Connect with us

ព័ត៌មានអន្ដរជាតិ

ពាណិជ្ជកម្មសកលប្រឈមនឹង​ភាពមិនប្រាកដប្រជាជាថ្មី ជុំវិញបញ្ហា «ពន្ធ ត្រាំ»

បានផុស

នៅ

អ្នកជំនាញឧស្សាហកម្ម និងសេដ្ឋវិទូបានព្រមានថា ពាណិជ្ជកម្មសកលកំពុងធ្លាក់ចូលទៅក្នុងភាពមិនប្រាកដប្រជាជាថ្មី ពាក់ព័ន្ថនឹង​គោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិក ដែលកំពុងទាក់ទាញការឃ្លាំមើលពីជុំវិញពិភព​លោក​ ​និង​ប៉ះពាល់ដល់ទំនុកចិត្តទីផ្សារអន្តរជាតិ ជាពិសេសលើទ្រព្យសម្បត្តិពាក់ព័ន្ធអាមេរិក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមានបែបនេះ ធ្វើឡើងក្រោយ​តុលាការកំពូលអាមេរិកប្រកាសការសម្រេចកាលពីសប្ដាហ៍មុនថា ពន្ធគយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ គឺខុសច្បាប់​អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA) និងត្រូវដកចេញភ្លាមៗ។ លោក ត្រាំ ដែលប្រឆាំងយ៉ាងដាច់អហង្ការ​ចំពោះការសម្រេចរបស់តុលាការកំពូល បាន​ប្រើប្រាស់ច្បាប់​មួយទៀត​ ដើម្បីដាក់ពន្ធ ១៥% ថ្មី លើទំនិញនាំចូលពីគ្រប់ប្រទេសទាំងអស់។

ខណៈភ្នាក់ងារគយអាមេរិក​ប្រកាសពីការឈប់យកពន្ធ​ ត្រាំ ដែលដាក់ក្រោមច្បាប់ IEEPA ចាប់ពីថ្ងៃអង្គារ ភាពស្រពេចស្រពិល​សម្រាប់ពាណិជ្ជកម្មសកលបាន​លេចឡើងជាថ្មី ពោលគឺចំ​ពេល​ដែលពិភព​លោក​ច្បាប់ផ្ដើមសម្របខ្លួនទៅនឹង «ពន្ធបដិការ» របស់លោក ត្រាំ ជាបណ្ដើរៗរួចទៅហើយ។

ការសម្រេចរបស់តុលាការកំពូលបាន​ទាក់ទាញការចាប់អារម្មណ៍​ទូទាំងពិភព​លោក រួមទាំងវិនិយោគិនផ្សារហ៊ុន​ និងទំនិញ ក៏ដូចជាប្រទេសផ្សេងៗ រួមទាំងសហភាពអឺរ៉ុប(EU) និងចិន ដែលសុទ្ធសឹងតែជាគូវិវាទពាណិជ្ជកម្ម​របស់អាមេរិកជុំវិញ​គោលនយោបាយពន្ធ ខណៈប្រទេសជាច្រើនរួចទៅហើយ បាន​ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម​បដិការជាមួយអាមេរិក ក្រោមសម្ពាធពន្ធ​ ត្រាំ ដោយ​ផ្លាស់ប្ដូរនូវរចនាសម្ព័ន្ធពាណិជ្ជកម្ម​ទ្រង់ទ្រាយធំ។

លោក William Bain ប្រធានគោលនយោបាយពាណិជ្ជកម្មនៅសភាពាណិជ្ជកម្មអង់គ្លេស បាន​ថ្លែងប្រាប់បណ្ដាញព័ត៌មាន BBC ថា មាន​សំណួរជាច្រើនអំពីអ្វីដែលនឹងកើតឡើងបន្ទាប់ ​ដែលនេះបង្ហាញពីភាពមិនប្រាកដប្រជាសកល។

លោកបាន​បន្តថា អាជីវកម្មនានាធុញទ្រាន់នឹងការផ្លាស់ប្តូរឥតឈប់ឈរ និងកង្វះច្បាប់ពន្ធគយច្បាស់លាស់ និងមានស្ថេរភាព។ ដោយសារតែភាពមិនប្រាកដប្រជានេះ ក្រុមហ៊ុននានាមិនដឹងថាពួកគេអាចគិតថ្លៃអតិថិជននៅ​អាមេរិក​ប៉ុន្មាននោះទេ ដែលធ្វើឱ្យពួកគេ​ «ខកចិត្ត និងអស់កម្លាំង» ដោយ​សារ​តែ​​ការផ្លាស់ប្តូរគោលនយោបាយជាញឹកញាប់ពេក​។

ដោយឡែកលោក Paul Ashworth ប្រធានសេដ្ឋវិទូសម្រាប់អាមេរិកខាងជើងនៅក្រុមហ៊ុន​ Capital Economics បាននិយាយថា អត្រាពន្ធថ្មី ១៥% ដែល​លោក ត្រាំ ប្រកាសឡើងនៅ​ថ្ងៃសៅរ៍ ​ត្រូវអនុវត្តក្រោមមាត្រា ១២២ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤។ ច្បាប់នេះចែងថា ពន្ធត្រូវតែអនុវត្តស្មើៗគ្នាចំពោះប្រទេសទាំងអស់ ដោយគ្មានការលំអៀននោះទេ ដូច្នេះហើយ កិច្ចព្រមព្រៀងពាណិជ្ជកម្ម​ដែលលោក ត្រាំ បាន​ចុះហត្ថលេខាជាមួយ​ប្រទេសជាច្រើននៅជុំវិញពិភពលោក អាចនឹង​រងផលប៉ះពាល់ក្រោមអត្រាពន្ធថ្មី។

លើសពីនោះ មាត្រា ១២២ អនុញ្ញាតឱ្យលោក ត្រាំ ដាក់ពន្ធខ្ពស់បំផុតត្រឹម ១៥% ត្រឹមតែ ១៥០ ថ្ងៃប៉ុណ្ណោះ ដោយលើសពីនោះ រដ្ឋបាលរបស់លោក ត្រូវទទួលបាន​ការអនុម័តពីសភា។ ​

កាលពីថ្ងៃសុក្រសប្ដាហ៍មុន ​សេតវិមានបាននិយាយថា ទំនិញមួយចំនួននឹងមិនត្រូវទទួលរងនូវពន្ធថ្មីនោះទេ ដោយសារវាមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចអាមេរិក រួមទាំង​រ៉ែសំខាន់ៗ ផលិតផលថាមពល ធនធានដែលមិនអាចផលិតនៅ​អាមេរិក និងផលិតផលកសិកម្មមួយចំនួន រួមទាំងសាច់គោ និងប៉េងប៉ោះ និងយានយន្ត។

ប៉ុន្តែអាជីវកម្ម​អន្តរជាតិ​នៅតែ​មានការភ័យខ្លាចថា លោក ត្រាំ អាចប្រើប្រាស់មាត្រាផ្សេងទៀតនៃច្បាប់ពាណិជ្ជកម្ម ដើម្បីអនុវត្តពន្ធបន្ថែមលើទំនិញ។ តួយ៉ាង សេដ្ឋវិទូអាមេរិក ​លោក Bernard Yaros បានចង្អុលបង្ហាញថា លោក ត្រាំ កាលពីឆ្នាំមុន​ បានប្រើប្រាស់មាត្រា ២៣២ នៃច្បាប់ពង្រីកពាណិជ្ជកម្មឆ្នាំ ១៩៦២ ​ដើម្បីដាក់ពន្ធលើមុខទំនិញជាក់លាក់ ដូចជា​យានយន្ត ដែកថែប និងអាលុយមីញ៉ូម ជាដើម។ ​

គួរគូសបញ្ជាក់ថា ការសម្រេចរបស់តុលាការកំពូលកាលពីថ្ងៃសុក្រ មិនប៉ះពាល់ដល់ពន្ធដែលលោក​ ត្រាំ បាន​ដាក់ក្រោមច្បាប់ពង្រីកពាណិជ្ជកម្មឆ្នាំ ១៩៦២ ដូចជា​ដែកថែប និងអាលុយមីញ៉ូម នោះទេ។

សេដ្ឋវិទូ និងក្រុមអាជីវកម្មអន្តរជាតិ​ក៏បាន​ព្រមានថា ការដំឡើងពន្ធគយជាបន្តបន្ទាប់ និងភាពមិនប្រាកដប្រជានៃគោលនយោបាយពន្ធ អាចបន្តប៉ះពាល់ដល់អ្នកប្រាស់ប្រាស់អាមេរិក ដោយ​អាចកាត់បន្ថយជម្រើសផលិតផលនៅ​លើទីផ្សារអាមេរិក ខណៈ​ក្រុមហ៊ុននាំចេញផ្លាស់ប្តូរ​ទិសដៅនាំចេញ​កាន់តែច្រើនទៅកាន់ទីផ្សារផ្សេងទៀតដូចជាអឺរ៉ុប និងឥណ្ឌូ-ប៉ាស៊ីហ្វិកជាដើម​។

ពាក់ព័ន្ធនឹង​ការវិវត្តចុងក្រោយនេះ ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ខ្លួនកំពុងពិនិត្យឡើងវិញនូវសេចក្តីសម្រេចរបស់តុលាការកំពូល ហើយបានជំរុញឱ្យសហរដ្ឋអាមេរិកលុបចោលពន្ធឯកតោភាគី ដែលរំលោភលើច្បាប់ពាណិជ្ជកម្ម ​ខណៈសន្យាថានឹងការពារផលប្រយោជន៍របស់​ចិន។

ដោយឡែក​គណៈកម្មការអឺរ៉ុបវិញ បានទទូចឱ្យ​អាមេរិក​គោរពកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ដែលភាគីទាំង២​សម្រេចបាន​កាលពីឆ្នាំមុន ដោយព្រមានថា ភាពមិនប្រាកដប្រជាជាថ្មីនៃពន្ធគយ អាចប៉ះពាល់ដល់ «ពាណិជ្ជកម្មឆ្លងមហាសមុទ្រអាត្លង់ទិក» ដែលស្មើភាពគ្នា និងមានតុល្យភាព។ ​ប្រធានធនាគារកណ្តាលអឺរ៉ុប លោកស្រី Christine Lagarde បានព្រមានផងដែរ​ថា ​បញ្ហាពន្ធអាមេរិក​នាពេលនេះ អាចរំខានដល់អាជីវកម្មជាថ្មី​ម្តងទៀត និងបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់គោលនយោបាយដែលច្បាស់លាស់ពីអាមេរិក​​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម