Connect with us

សេដ្ឋកិច្ច

ការលើកលែងពន្ធលើចំណេញមូលធន នឹងទាក់​ទាញ​វិនិយោគិនឱ្យចូលមកក្នុងវិស័យមូលបត្រកាន់តែច្រើន

បានផុស

នៅ

ពាក់ព័ន្ធ​នឹង​ការ​សម្រេច​អនុម័ត​របស់​ក្រសួង​សេដ្ឋកិច្ច​ ស្តីពី ការលើកលែងពន្ធលើ​ចំណេញ​មូលធន​សម្រាប់​ផលិតផល​ក្នុង​វិស័យ​មូលបត្រ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​និយ័តករ​មូលបត្រ​កម្ពុជា (ន.ម.ក.) បាន​មាន​ប្រសាសន៍​ថា នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​លើក​ទឹក​ចិត្ត​ពន្ធ​របស់​រាជរដ្ឋាភិបាល​សម្រាប់​វិស័យ​មូលបត្រ​។

ថ្លែង​ប្រាប់​«កម្ពុជា​ថ្មី» នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៦ នេះ លោក ស៊ូ សុជាតិ បាន​លើក​ឡើង​កន្លង​មក​ជុំ​វិញ​វិស័យ​មូលបត្រ​ក៏​មាន​អនុក្រឹត​ផ្សេង​ដែល​ការ​លើក​ទឹក​ចិត្ត​ដល់​វិនិយោគិន​ក្នុង​វិស័យ​មួយ​នេះ​ផង​ដែរ​​។

ជាក់ស្តែង​ ការ​សម្រេច​អនុម័ត​របស់​ក្រសួង​សេដ្ឋកិច្ច​នេះ​ទៀត​សោទ គឺ​ជា​ការ​បញ្ជាក់​ជំហរ​មួយ​ផ្សេង​ទៀត​សម្រាប់​ពន្ធ​ថ្មី​ ព្រោះ​​កាល​ពី​ក្នុង​ឆ្នាំ​២០២៥ ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​ ក៏​បាន​ប្រកាស​ស្តី​ពី​ការ​យក​ពន្ធ​លើ​ចំណេញ​មូលធន​ ដូច្នេះ​ហើយ​ការ​សម្រេច​អនុម័ត​លើកលែង​ពន្ធលើ​ចំណេញ​មូលធន​សម្រាប់​ផលិតផល​ក្នុង​វិស័យមូលបត្រ​នេះ​បញ្ជាក់​បន្ថែម​ថា ជា​ការ​គាំ​ទ្រ និង​ជា​ការ​លើក​ទឹក​ចិត្ត​សម្រាប់​ឱ្យ​វិនិយោគិន​ធ្វើ​​ការ​ជួញ​ដូរ​ក្នុង​វិស័យ​មូលបត្រ​ដោយ​មិន​ទាន់​មាន​ការ​យក​ពន្ធ​លើ​ចំណេញ​មូល​ធន​ ដែល​នេះ​ជា​ផ្នែក​នៃ​​ការ​គាំ​ទ្រ​របស់​រាជរដ្ឋាភិបាល​សម្រាប់​អភិវឌ្ឍន៍​បន្ត​នៅ​ក្នុង​វិស័យ​មួយ​​នេះ។

សម្រាប់​ឆ្នាំ២០២៦​ នេះ​ លោក ស៊ូ សុជាតិ បាន​អះអាង​ថា និយ័តករមូលបត្រ​កម្ពុជា​មាន​សុទិដ្ឋិនិយម​ថា​ បន្ទាប់​ពី​ការ​ប្រកាស​លើក​លែង​ពន្ធ​លើ​ចំណេញ​មូលធន​នេះ​ហើយ​នឹង​មាន​ក្រុមហ៊ុន​ជា​ច្រើន​ដែល​នឹង​ចាប់​ផ្តើម​ចូល​​ទីផ្សារ​ មាន​ការ​បោះ​ផ្សាយ​មូលបត្រ​កម្មសិទ្ធ​ ប៉ុន្តែ​ការ​បោះ​ផ្សាយ​មូលបត្រ​កម្មសិទ្ធ គឺ​អាច​នៅ​មាន​ទំហំ​តូចៗ​នៅ​ឡើយ​។ ដោយ​ឡែក និយ័តករ​មូលបត្រ​កម្ពុជា​ ក៏​នឹង​មានការ​បោះ​ផ្សាយ​មូលបត្រ​បំណុល​ដែល​មាន​ទំហំ​ធំ​ៗ​នៅក្នុង​ឆ្នាំ​២០២៦​ នេះ​។

ជា​មួយ​គ្នា​នេះ លោក​ ស៊ូ សុជាតិ ជឿជាក់​ថា ទំហំ​នៃ​ការ​បោះ​ផ្សាយ​ ឆ្នាំ​២០២៦​ នេះ​ និយ័តករមូលបត្រ​នឹង​ខិតខំ​ជំរុញ​ឱ្យ​បាន​រហូត​ដល់​ទំហំ​ប្រហាក់ប្រហែល​ ៣០០​លាន​ដុល្លារ​អាមេរិក​សម្រាប់​ចុះ​ផ្សាយ​នៅ​ក្នុង​ផ្សារ​មូលបត្រ​។

សូម​ជម្រាប​ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៦ បាន​ប្រកាស​អនុម័ត​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​ការលើកលែងពន្ធលើចំណេញមូលធន​សម្រាប់ផលិតផល​ក្នុង​វិស័យមូលបត្រ សំដៅធ្វើយ៉ាង​ដើម្បី​ទាក់ទាញ​វិស័យ​ឯកជន​ធ្វើការបោះផ្សាយមូលបត្រនៅលើផ្សារមូលបត្រកម្ពុជា ដែលត្រូវ​បាន​ចាត់​ទុកថា​ជា​ប្រភព​ទុនថ្មី។

ការ​សម្រេច​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ការ​លើកលែងពន្ធលើ​ចំណេញមូលធនសម្រាប់ផលិតផលក្នុងវិស័យមូលបត្រ​នេះ គឺ​ធ្វើ​ឡើង​នៅ​ក្នុងគោលបំណងផ្តល់ការលើកលែងពន្ធលើចំណេញ មូលធន​សម្រាប់​ផលិតផលមូលបត្រ​ស្រប​តាមអនុក្រឹត្យ​លេខ ៣៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ស្តីពី​ការលើក​ទឹកចិត្តពន្ធដារ​ក្នុងវិស័យ​មូលបត្រ និង​ការ​ពន្យារពេលអនុវត្តពន្ធលើចំណេញមូលធនសម្រាប់ ផលិតផលផ្សេងទៀតក្នុងវិស័យមូលបត្រ៕

ដោយ៖ ឌិន ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម