Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី នឹងទទួលបាននាវាផ្ទុកយន្តហោះដំបូងបង្អស់ ដើម្បីពង្រឹងវិស័យយោធា

បានផុស

នៅ

តាមការគ្រោងទុក ប្រទេសឥណ្ឌូណេស៊ី នឹងទទួលបាន នាវាផ្ទុកយន្តហោះទី១របស់ខ្លួន ដើម្បីពង្រឹងវិស័យយោធា ចំពេលស្ថានការណ៍ពិភពលោក កំពុងមានភាពមិនប្រាកដប្រជា។

នាវា ITS Giuseppe Garibaldi (រូប៖ កងទ័ពជើងទឹកអ៊ីតាលី)

តាមការផ្សាយរបស់ Straits Times កាលពីថ្ងៃចន្ទទី១៦ខែកុម្ភៈ នាវានោះមានឈ្មោះ ITS Giuseppe Garibaldi របស់កងទ័ពជើងទឹកអ៊ីតាលី ដែលនឹងផ្តល់ជាជំនួយឥតសំណង ប៉ុន្តែឥណ្ឌូណេស៊ី ក៏នឹងត្រូវចេញលុយរាប់រយលានដុល្លារ ដើម្បីជួសជុល ថែទាំនិងធ្វើទំនើបកម្មផងដែរ។

មេបញ្ជាការកងទ័ពជើងទឹកឥណ្ឌូណេស៊ី រំពឹងថា នាវានេះនឹងមកដល់ប្រទេសខ្លួនមុនថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៦ ដើម្បីចូលរួមក្នុងពិធីព្យុហយាត្រាខួបកងទ័ពជាតិ។

នាវានេះ នឹងក្លាយជាផ្នែកមួយនៃផែនការទំនើបកម្មយោធាដ៏ធំរបស់ឥណ្ឌូណេស៊ី ដើម្បីការពារដែនសមុទ្រដ៏ធំល្វឹងល្វើយរបស់ខ្លួន និងដើម្បីបង្កើនឥទ្ធិពលក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ វាក៏ត្រូវបានគេមើលឃើញដែរថា ជាការឆ្លើយតបទៅនឹងភាពតានតឹងនៅសមុទ្រចិនខាងត្បូង និងការប្រកួតប្រជែងអាវុធក្នុងតំបន់ ដែលកំពុងឡើងកម្តៅខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបថា​ ITS Giuseppe Garibaldi គឺជានាវាផ្ទុកយន្តហោះធុនស្រាលប្រវែង ១៨០.២ ម៉ែត្រ មានល្បឿន ប្រហែល ៥៦ គីឡូម៉ែត្រក្នុងមួយម៉ោង។

វាអាចផ្ទុកយន្តហោះ និងឧទ្ធម្ភាគចក្របានរហូតដល់ ១៨ គ្រឿង ហើយមានបំពាក់ដោយប្រព័ន្ធកាំជ្រួចការពារអាកាស (Sea Sparrow/Aspide)។

កងទ័ពជើងទឹកអ៊ីតាលីបានបញ្ឈប់ដំណើរការនាវានេះជាផ្លូវការកាលពី ខែតុលា ឆ្នាំ ២០២៤ បន្ទាប់ពីបម្រើការអស់រយៈពេលជិត៤០ឆ្នាំ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម