ព័ត៌មានជាតិ
ដងព្រែកកំពត អភិវឌ្ឍផ្លាស់ប្តូរមុខមាត់ថ្មីបន្តបន្ទាប់ ជាគោលដៅកម្សាន្តទេសចរមិនអាចរំលងបាន
ប៉ុន្មានឆ្នាំនេះ ដងព្រែកកំពតត្រូវបានអាជ្ញាធរខេត្តកំពតកែលម្អរៀបចំ តាមរយៈគម្រោងអភិវឌ្ឍថ្មីៗ ដើម្បីបង្កើតភាពទាក់ទាញទេសចរមកកម្សាន្ត។ គម្រោងអភិវឌ្ឍជាច្រើនបានលេចរូបរាង និងកំពុងបន្តអភិវឌ្ឍជាបន្តបន្ទាប់។
រូបសំណាកសេះសមុទ្របាញ់ទឹក
រូបសេះសមុទ្របាញ់ទឹកបានក្លាយជាជានិមិត្តរូបថ្មីរបស់ខេត្តកំពត និងជាទីចំណាប់អារម្មណ៍បន្ថែមទៀតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តខេត្តកំពត។ រូបបសំណាកសេះសមុទ្រកម្ពស់ ៨ ម៉ែត្រ ឈរបាញ់ទឹកចេញពីមាត់នៅលើដងព្រែកកំពត បានដាក់សម្ពោធកាលពីឆ្នាំ ២០២៤។
តាំងពីមានរូបសំណាកនេះមក ភ្ញៀវទេសចរដែលមកលេងខេត្តកំពតមានការកើនឡើង ហើយបានក្លាយជាអត្តសញ្ញាណថ្មីខេត្តជាប់សមុទ្រមួយនេះ។


នាឡិកាធំ
នាឡិកាដ៏ខ្ពស់សន្លឹង ត្រូវបានអាជ្ញាធរខេត្តកំពតរៀបចំដំឡើងតាមដងព្រែកកំពត។ នាឡិកាយក្សនេះមានមុខអង្កត់ផ្ចិតទំហំ ៩,៧ ម៉ែត្រ និងកម្ពស់ ៣៥ ម៉ែត្រ។ នេះជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ខេត្តកំពត បន្ទាប់ពីរូបសំណាកសេះសមុទ្របាញ់ទឹកដ៏ល្បីល្បាញ។


ផ្លូវដើរម៉ាស្សាបាតជើង
រដ្ឋបាលខេត្តកំពតបានរៀបចំផ្លូវដើរម៉ាស្សាបាតជើង នៅតាមឆ្នេរខ្សាច់តាមមាត់ព្រែកកំពត ដែលពលរដ្ឋដើរលំហែរតាមមាត់ព្រែក អាចដើរបណ្តើរម៉ាស្សាបណ្តើរជួយពង្រឹងដល់សុខភាពរាយកាយ។


ការអភិវឌ្ឍឆ្នេរកម្សាន្តថ្មី
រដ្ឋបាលខេត្តកំពត បានរៀបចំបង្កើតឆ្នេរកម្សាន្តថ្មីប្របតាមមាត់ព្រែកកំពតចាប់ពីស្ពានឥន្ទធនូ (ស្ពានចាស់) រហូតដល់ស្ពានកំពង់បាយ (ស្ពានថ្មី) ដើម្បីពង្រីកវិសាលភាពនៃទីតាំងកម្សាន្តក្នុងក្រុងកំពត។
ឆ្នេរកម្សាន្តមួយនេះគឺជាបេះដូងនៃខេត្តកំពត ហើយក្រោយស្ថាបនារៀបចំបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តយ៉ាងច្រើនកុះករ ដោយសារតែទីតាំងនេះបង្កលក្ខណៈឱ្យភ្ញៀវទេសចរអាចងូតទឹកកម្សាន្ត ថែមទាំងអាចគយគន់មើលថ្ងៃរៀបលិចពេលល្ងាចបានផងដែរ។


ការរៀបចំឆ្នេរកោះស្មៅ
តំបន់កោះស្មៅពីមុនគ្មានឆ្នេរកម្សាន្តទេ ថែមទាំងមានពលរដ្ឋជាច្រើនគ្រួសារទន្ទ្រានយកដីមាត់ព្រែក ធ្វើជាកម្មសិទ្ធិទៀតផង។ ប៉ុន្តែក្រោយមកត្រូវបានអាជ្ញាធរខេត្តរៀបចំតំបន់កោះស្មៅឲ្យមានឆ្នេរខ្សាច់កម្សាន្តដ៏ស្រស់ស្អាត ទាក់ទាញទេសចរមកកម្សាន្ត។

ស្ថាបនាពង្រីកផ្លូវប្របតាមមាត់ព្រែកពីកំពង់កណ្តាល ទៅឆ្នេរកោះស្មៅ
ដើម្បីកែលម្អសោភ័ណភាពក្រុង និងសម្រួលការធ្វើចរាចរណ៍កុំឲ្យកកស្ទះពេលមានបុណ្យទានធំៗ អាជ្ញាធរខេត្តកំពតបានស្ថាបនាពង្រីកផ្លូវប្របតាមមាត់ព្រែកកំពត ១ ខ្សែ ចាប់ពីចំណុចរូបសំណាកត្រីផ្សោតក្នុងសង្កាត់កំពង់កណ្តាលក្រុងកំពត តភ្ជាប់ទៅផ្លូវបេតុងឆ្នេរកោះស្មៅ ស្ថិតក្នុងឃុំជុំគ្រៀល ស្រុកទឹកឈូ។
ការសាងសង់នៅជំហានទី១ ពីចំណុចរូបសំណាកត្រីផ្សោតទៅស្ពានកំពង់កណ្តាលស្ថិតក្នុងក្រុងកំពត មានទទឹង ១៣ ម៉ែត្រ និងបណ្តោយប្រវែង ៧៥០ ម៉ែត្រ និងជំហានទី ២ ចាប់ពីចំណុចស្ពានកំពង់កណ្តាលដល់ផ្លូវបេតុងឆ្នេរកោះស្មៅប្រវែងជិត ២ គីឡូម៉ែត្រ ទទឹងប្រែប្រួលពី ១៦ ម៉ែត្រ ទៅ ២៣ ម៉ែត្រ។

ស្ថាបនាផ្លូវបេតុងថ្មីចូលទៅចំណតទូកទេសចរណ៍ក្រុងកំពត
ផ្លូវបេតុងថ្មីមួយខ្សែត្រូវបានអាជ្ញាធរសាងសង់ចូលទៅចំណតទូកទេសចរណ៍ក្រុងកំពត ដែលមានប្រវែងជាង ១ ពាន់ម៉ែត្រ ស្ថិតនៅចន្លោះពីស្ពានថ្មីទៅស្ពានរថភ្លើង។
ដោយគិតគូរពីសុខទុក្ខ និងជីវភាពរបស់ម្ចាស់ទូកដឹកភ្ញៀវទេសចរកម្សាន្តតាមដងព្រែកកំពតផង អាជ្ញាធរខេត្តបានប្តូរទីតាំងចំណតទូកពីត្រើយខាងលិចមកនៅត្រើយខាងកើតវិញ គឺនៅចន្លោះស្ពានថ្មីនិងស្ពានរថភ្លើង។
ផ្លូវនេះស្ថាបនាមានទទឹង ១២ ម៉ែត្រ និងបណ្តោយមានប្រវែង ១០១០ ម៉ែត្រ ដែលតាមផ្លូវនេះក៏តភ្ជាប់ពីផ្លូវរថភ្លើងរហូតដល់សួនច្បារសេះសមុទ្របាញ់ទឹកខាងមុខសាលាខេត្ត ដែលបង្កលក្ខណៈងាយស្រួលសម្រាប់ភ្ញៀវធ្វើដំណើរផង និងអាចឲ្យពលរដ្ឋលក់ដូរបង្កើតមុខរបរបន្ថែមផង។


ផ្លូវ និងស្ពានឆ្លងព្រែកប្រវែងសរុបជិត ១០ គីឡូម៉ែត្រ បានបើកការដ្ឋានស្ថាបនានិងលេចរូបរាងនៅពេលខាងមុខ
ផ្លូវ និងស្ពានឆ្លងព្រែកវាងក្រុងកំពតដែលមានប្រវែងសរុបជិត ១០ គីឡូម៉ែត្រ កាត់តាមឆ្នេរកោះស្មៅ បានបើកការដ្ឋានស្ថាបនា នឹងលេចរូបរាងឆាប់ៗនៅពេលខាងមុខ ដែលបម្រើដល់ពហុវិស័យ ជាពិសេសចូលរួមលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត។
គម្រោងស្ថាបនាផ្លូវនិងស្ពានក្រវ៉ាត់ក្រុងនេះប្រើប្រាស់រយៈពេលសាងសង់ ១ ឆ្នាំ រំពឹងនឹងរួចរាល់នៅឆ្នាំ ២០២៦។


កន្លែងថតរូបមានរូបរាងជាបាតដៃទ្រវ៉េរ៉ង់ដាកម្ពស់ ១២ ម៉ែត្រ
ខណៈព្រែកកំពតក្លាយជាចំណុចទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ជាមួយនឹងសកម្មភាពកម្សាន្តផ្សេងៗ ដងព្រែកកំពតនឹងទទួលបានសមិទ្ធផលទេសចរណ៍ថ្មីមួយទៀតគឺកន្លែងថតរូបមានរូបរាងជាបាតដៃទ្រវ៉េរ៉ង់ដា។
កន្លែងថតរូបបាតដៃទ្រវ៉េរ៉ង់ដា គឺជាសមិទ្ធផលទេសចរណ៍ថ្មីនៅកណ្តាលក្រុងកំពត ដែលគ្រោងសាងសង់រួចរាល់មុនចូលឆ្នាំខ្មែរឆ្នាំ ២០២៦។ រចនាសម្ព័ន្ធនេះមានកម្ពស់ប្រមាណ ១២ ម៉ែត្រ អនុញ្ញាតឱ្យភ្ញៀវទេសចរថតរូបជាប់ទេសភាពភ្នំបូកគោ ស្ពានឥន្ទធនូ និងទិដ្ឋភាពថ្ងៃលិចដ៏ស្រស់ស្អាត៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


