Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមតាលីបង់អំពាវនាវរកការចរចា ក្រោយ​ប៉ាគីស្ថាន​ប្រកាស «សង្រ្គាមបើក​ចំហ»

បានផុស

នៅ

ថ្នាក់ដឹកនាំតាលីបង់បានបង្ហាញឆន្ទៈក្នុងការចរចា បន្ទាប់ពីប៉ាគីស្ថានបានបើកការវាយប្រហារតាមអាកាសយ៉ាងចាស់ដៃ​លើទីក្រុងធំៗរបស់អាហ្វហ្គានីស្ថាន រួមមាន ទីក្រុងកាប៊ុល និងទីក្រុងកង់ដាហារ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ នា​ថ្ងៃទី​២៨​ខែ​កុម្ភៈ​ឆ្នាំ​២០២៦។

ទាហាន​តាលីបង់​កាន់​ប្រអប់​​​អាវុធ នៅ​ជិត​ព្រំដែន Torkham ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី២៧កុម្ភៈ២០២៦ (រូបថត៖ រ៉យទ័រ)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវាយប្រហារដែលតម្រង់គោលដៅលើការិយាល័យយោធា និងឃ្លាំងរំសេវ បានធ្វើ​ឲ្យ​រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Muhammad Asif ប្រកាស «សង្រ្គាមបើក​ចំហ» ដោយបញ្ជាក់ថា ភាពអត់ធ្មត់របស់ទីក្រុងអ៊ីស្លាម៉ាបាដបាន «ហួសកម្រិត» ហើយ។ ការកើនឡើងកម្តៅនេះកើតឡើងបន្ទាប់ពីមានភាពតានតឹងជាច្រើនខែ ជុំវិញការចោទប្រកាន់ថា អាហ្វហ្គានីស្ថានផ្តល់ជម្រកដល់ក្រុមខ្មាន់កាំភ្លើង ដែលជាការចោទប្រកាន់ដែលតាលីបង់បន្តបដិសេធ។

ជម្លោះបានផ្ទុះឡើងកាន់តែខ្លាំង បន្ទាប់ពីការវាយប្រហារដោយដ្រូនរបស់អាហ្វហ្គានីស្ថានលើមូលដ្ឋានយោធាប៉ាគីស្ថានកាលពីយប់ថ្ងៃព្រហស្បតិ៍ បានបង្ក​ឲ្យមានការវាយបកតាមអាកាសយ៉ាងធ្ងន់ធ្ងរពីសំណាក់ប៉ាគីស្ថាន។ ទោះបីជាតួលេខអ្នកស្លាប់មិនទាន់ត្រូវបានបញ្ជាក់ក៏ដោយ មន្ត្រីប៉ាគីស្ថានអះអាងថាបានសម្លាប់មន្ត្រី និងខ្មាន់កាំភ្លើងតាលីបង់​២៧៤នាក់ ខណៈតាលីបង់រាយការណ៍ថាបានសម្លាប់ទាហានប៉ាគីស្ថាន៥៥នាក់ និងកត់សម្គាល់ពីការបាត់បង់ជីវិតរបស់ជនស៊ីវិល។ នៅទីក្រុងកាប៊ុល សាក្សីបានរាយការណ៍ពីផ្សែងខ្មៅហុយទ្រលោម និងសំឡេងស៊ីរ៉ែនឡានពេទ្យឥតដាច់ ស្រប​ពេល​ដែល​យន្តហោះចម្បាំងហោះក្រឡឹង​ពេញ​ផ្ទៃ​​មេឃ។

មេដឹកនាំអន្តរជាតិ រួមមានអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas បានអំពាវនាវ​ឲ្យ​បញ្ឈប់អរិភាពជាបន្ទាន់ ដើម្បីការពារប្រជាជនអាហ្វហ្គានីស្ថាន​២២លាននាក់ដែលកំពុងត្រូវការជំនួយមនុស្សធម៌។ ចំណែក​ឯ​ប្រទេសកាតាក៏ត្រូវបាន​គេ​រាយការណ៍ថា កំពុងធ្វើការជាមួយប្រជាជាតិផ្សេងទៀតដើម្បីសម្របសម្រួលវិបត្តិនេះ ដូចទៅនឹងការអន្តរាគមន៍កន្លងមកដោយតួកគី និងអារ៉ាប៊ីសាអូឌីតផងដែរ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម