Connect with us

កីឡា

កីឡាកររបស់ Benfica អាចរងពិន័យធ្ងន់ធ្ងរបែបនេះ បើពិតជារើសអើងពូជសាសន៍លើ Vinicius មែន

បានផុស

នៅ

ខ្សែប្រយុទ្ធស្លាបរបស់ Benfica កីឡាករ Gianluca Prestianni អាចនឹងត្រូវទទួលរងការពិន័យធ្ងន់ធ្ងរ ប្រសិនបើរកឃើញ ពិតជាបានប្រើពាក្យរើសអើងពូជសាសន៍ ពណ៌សម្បុរលើខ្សែប្រយុទ្ធ Real Madrid កីឡាករ Vinicius Jr. ពិតមែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំឡុងការប្រកួត ដែលក្រុម Real Madrid យកឈ្នះលើក្រុម Benfica ក្នុងលទ្ធផល ១-០ នៅទឹកដី ព័រទុយហ្គាល់ នៃវគ្គជម្រុះ (playoff) ជើងទី ១ ដើម្បីដណ្តើមកៅអីឡើងវគ្គ ១៦ ក្រុមចុងក្រោយក្នុងពាន Champions League បានកើតឡើងនូវភាពចម្រូងចម្រាស់ខ្លាំង បន្ទាប់ពីមានការចោទប្រកាន់ ថា កីឡាករ Prestianni បានហៅ Vinicius ថា «សត្វស្វា» ដែលពាក្យនេះបង្ហាញពីចេតនារើសអើងពូជសាសន៍ និងពណ៌សម្បុរ។

ទោះបីជាការប្រកួតបញ្ចប់ ២ ថ្ងៃមកហើយ ពោលតាំងពីថ្ងៃទី ១៨ ខែ កុម្ភៈ ក៏ភាពចម្រូងសម្រាស់នូវតែបន្តមកដល់ពេលនេះ។ យោងតាមអ្នកសារព័ត៌មាន អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹង ថា UEFA ចាប់ផ្តើមបើកការស៊ើបអង្កេតលើរឿងនេះហើយ ហើយរដ្ឋាភិបាល ព័រទុយហ្គាល់ ក៏បានលូកដៃ ដោយបើកការស៊ើបអង្កើតលើរឿងនេះដែរ។

ការរើសអើងពូជសាសន៍ ត្រូវបានគេចាត់ទុកជារឿងធំធេងមួយនៅតំបន់ អឺរ៉ុប ហើយសូម្បីបាល់ទាត់នៅតំបន់ អឺរ៉ុប ក៏មានការប្រារព្ធចលនាផ្សេងៗ ដើម្បីលុបបំបាត់ការរើសអើងពូជសាសន៍នេះ។ ករណីប្រសិនបើ Prestianni ពិតជារកឃើញប្រើពាក្យរើសអើងពូជសាសន៍ ពណ៌សម្បុរលើ Vinicius ពិតមែន នោះរូបគេអាចត្រូវរកការពិន័យធ្ងន់ធ្ងរ ដោយផ្អែកលើច្បាប់របស់ UEFA។

ករណីនេះអាចត្រូវពិន័យដោយផ្អាកការប្រកួត និងពិន័យជាប្រាក់។ ការផ្អាកការប្រកួតអាចកើតឡើងយ៉ាងហោចណាស់ ១០ ប្រកួត ហើយការពិន័យជាប្រាក់វិញ គឺអាស្រ័យលើស្ថានភាពជាក់ស្តែង។ ជាមួយគ្នានេះ ប្រសិនបើធ្ងន់ធ្ងរជាងនេះ នោះនឹងអាចមានការពិន័យបន្ថែមផ្សេងៗទៀត។

ទោះបីជាយ៉ាងណា គិតមកដល់ពេលនេះ មិនទាន់មានការពិន័យលើ Prestianni នៅឡើយទេ ដោយគ្រប់យ៉ាងកំពុងស្ថិតក្នុងការស៊ើបអង្កេតរបស់ UEFA នៅឡើយ៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម