Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី៖ សង្គ្រាមនៅ​​អ៊ីរ៉ង់ កំពុងរំខានដល់ជំនួយសម្រាប់អ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពសន្តិសុខរបស់ប្រទេសលោក ដោយលោកបានថ្លែងប្រាប់ទូរទស្សន៍អាល្លឺម៉ង់ ZDF ថា ក្រុមអ្នកចរចាសន្តិភាពរបស់សហរដ្ឋអាមេរិកហាក់ដូចជា «គ្មានពេល» សម្រាប់អ៊ុយក្រែនទៀតហើយ ដោយសារតែពួកគេកំពុងរវល់ផ្ដោតខ្លាំងពេកលើសង្គ្រាមនៅប្រទេសអ៊ីរ៉ង់។

លោកហ្សេលេនស្គី (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយ​របស់​ NDTV នា​ថ្ងៃទី​១៥​មេសា លោកហ្សេលេនស្គី​បានបញ្ជាក់ថា លោក Steve Witkoff និងលោក Jared Kushner ដែលធ្លាប់ជាអ្នកសម្របសម្រួលកិច្ចចរចាជាមួយទីក្រុងមូស្គូ ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះ បច្ចុប្បន្នកំពុងតែរវល់ចរចាជាមួយអ៊ីរ៉ង់ជាបន្តបន្ទាប់។

លោក​ហ្សេលេនស្គី បានលើកឡើងថា ទោះបីជាអ្នកសម្របសម្រួលទាំងពីរនាក់នេះមានភាពប្រាកដនិយម និងព្យាយាមទាក់ទាញចំណាប់អារម្មណ៍ពីលោកពូទីន ដើម្បីបញ្ចប់សង្គ្រាមក៏ដោយ ប៉ុន្តែលោកយល់ឃើញថា ការប្រើប្រាស់ «កិច្ចសន្ទនាបែបសុភាព» ជាមួយរុស្ស៊ីគឺមិនអាចជោគជ័យឡើយ។ លោកបានសង្កត់ធ្ងន់ថា បើសហរដ្ឋអាមេរិកមិនដាក់សម្ពាធ​ឲ្យបានខ្លាំងក្លាលើលោកពូទីន​ទេនោះ ខាងរុស្ស៊ីនឹងលែងមានការភ័យខ្លាចទៀតហើយ។

ក្រៅពីបញ្ហាការទូត លោកហ្សេលេនស្គី ក៏បានរៀបរាប់ពីទុក្ខកង្វល់ដ៏ធំមួយទៀត គឺការរអាក់រអួលនៃការផ្គត់ផ្គង់អាវុធពីសហរដ្ឋអាមេរិក។ លោកបានបញ្ជាក់ថា នេះគឺជាបញ្ហាធំមួយ ជាពិសេសសម្រាប់គ្រាប់មីស៊ីលការពារដែនអាកាសប្រភេទ PAC-3 និង PAC-2 ដែលមានសារៈសំខាន់ខ្លាំងក្នុងការការពារប្រទេស។ លោកបានសារភាពថា ចាប់តាំងពីសង្គ្រាមនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងមក អ៊ុយក្រែនបានដឹងខ្លួនថាខ្លួននឹងជួបប្រទះបញ្ហាប្រឈមជាច្រើន ដោយការដឹកជញ្ជូនអាវុធនាពេលបច្ចុប្បន្នមានសភាព «យឺតយ៉ាវ» ដែលធ្វើឲ្យអ៊ុយក្រែនស្ថិតក្នុងស្ថានភាពដ៏លំបាកបំផុត។

នៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៊ែរឡាំង លោកហ្សេលេនស្គី បានជួបពិភាក្សាជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ដើម្បីពិភាក្សាអំពីសង្គ្រាមដែលកំពុងឈានចូលឆ្នាំទីប្រាំរបស់អ៊ុយក្រែន ហើយប្រទេសទាំងពីរបានប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រដែលផ្តោតលើវិស័យការពារជាតិ។ ក្រោយមក នៅពេលទៅទស្សនកិច្ចនៅប្រទេសន័រវេស លោកក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខដ៏សំខាន់មួយ ដែលរួមបញ្ចូលទាំងការផលិតដ្រូនរបស់អ៊ុយក្រែននៅលើទឹកដីន័រវេស ដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួនក្នុងពេលដែលជំនួយពីអាមេរិកកំពុងជួបការលំបាក៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម