Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន ប្រកាសបទឈប់បាញ់៣២ម៉ោង ជាមួយអ៊ុយក្រែន ក្រោមហេតុផល «មនុស្សធម៌»

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានប្រកាសបទឈប់បាញ់រយៈពេល៣២ម៉ោង ជាមួយអ៊ុយក្រែន ក្នុងអំឡុងពិធីបុណ្យ Easter ខណៈបើតាមការបញ្ជាក់ពីវិមានក្រឹមឡាំង បទឈប់បាញ់នេះគឺធ្វើឡើងដោយផ្អែកលើ «ហេតុផលមនុស្សធម៌» ដើម្បីអនុញ្ញាតឲ្យគ្រិស្តសាសនិកអូស្សូដក់ អាចប្រារព្ធពិធីបុណ្យសាសនាដ៏សំខាន់នេះបានដោយសន្តិវិធី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន (រូប៖ Reuters)

តាមសេចក្តីប្រកាសពីវិមានក្រឹមឡាំង បទឈប់បាញ់បណ្តោះអាសន្ននេះ នឹងចាប់អនុវត្តពីម៉ោង ៤ រសៀលថ្ងៃសៅរ៍ទី១១ខែមេសា រហូតដល់ពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យទី១២ខែមេសាឆ្នាំ ២០២៦ (ពេលវេលានៅរុស្ស៊ី)។

ទោះបីជាប្រកាសឈប់បាញ់ក៏ដោយ ប៉ុន្តែលោក ពូទីន បានបញ្ជាឲ្យកងទ័ពរុស្ស៊ី ត្រូវត្រៀមខ្លួនជានិច្ចដើម្បីឆ្លើយតបទៅនឹង «ការបង្កហេតុ» ឬការរំលោភបំពានណាមួយពីសំណាក់កងទ័ពអ៊ុយក្រែន។

Easter គឺជាបុណ្យដ៏ធំបំផុតរបស់សាសនាគ្រិស្ត ដែលរំលឹកដល់ការ រស់ឡើងវិញរបស់ព្រះយេស៊ូ បន្ទាប់ពីទ្រង់ត្រូវបានគេឆ្កាងសម្លាប់អស់រយៈពេល ៣ ថ្ងៃ។

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន (រូប៖ Reuters)

សាសនិកគ្រិស្តតែងតែទៅព្រះវិហារ ជួបជុំគ្រួសារញ៉ាំអាហារ និងមានការលាក់ស៊ុតឲ្យក្មេងៗដើររក។ មិនមានថ្ងៃជាក់លាក់ក្នុងប្រតិទិនទេ ពោលគឺវាផ្លាស់ប្តូររៀងរាល់ឆ្នាំ ប៉ុន្តែគេតែងតែប្រារព្ធពិធីបុណ្យនេះនៅ ថ្ងៃអាទិត្យ ចន្លោះខែមីនាឬមេសា។

អ្វីដែលគួរឲ្យកត់សម្គាល់គឺ ក្រុមគ្រិស្តសាសនិកអូស្សូដក់ដូចជារុស្ស៊ីនិងអ៊ុយក្រែន ជារឿយៗធ្វើពិធីបុណ្យនេះយឺតជាងក្រុមលោកខាងលិច ១ ឬ ២ សប្តាហ៍ ដោយសារប្រើប្រតិទិនខុសគ្នា។

ពោលក្នុងឆ្នាំ ២០២៦ នេះ បុណ្យ Easter របស់ពិភពលោកខាងលិចបានកន្លងផុតទៅហើយ (ថ្ងៃទី ៥ មេសា) ចំណែកឯបុណ្យ Easter របស់ក្រុមអូស្សូដក់ នឹងប្រារព្ធនៅថ្ងៃអាទិត្យ ទី ១២ ខែមេសានេះ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម