Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល​នឹង​កំណត់​តំបន់ Zoning លែង​ឲ្យ​មាន​ការដ្ឋាន​វាយ​ថ្ម​រកេតរកូត​តទៅទៀត

បានផុស

នៅ

ក្នុង​សន្និសីទ​សារព័ត៌មាន​ពី​វិស័យរ៉ែ កាល​ពី​ថ្ងៃ​ទី៥ ខែ​កក្កដា ឆ្នាំ២០២៦ មន្រ្តី​ក្រសួង​រ៉ែ​និង​ថាមពល​បាន​លើក​ឡើង​ពី​ការ​ដាក់​ចេញ​នូវគោល​នយោបាយ​របស់​រដ្ឋាភិបាល ​ក្នុង​ការ​កំណត់​តំបន់ «Zoning» ដើម្បី​គ្រប់គ្រង​អាជីវកម្ម​រ៉ែ​ថ្ម​សំណង់ ដោយ​បែងចែក​តំបន់​ដែល​អនុញ្ញាត​ឱ្យ​ធ្វើអាជីវកម្ម​បន្ត និង​តំបន់​ដែល​ត្រូវ​តែ​បញ្ឈប់។

លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ឲ្យ​ដឹង​ថា ការ​កំណត់​តំបន់ (Zoning) គឺ​ដើម្បី​ធានា​ឱ្យ​មាន​តុល្យភាព​រវាង ការ​អភិវឌ្ឍ និង​ការអភិរក្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ចាប់​ពី​ឆ្នាំក្រោយ ឬ ២ ទៅ ៣ ឆ្នាំ​ខាងមុខ​ទៀត បងប្អូន​ប្រជាពលរដ្ឋ​នឹងលែងឃើញមានការដ្ឋានវាយថ្មរកេតរកូត​ ឬរញ៉េរញ៉ៃ​តាម​ដង​ផ្លូវ​នានា​ទៀតហើយ»។

បន្ថែម​ពី​នេះ មន្រ្តី​ក្រសួង​រ៉ែ និង​ថាមពល​ក៏​បាន​បកស្រាយ​ជុំវិញ​ចម្ងល់ «ហេតុអ្វី​បាន​ជា​មាន​ការដ្ឋាន​នៅ​​តាម​ផ្លូវ?» ដោយ​​លោក​ពន្យល់​ប្រៀបធៀប​ពី​ស្ថានភាព​ពីអតីតកាល​ដូចជា​ករណីផ្លូវជាតិ​លេខ ៤១ ឬ​ផ្លូវ Highway ទៅ​កំពង់សោមជាដើម​​ កាល​ដែល​ក្រសួង​ផ្តល់អាជ្ញាបណ្ណ​ដំបូងគឺ​មិន​ទាន់​មាន​ផ្លូវ​ថ្នល់ ឬ​មិនទាន់​មាន​ប្រជា​ពលរដ្ឋមក​រស់នៅ​ឡើយ​ទេ ពោល​គឺ​នៅ​ក្នុង​ព្រៃជ្រៅ។

​នៅពេល​ដែល​ផ្លូវថ្នល់ និង​ប្រព័ន្ធអគ្គិសនី​ត្រូវបាន​ស្ថាបនា​ឡើង ព្រម​ទាំង​មាន​ប្រជាពលរដ្ឋ​មក​រស់​នៅ ទើប​ឃើញថាមានការដ្ឋាននៅជិតផ្លូវ។ ដូច្នេះ​ហើយ ទើប​បច្ចុប្បន្ន​ក្រសួង​ត្រូវ​រៀបចំ​ដក​ចេញ​វិញ​តាមរយៈវិធានការ Zoning នេះ។

ក្នុង​សន្និសីទសារព័ត៌មាន​​ លោក អ៊ឹង ឌីប៉ូឡា ​​បានលើកឡើង​ពី​​​​​វិធានការការពារតំបន់អភិរក្ស និងតំបន់ទេសចរណ៍។ ជាក់ស្តែង​តំបន់​ព្រៃ​ឡង់ ​គឺ​ក្រសួង​នឹង​មិន​ចេញ​អាជ្ញាបណ្ណ​ថ្មី​ឱ្យ​ទៀត​នោះ​ទេ ខណៈ​ភ្នំ​កំពង់ត្រាចក៏​នឹង​ត្រូវ​រៀបចំ និង​ប្រែក្លាយ​ទៅជា​តំបន់​អេកូទេសចរណ៍ សាសនា និង​វប្បធម៌។

«​​គ្មានប្រតិបត្តិការ ឬសកម្មភាពរ៉ែណាមួយត្រូវបានអនុញ្ញាតឱ្យដំណើរការដោយគ្មានការវាយតម្លៃ​ផល​ប៉ះពាល់បរិស្ថាននោះឡើយ។ សម្រាប់សកម្មភាពរ៉ែណាដែលពាក់ព័ន្ធនឹងទន្លេ គឺត្រូវមានការវាយតម្លៃ​ផលប៉ះពាល់យ៉ាងលម្អិត រហូតដល់ការសិក្សាអំពីជលវិទ្យានៃប្រព័ន្ធទឹកទន្លេថែមទៀតផង»។ លោក​បន្ថែម។

បើតាម​លោក អ៊ឹង ឌីប៉ូឡា ការ​ដាក់ចេញ​វិធានការ​ទាំងនេះ​ធ្វើ​ឡើង​ក្នុងគោល​បំណង​រៀបចំ​សណ្តាប់​ធ្នាប់​អាជីវកម្ម​រ៉ែ​ឡើងវិញ ការពារ​បរិស្ថាន និង​ធានាថាការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មិន​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​តំបន់​វប្បធម៌ សាសនា និង​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​ឡើយ៕

បន្តចុចអាន៖ រដ្ឋមន្រ្តី​ក្រសួង​រ៉ែ បញ្ជា​ឲ្យ​ផ្អាក​ចេញ​អាជ្ញាប័ណ្ណ​វាយថ្មសំណង់​ ក្នុងកិច្ចការពារ​ធនធាន​ធម្មជាតិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម