ព័ត៌មានអន្ដរជាតិ
រុស្ស៊ីរុញបញ្ហាព្រំដែនមកលើតុចរចានៅទីក្រុងហ្សឺណែវ
ការចាប់អារម្មណ៍របស់ពិភពលោកបានងាកទៅរកទីក្រុងហ្សឺណែវនៅថ្ងៃអង្គារទី១៧ខែកុម្ភៈនេះ ខណៈដែលរុស្ស៊ី និងអ៊ុយក្រែនត្រៀមខ្លួនសម្រាប់កិច្ចចរចារយៈពេលពីរថ្ងៃ លើបញ្ហាសំខាន់បំផុតដែលធ្វើឲ្យសង្រ្គាមបន្តអូសបន្លាយ នោះគឺរឿងទឹកដី។

យោងតាមរ៉យទ័រ ដើម្បីបង្ហាញពីភាពម៉ឺងម៉ាត់ វិមានក្រឹមឡាំងបានបញ្ជូនក្រុមការងារធំជាងមុន ដែលរួមមានទាំងមេដឹកនាំចារកម្មយោធា និងអ្នកការទូតជាន់ខ្ពស់។ ចំណាត់ការនេះបង្ហាញថា ទីក្រុងមូស្គូហាក់ដូចជាត្រៀមខ្លួនរួចរាល់ដើម្បីរំលងការពិភាក្សាត្រឹមតែរឿងយោធា ហើយងាកមកដោះស្រាយបញ្ហាដ៏ស្មុគស្មាញនៃរឿងព្រំដែនវិញ។
ចំណុចសំខាន់នៃកិច្ចចរចាលើកនេះ គឺវត្តមានលោក Vladimir Medinsky អតីតរដ្ឋមន្ត្រីវប្បធម៌ដែលត្រូវបានជ្រើសរើសដោយផ្ទាល់ដោយប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន។ ការវិលត្រឡប់របស់លោកមកកាន់តុចរចាវិញ បានបង្កឲ្យមានការជជែកដេញដោលខ្លាំង ព្រោះអ៊ុយក្រែនធ្លាប់បានរិះគន់លោកចំៗថាជាដៃគូចរចាដែល «មិនយកជាការបាន»។ លោក Medinsky មិនបានចូលរួមក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះនៅក្រុង Abu Dhabi ទេ ដោយសារកិច្ចពិភាក្សានោះផ្ដោតតែលើរឿងកងទ័ព ប៉ុន្តែនៅពេលនេះដែលការចរចាងាកមកផ្ដោតលើរឿងទឹកដី និងនយោបាយ ទើបលោកពូទីន ក៏បានដាក់ទីប្រឹក្សាជំនិតម្នាក់នេះឲ្យមកដឹកនាំវិញតែម្តង។
ទោះបីជាមានការរៀបចំកិច្ចប្រជុំថ្មីក៏ដោយ ក៏ភាគីទាំងពីរនៅតែមានគំនិតផ្ទុយគ្នាស្រឡះ។ ទីក្រុងមូស្គូបង្ហាញការខកចិត្តយ៉ាងខ្លាំងដែលទីក្រុងកៀវបដិសេធប្រគល់តំបន់ដែលខ្លួនទាមទារ ដូចជា តំបន់ Donetsk ជាដើម ខណៈដែលប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានព្រមានយ៉ាងច្បាស់ថា លោកនឹងមិនផ្តល់ «កាដូទឹកដី» ណាមួយទៅឲ្យលោកពូទីន គ្រាន់តែដើម្បីបញ្ចប់ការវាយប្រហារនោះឡើយ។ គំនិតប្លែកមួយទៀតដែលរុស្ស៊ីលើកមកនិយាយសាជាថ្មី គឺសំណើដែលធ្លាប់ត្រូវបានបដិសេធក្នុងការដាក់ប្រទេសអ៊ុយក្រែនឲ្យស្ថិតក្រោមការគ្រប់គ្រងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ ដែលនេះជាអ្វីដែលរុស្ស៊ីសង្ឃឹមថាលោកខាងលិចអាចនឹងពិចារណា បើទោះបីជាវាមិនទាន់មានការគាំទ្រណាមួយក៏ដោយ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


