Connect with us

កីឡា

៤​​ រឿង​សំខាន់​ត្រូវ​ដឹង​ មុន​ប៉ះ​គ្នា រវាង ភ្នំពេញក្រោន និង ព្រះ​ខ័ន​រាជ​ស្វាយរៀង

បានផុស

នៅ

ជំនួប​ដ៏​ជក់​ចិត្តរវាងក្លិប​បាល់ទាត់​កម្ពុជា​ពីរ​ប៉ះ​គ្នា​​សម្រាប់​ពាន​រង្វាន់​អន្តរជាតិ​​​នឹង​មក​ដល់​នៅ​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ ២០២៦ ខាង​មុខ​នេះនៅ​ពេល ភ្នំពេញក្រោន ត្រូវ​តទល់​នឹង ព្រះ​ខ័ន​រាជ​ស្វាយរៀង ជើង​ទី១ វគ្គ ៨ ក្រុម​ចុង​ក្រោយ ពាន​រង្វាន់ AFC Challenge League នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ មុន​ជំនួប​ធំ​ឈាន​ចូល​មក​ដល់ សូម​លើក​យក​ប្រវត្តិ​សាស្ត្រ​សំខាន់​ចំនួន ៤ ​សម្រាប់​ក្រុម​ទាំង​ពីរ។

ព្រះខ័នរាជស្វាយរៀង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​កម្ពុជា ២ ប៉ះ​គ្នាលើក​ដំបូង​ពាន​អន្តរជាតិ

នេះ​ជា​លើក​ដំបូងដែល​កម្ពុជាមាន​ក្រុម​ ២ ប៉ះ​គ្នា​ក្នុង​​ពាន​រង្វាន់​ទ្វីប​អាស៊ី។ កន្លង​មក​ កម្ពុជា​មិន​ធ្លាប់​មាន​ក្រុមពីរ​​ប៉ះ​គ្នា​លើ​ឆាក​អន្តរជាតិ​បែប​នេះ​ទេ។ កម្ពុជា ​ធ្លាប់​មាន​ ក្រុម ២ ប្រកួត​ក្នុង​ពាន​រង្វាន់​អាស៊ី ក្នុង​រដូវ​កាល​តែ​មួយ​ដែរដូច​ជា​នៅ​​ឆ្នាំ​ ២០១៧ ភ្នំពេញក្រោន និង បឹងកេត បាន​ប្រកួត​ក្នុង​វគ្គ​ជម្រុះបឋម​ពាន AFC Cup ដែល​ឥឡូវ​ឈ្មោះ AFC Champions League Two។ ពេល​នោះ​ បឹងកេត បាន​ឡើង​វគ្គ​ចែក​ពូល ខណៈ ភ្នំពេញក្រោន បាន​ធ្លាក់​ក្នុង​វគ្គ​ជម្រុះ។ ​ឆ្នាំ ២០២១ កម្ពុជា មាន​ក្រុម​ ២ ទៀត​បាន​ប្រកួត​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូលពាន AFC Cup​ គឺ បឹងកេត និង វិសាខា ប៉ុន្តែ​ត្រូវ​បាន​លុប​ចោល​ដោយសារ វិបត្តិ​កូវីដ-១៩។

ភ្នំពេញក្រោន

ចំណែក​ពាន​រង្វាន់កម្រិត​ទី​៣ AFC President’s Cup ដែល​ឥឡូវ​​ឈ្មោះ AFC Challenge Leauge កម្ពុជា​មិន​ធ្លាប់​មានក្រុម ២ ប្រកួត​ក្នុង​រដូវ​កាល​តែ​មួយ​ឡើយ។ នៅ​​រដូវ​កាល ២០២៥-២៦​ នេះទើប​ កម្ពុជា​មាន ២ ក្រុម​ប្រកួត​ក្នុង​មួយ​រដូវ​កាល។ ឥឡូវ​នេះ ក្រុម​កម្ពុជា​ទាំង​ពីរ​បាន​ដល់​វគ្គ ៨ ក្រុម​ចុង​ក្រោយ និង​ត្រូវ​ប៉ះ​គ្នា​ថែម​ទៀត​ផង។

ជំនួប​ទាំង​ពីរ​ជើង​ធ្វើ​នៅ​ទឹក​ដី​កម្ពុជា

វា​ពិត​ជា​ពិសេស​​ចំពោះ​ការ​ប្រកួត​វគ្គ ៨ ក្រុម​ចុង​ក្រោយ AFC Challenge Leauge សម្រាប់​ក្រុម​កម្ពុជា​​ដោយ​មិន​ចាំ​បាច់ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ឡើយ។ ការ​ប្រកួត​ជើង​ទី១ នា​ថ្ងៃ​ទី​៥ ខែ​មីនា នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក និង​ជើង​ទី​២ ថ្ងៃ​ទី​១២ ខែ​មីនា នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។

កីឡាករ ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន

ការ​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ​របស់​ក្រុម​ខ្លាំង​ពីរ​ប៉ះ​គ្នា​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​ទាំង​ពីរ​គឺ​មាន​អ្នក​គាំទ្រ​ច្រើន​រៀង​ៗ​ខ្លួន ដូច្នេះ​ច្បាស់​ណាស់​នឹង​មាន​អ្នក​គាំទ្រ​ច្រើន​ចូល​រួម​ទស្សនា​ការ​ប្រកួត​នីមួយ​ៗ។

ភ្នំពេញ​ក្រោន និង ព្រះ​ខ័ន​រាជ​ស្វាយរៀង ​ធ្លាប់​ជា​ជើង​ឯក​រង​ដូច​គ្នា

ក្លិបតំណាង​កម្ពុជា​ទាំង​ពីរសុទ្ធ​តែ​​ធ្លាប់​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ ២ ដូច​គ្នា​ក្នុង​ពាន​រង្វាន់អាស៊ី​កម្រិត​ទី​ ៣ ​​នេះ។ ភ្នំពេញក្រោន ក្នុង​នាម​ជា​ក្រុម​ជើង​ឯក​លីគ​កំពូល​កម្ពុជា ឆ្នាំ ២០១០ បាន​ចូល​រួម​ប្រកួត​ពាន AFC  President’s Cup ដែល​ប្តូរ​ឈ្មោះ​ជា AFC Challenge League ឆ្នាំ ២០១១។ នៅវគ្គ​សន្សំពិន្ទុ​​ក្នុង​ពូល ភ្នំពេញក្រោន បាន​ឈ្នះ ២ និងចាញ់ ១ ឈរ​លេខ ២ បានឡើង​ទៅជុំ​ចុង​ក្រោយ។

នៅ​ជុំ​ចុង​ក្រោយ ភ្នំពេញក្រោន បាន​ឈ្នះ ២ ប្រកួត ឈរ​​លេខ ១ ក្នុង​ពូល​ ហើយបានឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ​បាន​​ចាញ់ក្រុម​របស់​តៃវ៉ាន់​ Taiwan Power ដោយលទ្ធផល ២-៣ ដើម្បី​ក្លាយ​ជា​ក្រុម​របស់​កម្ពុជា​ដំបូង​គេ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២។

បន្ទាប់​មក ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ក្លាយ​ជា​ក្រុម​​របស់កម្ពុជា​ទី ២ ​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២ ។ ក្នុង​នាម​ជា​ជើង​ឯក​លីគ​កំពូល​កម្ពុជា រដូវ​កាល ២០២៣-២៤ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ចូល​រួម​ប្រកួត AFC Challenge League នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល រដូវ​កាល ២០២៤-២៥។ ពួក​គេ​បាន​ឈ្នះ ១ និង​ចាញ់ ១ ក្នុង​ពូល ហើយ​បាន​ឡើង​ទៅ​កាន់​វគ្គ ៨ ក្រុម​ចុង​ក្រោយ ដើម្បី​ឈ្នះ​ក្រុម​របស់​មីយ៉ាន់ម៉ា Shan United ទាំង​ពីរ​ជើង ៧-៤។

អ្នក​គាំទ្រ​ ព្រះខ័នរាជស្វាយរៀង

ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ឈ្នះ​ក្រុម​របស់​ឥណ្ឌូណេស៊ី Maduara United ទាំង​ ២ ​ជើង​​ដោយ​លទ្ធផល ៦-៣ ហើយបាន​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ។ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ធ្វើ​ម្ចាស់​ផ្ទះ​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ ដោយ​បានចាញ់​ក្រុម Arkadag ក្នុងលទ្ធផល ១-២ ដែល​ធ្វើ​ឲ្យ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២។

វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដោយ​ស្វ័យ​ប្រវត្តិសម្រាប់​កម្ពុជា

កម្ពុជា​នឹង​មាន​មួយ​ក្រុម​ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដោយស្វ័យ​ប្រវត្តិ​ក្នុង​ពាន​រង្វាន់ AFC Challenge League នៅ​រដូវ​កាល​នេះ ដោយសារក្រុម​របស់​កម្ពុជា​ទាំង​ពីរ​បាន​ជួប​គ្នា​នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ។ ប្រការ​នេះ​មាន​ន័យ​ថា រវាង ភ្នំពេញ​ក្រោន និង ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​មាន​មួយ​ធ្លាក់ និង​មាន​មួយ​ឡើង ដូច្នេះ​ក្រុម​ណា​ឡើង​ក៏​សុទ្ធ​តែ​ជា​ក្រុម​របស់​កម្ពុជា៕

អ្នក​គាំទ្រ ភ្នំពេញក្រោន

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម