Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកនិងរុស្ស៊ី កំពុងចរចាគ្នា លើសន្ធិសញ្ញា នុយក្លេអ៊ែរ Version ថ្មី

បានផុស

នៅ

ថ្លែងប្រាប់អ្នកសារព័ត៌មានអំឡុងដំណើរទស្សនកិច្ចប្រទេសអាស៊ែរបៃហ្សង់ កាលពីថ្ងៃពុធទី១១ខែកុម្ភៈឆ្នាំ២០២៦ អនុប្រធានាធិបតីអាមេរិក JD Vance បានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងបន្តការចរចាជាមួយរុស្ស៊ីលើសន្ធិសញ្ញា «New START» Version ថ្មី។

លោក JD Vance (រូបថត៖ Reuters)

តាមការផ្សាយរបស់RT, លោក Vance ប្រាប់ថា កិច្ចពិភាក្សាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរកំពុងបន្តដំណើរការ ហើយសន្ធិសញ្ញានេះនឹងមានលក្ខណៈខុសប្លែកពីVersion មុនៗ។ នោះគឺជាផ្នែកមួយនៃការចរចាដែលយើងកំពុងធ្វើជាមួយភាគីរុស្ស៊ី»។

លោកបន្តថា ការទប់ស្កាត់មិនឲ្យរីកសាយភាយអាវុធនុយក្លេអ៊ែរ នៅតែជាអាទិភាពចម្បងសម្រាប់រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយការដែលរបបកាន់អំណាចកាន់តែច្រើនឡើងនៅទូទាំងពិភពលោកទទួលបានអាវុធនុយក្លេអ៊ែរ គឺជា រឿងដ៏អាក្រក់បំផុតដែលអាចកើតមាន សម្រាប់ប្រជាជនអាមេរិក។

អាវុធនុយក្លេអ៊ែររុស្ស៊ី (រូបថត៖ Reuters)

កាលពីសប្តាហ៍មុនរុស្ស៊ី ប្រកាសថា សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក បានឈានដល់ទីបញ្ចប់ជាស្ថាពរហើយ ដែលកត្តានេះធ្វើឲ្យពិភពលោកប្រឈមហានិភ័យធ្លាក់ចូលក្នុងគ្រោះថ្នាក់នៃការប្រកួតប្រជែងសព្វាវុធ។

ជុំវិញរឿងនេះ ក្រសួងការបរទេសរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍ថា៖ «រុស្ស៊ីនឹងត្រៀមខ្លួនជានិច្ចដើម្បីឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការគំរាមកំហែងនានាដែលអាចកើតមាន ប៉ុន្តែនឹងនៅតែបន្តបើកចំហសម្រាប់កិច្ចសន្ទនា បន្ទាប់ពីការរលាយរលត់នៃកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធយុទ្ធសាស្ត្រចុងក្រោយ ដែលនៅសេសសល់ជាមួយសហរដ្ឋអាមេរិក»។ 

ទន្ទឹមនោះ លោកត្រាំ បានសម្រេចចិត្តបដិសេធសំណើរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ក្នុងការបន្តសុពលភាពសន្ធិសញ្ញានេះរយៈពេលមួយឆ្នាំទៀត ដោយលោកបានរិះគន់យ៉ាងធ្ងន់ៗថា កិច្ចព្រមព្រៀងដែលចុះហត្ថលេខាកាលពីឆ្នាំ២០១០ គឺជាការចរចាដ៏អាក្រក់ និងកំពុងត្រូវបានរំលោភបំពានយ៉ាងខ្លាំង។ លោកត្រាំ ទទូច​ឲ្យ​អ្នកជំនាញនុយក្លេអ៊ែរចាប់ផ្តើមរៀបចំសន្ធិសញ្ញាថ្មីដែលទំនើប និងប្រសើរជាងមុន ដើម្បីធានាបាននូវស្ថិរភាពយូរអង្វែងសម្រាប់ពេលអនាគត។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)

សូមជម្រាបថា New START គឺជាសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរចុងក្រោយបង្អស់ដែលនៅសេសសល់រវាងអាមេរិក និងរុស្ស៊ី។ សន្ធិសញ្ញានេះ ដាក់កំហិតឲ្យប្រទេសនីមួយៗមានក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រមិនឲ្យលើសពី ១ ៥៥០ គ្រាប់ និងមីស៊ីលឆ្លងទ្វីប (ICBM) មិនឲ្យលើសពី ៧០០ គ្រាប់នោះទេ។

ដើមចមដែលធ្វើឲ្យ New START ឈានដល់ទីបញ្ចប់ គឺដោយសារទំនាក់ទំនងរវាងមហាអំណាចទាំងពីរ ធ្លាក់ចុះដល់កម្រិតទាបបំផុតព្រោះសង្គ្រាមនៅអ៊ុយក្រែន៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម