Connect with us

ព័ត៌មានអន្ដរជាតិ

ការសម្រេចចិត្តដ៏ប្រថុយរបស់លោកស្រី Takaichi នាំមកនូវជ័យជម្នះជាប្រវត្តិសាស្ត្រ

បានផុស

នៅ

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ទទួលបានជ័យជម្នះយ៉ាងធំធេងបំផុត ដោយគ្រប់គ្រងសំឡេងភាគច្រើនលើសលប់ក្នុងសភា ដែលផ្តល់អំណាច​ឲ្យ​លោកស្រីផ្លាស់ប្តូរវាសនាប្រទេសជប៉ុនទាំងមូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោកស្រី Sanae Takaichi (រូបថត៖ Reuters)

លោកស្រីបានសម្រេចចិត្តធ្វើ​ការបោះឆ្នោតមុនអាណត្តិ បន្ទាប់ពីកាន់តំណែងជាមេដឹកនាំស្ត្រីដំបូងគេបានត្រឹមតែ៣ខែ​ប៉ុណ្ណោះ ដោយសង្ឃឹមថា ប្រជាប្រិយភាពរបស់លោកស្រីអាចជួយបិទបាំងរឿងអាស្រូវ​នៅ​ក្នុងបក្ស។ តាម​ការ​ចេញ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ សម្រាប់​លទ្ធផលបោះឆ្នោត​កាល​ពីថ្ងៃ​អាទិត្យ​ទី​៨ខែ​កុម្ភៈ​ឆ្នាំ​២០២៦ គណបក្ស LDP របស់លោកស្រីឈ្នះបាន ៣១៦អាសនៈ ដែលជាកំណត់ត្រាខ្ពស់បំផុតតាំងពីឆ្នាំ១៩៥៥ ហើយនៅពេលបូករួមជាមួយបក្សសម្ព័ន្ធមិត្ត (JIP) លោកស្រីមានអាសនៈរហូតដល់ ៣៥២ ក្នុងចំណោមអាសនៈ ៤៦៥។ សូម្បីតែ​ប្រធានាធីបតី​អាមេរិក​លោក Donald Trump ក៏បានអបអរសាទរលោកស្រីចំពោះ «ជ័យជម្នះដ៏ភ្លូកទឹកភ្លូកដី» នេះដែរ។

តាមរយៈអំណាចនេះ លោកស្រី Takaichi គ្រោងនឹងបង្វែរជប៉ុនទៅរកគោលនយោបាយ​ស្តាំនិយមយ៉ាងខ្លាំង។ លោកស្រីបានសន្យាថានឹង​ពង្រឹងកងទ័ព និងបោះបង់គោលការណ៍សន្តិនិយមចាស់ៗចោល។ គោលដៅរបស់លោកស្រី រួមមានការអនុញ្ញាត​ឲ្យ​លក់អាវុធទៅក្រៅប្រទេស បង្កើនការចំណាយលើវិស័យការពារជាតិ និងរឹតបន្តឹងច្បាប់លើជនបរទេស។ ចំណែកឯបក្សប្រឆាំងវិញ បានបាត់បង់អាសនៈអស់ពាក់កណ្តាលដោយសារតែការបែកបាក់គ្នា។

លោកស្រី Takaichi មានពេលរហូតដល់ឆ្នាំ២០៣០ ដើម្បីអនុវត្តគោលនយោបាយទាំងនេះ។ ភារកិច្ចដំបូងនៅខែកុម្ភៈ គឺការអនុម័តកញ្ចប់ថវិកាដើម្បីជួយប្រជាជនដោះស្រាយបញ្ហាទំនិញឡើងថ្លៃ និងប្រាក់ខែទាប។ ទោះជាយ៉ាងណា លោកស្រីមិនទាន់បានពន្យល់ច្បាស់ពីរបៀបរកលុយមកបង្កើនការចំណាយយោធាដ៏ច្រើនសន្ធឹកសន្ធាប់ ឬរបៀបដោះស្រាយជម្លោះជាមួយប្រទេសចិននៅឡើយទេ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម