៅប្រាសាទទេវាវិនិច្ឆ័យហើយ។

មានបងប្អូនខ្លះសួរទៀត ហេតុអ្វីព្រះករុណាពេលណាទ្រង់មិនព្រះប្រឈួន មកព្រះប្រឈួនពេលហ្នឹង? ហើយបើព្រះអង្គព្រះប្រឈួន ម្តេចមិនលើកពេល? បងប្អូន! ព្រះមហាក្សត្រក៏ជាមនុស្សដែរ គ្មានមនុស្សណាម្នាក់កំណត់ការឈឺរបស់ខ្លួនថ្ងៃណាបានឬពេលណាទេ, ហើយព្រះអង្គក៏បានបញ្ជាក់អំពីការប្រឈួនរបស់ព្រះអង្គនិងបានរាជានុញ្ញាតឱ្យសម្តេចតេជោ ហ៊ុន សែន បំពេញតួនាទីជាប្រមុខរដ្ឋស្ដីទីក្នុងនាមជាព្រះរាជនុសិទ្ធិ និងទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋក្នុងព្រះបរមនាមជូនចំពោះលោក តូ ឡឹម នៅប្រាសាទទេវាវិនិច្ឆ័យ ក្នុងព្រះរាជសាររបស់ព្រះអង្គកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ រួចហើយដែរ។ ម្យ៉ាងទៀត ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រមុខរដ្ឋនីមួយៗ គេត្រូវរៀបចំរាប់ខែមុន មិនមែនចង់ដោះដូរភ្លាមៗបានតាមចិត្តដូចបងប្អូនទៅផ្សារទំនើបឬទៅមើលកុនទេ។
បងប្អូនសួរបន្តទៀត! ចុះសម្តេចតេជោ ហ៊ុន សែន ទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូនចំពោះលោក តូ ឡឹម នៅប្រាសាទទេវាវិនិច្ឆ័យក្នុងនាមព្រះមហាក្សត្រយ៉ាងម៉េចវិញ?
ចំណុចនេះ សូមបងប្អូនអញ្ជើញអានរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣របស់យើង ត្រង់មាត្រា មាត្រា១១ថ្មី ៖ «ក្នុងករណីដែលព្រះមហាក្សត្រពុំអាចបំពេញព្រះរាជភារៈជាព្រះប្រមុខរដ្ឋបានដូចធម្មតា ដោយព្រះអង្គទ្រង់ប្រឈួនជាទម្ងន់ មានការបញ្ជាក់ដោយក្រុមគ្រូពេទ្យជំនាញជ្រើសរើសដោយប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និង នាយករដ្ឋមន្ត្រី នោះប្រធានព្រឹទ្ធសភា បំពេញភារកិច្ចប្រមុខរដ្ឋជំនួសព្រះអង្គក្នុងឋានៈជាព្រះរាជានុសិទ្ធិ។

ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋជំនួស ព្រះមហាក្សត្រក្នុងឋានៈជាព្រះរាជានុសិទ្ធិ ពេលព្រះអង្គទ្រង់ប្រឈួនជាទម្ងន់ ដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើ ប្រធានរដ្ឋសភាជាអ្នកបំពេញភារកិច្ចនេះ។ តំណែងជាប្រមុខរដ្ឋ ជំនួសព្រះមហាក្សត្រក្នុងឋានៈជាព្រះរាជានុសិទ្ធិនេះ អាចនឹងដូរឥស្សរជនផ្សេងទៀត ក្នុងករណីដូចដែលបានចែងក្នុងវាក្យខ័ណ្ឌខាងលើ តាមឋានានុក្រមដូចតទៅ ៖
ក- អនុប្រធានទី ១ ព្រឹទ្ធសភា
ខ- អនុប្រធានទី ១ រដ្ឋសភា
គ- អនុប្រធានទី ២ ព្រឹទ្ធសភា
ឃ- អនុប្រធានទី ២ រដ្ឋសភា»។
ទន្ទឹមនឹងនោះ មាត្រា៣០ថ្មី នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ក៏បានចែងផងដែរថា ៖ «ក្នុងរយៈពេលព្រះមហាក្សត្រទ្រង់អវត្ដមាន ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី។
ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្ដីទីជំនួសព្រះមហាក្សត្រ ពេលព្រះអង្គទ្រង់អវត្ដមាន ការទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ត្រូវអនុវត្តតាមវាក្យខ័ណ្ឌទី២ និងទី៣ នៃមាត្រា១១ថ្មី។»
ដូច្នេះ ចម្លើយគឺថា សម្តេចតេជោ ហ៊ុន សែន ទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូនចំពោះលោក តូ ឡឹម នៅប្រាសាទទេវាវិនិច្ឆ័យក្នុងព្រះបរមនាមព្រះមហាក្សត្រ មិនខុសទេ គឺត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញនិងគោរពតាមព្រះរាជបញ្ជារបស់ព្រះមហាក្សត្រ។
ចំណុចចុងក្រោយ សូមបងប្អូនចងចាំថា ស្រុកយើងជាស្រុករាជានិយម ព្រះរាជាសារបស់ព្រះមហាក្សត្រមិនត្រូវបានអនុញ្ញាតឱ្យយកមកជជែកវែកញែកទេ(មាត្រា១៨ថ្មី នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣)។ ម្យ៉ាងទៀត អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ (មាត្រា៧នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣)។ ព្រះអង្គត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ៕
(ដោយ៖បណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ)
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


