ព័ត៌មានជាតិ
បច្ចុប្បន្នមាន ២៤ ខេត្តក្រុង មានស្ថានីយសាកថាមពលរថយន្តអគ្គិសនី ពង្រាយទូទាំងប្រទេស
កំណើននៃការប្រើប្រាស់រថយន្តអគ្គិសនីក្នុងប្រទេសកម្ពុជា បានជំរុញឲ្យមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៃការដំឡើងស្ថានីយសាករថយន្តអគ្គិសនីដាក់ពង្រាយនៅទូទាំងប្រទេស។
លើកឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការងាររបស់អាជ្ញាធរអគ្គិសនីកម្ពុជាកាលពីម្សិលមិញ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា បច្ចុប្បន្នគ្រប់ខេត្តទាំងអស់នៅក្នុងប្រទេសកម្ពុជាមានកន្លែងសាករថយន្តអគ្គិសនី លើកលែងតែខេត្តឧត្តរមានជ័យមួយប៉ុណ្ណោះ។

លោកថា រដ្ឋាភិបាលមានគោលដៅរុញច្រានការប្រើប្រាស់រថយន្តអគ្គិសនីឱ្យបានលឿននៅឆ្នាំ ២០២៦ ដើម្បីសម្រេចឱ្យបាននូវការប្រើប្រាស់រថយន្តដែលគ្មានការបំភាយឧស្ម័ន (zero emission car) ដែលជាចំណែកមួយក្នុងការការពារបរិស្ថាន។
ដើម្បីពង្រីកសេវាកម្មសាករថយន្តឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស លោករដ្ឋមន្រ្តីបានបញ្ជាក់ថា អាជ្ញាធរអគ្គិសនីកម្ពុជាគ្រោងនឹងវិនិយោគកញ្ចប់ថវិកាបន្ថែមប្រហែល ១០ លានដុល្លារ ដើម្បីជំរុញការប្រើប្រាស់រថយន្តអគ្គិសនី ដែលជួយសន្សំសំចៃថវិកាបានច្រើន។

បន្ថែមពីនេះ លោករដ្ឋមន្រ្តីស្នើកិច្ចសហការពីអភិបាលខេត្តនិងក្រុងនានា ដើម្បីបើកឱ្យមានការដាក់ទូសាករថយន្តនៅតាមទីតាំងសាធារណៈ ដូចជាសួនច្បារ ឬអគាររដ្ឋ។ គោលបំណងគឺចង់ឱ្យប្រជាពលរដ្ឋមានភាពងាយស្រួល ឧទាហរណ៍ដូចជាការទៅហាត់ប្រាណកន្លះម៉ោង រថយន្តអាចសាកពេញ និងអាចរត់បានចម្ងាយរហូតដល់ ៣០០ គីឡូម៉ែត្រ។
នៅពេលខាងមុខ បើតាមលោករដ្ឋមន្រ្តី រដ្ឋនឹងតម្រូវឱ្យមានការប្រើប្រាស់ App ជាតិរួមគ្នាតែមួយ សម្រាប់សេវាសាករថយន្តអគ្គិសនី ដើម្បីបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់មិនឱ្យមានការបែកចែក App ច្រើន ដែលអាចបម្រើទាំងប្រជាជនខ្មែរ និងអ្នកធ្វើដំណើរមកពីប្រទេសជិតខាងក្នុងអាស៊ាន ដូចជា ឡាវ វៀតណាមជាដើម។
លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាបានថ្លែងថា មកដល់ពេលនេះអាជ្ញាធរបានចេញអាជ្ញាប័ណ្ណឱ្យអ្នកវិនិយោគចំនួន ២០ ដែលមានស្ថានីយសាកចំនួន ៨០ និង ម៉ាស៊ីនសាកចំនួន ១៤២ គ្រឿង នៅទូទាំង ១៧ ខេត្ត។
លោកបន្តថា ខេត្តចំនួន ៨ ដែលមិនទាន់មានអ្នកវិនិយោគទទួលបានអាជ្ញាប័ណ្ណរួមមាន៖ ខេត្តក្រចេះ, មណ្ឌលគីរី, ព្រះវិហារ, រតនគិរី, ស្ទឹងត្រែង, ឧត្តរមានជ័យ, កែប និងត្បូងឃ្មុំ។ ក្នុងចំណោមខេត្តទាំង ៨ នេះ មានខេត្តចំនួន ៧ មានស្ថានីយសាករួចហើយ ប៉ុន្តែមិនទាន់បានស្នើសុំអាជ្ញាប័ណ្ណ ខណៈដែលខេត្តឧត្តរមានជ័យគឺជាខេត្តតែមួយគត់ដែលមិនទាន់មានស្ថានីយសាកនៅឡើយ។
លោក យឹម វិសិដ្ឋ បានលើកទិសដៅបន្តរបស់អាជ្ញាធរអគ្គិសនីកម្ពុជាគឺជំរុញឱ្យមានស្ថានីយសាកនៅគ្រប់ខេត្ត ស្រុក ក្រុង ខណ្ឌ និងទីប្រជុំជននានា។

លោកលើកទឹកចិត្តឱ្យអ្នកផ្គត់ផ្គង់អគ្គិសនីបង្កើតស្ថានីយសាកក្នុងតំបន់របស់ខ្លួន និងប្រើប្រាស់យានយន្តអគ្គិសនីសម្រាប់ការងារអាជីវកម្ម និងណែនាំឱ្យអ្នកដំឡើងម៉ាស៊ីនសាកទាំងសម្រាប់អាជីវកម្មនិងឯកជន ជ្រើសរើសម៉ាស៊ីនដែលស្របតាមស្តង់ដាបច្ចេកទេសដើម្បីអាចភ្ជាប់ជាមួយ App ជាតិបាន។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី (២០២៤-២០៣០) ដើម្បីជំរុញការប្រើប្រាស់រថយន្តអគ្គីសនី ព្រមទាំងទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនក្នុងវិស័យនេះ។
គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី គឺជាត្រីវិស័យនិងជាឧបករណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការតម្រង់ទិស និងជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។
លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានលើកពីអត្ថប្រយោជន៍នៃការប្រើប្រាស់យានយន្តអគ្គិសនី ដែលជួយកាត់បន្ថយការបំភាយឧស្ម័នកាបូនិក រួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការកាត់បន្ថយការពឹងផ្អែកលើការប្រើប្រាស់ប្រេងឥន្ធនៈ ដែលជាប្រភពនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ដ៏ចម្បង។
បើតាមលោក ផន រឹម ការអភិវឌ្ឍយានយន្តអគ្គិសនីបានក្លាយជានិន្នាការសកល ដែលកំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។
របាយការណ៍របស់ក្រសួងសាធារណការនិងដឹកជញ្ជូនបានបង្ហាញថា នៅឆ្នាំ ២០២៥ ក្រសួងបានចុះបញ្ជីយានយន្តដើរដោយថាមពលអគ្គិសនី (EV) ចំនួន ៧ ៩៧១ គ្រឿង កើនឡើង ១២៧% ធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន ៣ ៥០៨ គ្រឿង៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


