Connect with us

ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ ជាខេត្តគំរូទី២ មានរថយន្តដឹកកម្មករមានលក្ខណៈបច្ចេកទេសល្អ ផាសុកភាព និងសុវត្ថិភាព

បានផុស

នៅ

លោក បណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក)បានលើកឡើងថាខេត្តបន្ទាយមានជ័យ ជាខេត្តទី២បន្ទាប់ពីខេត្តកោះកុងដែលមានរថយន្តដឹកកម្មករដែលមានលក្ខណៈបច្ចេកទេសល្អ ផាសុកភាព និងសុវត្ថិភាព ហើយក៏ជាខេត្តពុំសូវមានករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកកម្មករនោះដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពីធីបើកកម្មវិធីអប់រំផ្សព្វផ្សាយ “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករនិយោជិតជូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត” នៅរោងចក្រ HI-TECH APPAREL ដែលមានអ្នកចូលរួមប្រមាណជាង ៣០០នាក់នៅព្រឹកថ្ងៃទី២៨កម្ភៈ លោកអគ្គនាយករង បានបន្តថា«ខេត្តបន្ទាយមានជ័យអាចទុកជាខេត្តគំរូ ។ ដូចនេះសូមបណ្តាអ្នកបើកបររថយន្តដឹកកម្មករនិយោជិត គួរអនុវត្តតាម ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រក្សាបាននូវប្រាក់ចំណូល លើកកម្ពស់ សុខុមាលភាព សុវត្ថិភាពការងារ និងសុវត្ថិភាពការធ្វើដំណើររបស់ខ្លួន ក៏ដូចជាបងប្អូនកម្មករនិយោជិតផងដែរ»។

លោកបណ្ឌិត បានបន្តថា បើទោះបីជាក្នុងខេត្តនេះ ករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្ដដឹកកម្មករនិយោជិតពុំសូវកើតមានក៏ពិតមែន ប៉ុន្ដែការចុះអប់រំផ្សព្វផ្សាយនៅតែជាយន្ដការអនុវត្តជាប្រចាំ របស់ក្រុមការងារ ស.ផ.ក ដើម្បីរួមចំណែកក្នុងការបញ្រ្ជាបការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការធ្វើដំណើរ ព្រមទាំងទាមទារឱ្យមានការចូលរួមផ្ទាល់ពីសាមីខ្លួន និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ និងគោរពសិទ្ធិគ្នាទៅវិញទៅមកនៅពេលបើកបរ ដើម្បីអាចចៀសវាងពីគ្រោះថ្នាក់នៅលើដងផ្លូវ។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានបន្ថែមថា បច្ចុប្បន្ននេះ មានរថយន្តដឹកកម្មករនិយោជិតសរុបចំនួន ៣ ២៤៨គ្រឿង ក្នុងនោះរួមមានរថយន្តប្រភេទដឹកអ្នកដំណើរ ចំនួន ១ ៤២៤គ្រឿងរថយន្តប្រភេទដឹកទំនិញ ចំនួន ១ ៨២៤ គ្រឿង ហើយរថយន្តដឹកទំនិញបានកែច្នៃស្របតាមស្តង់ដាបច្ចេកទេស ចំនួន ៧គ្រឿង។

ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាពជាងមុន យ៉ាងយូរត្រឹមឆ្នាំ២០២៧ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក របស់កម្មករនិយោជិត ឱ្យនៅកម្រិតទាបបំផុតដើម្បីអនុវត្តឱ្យស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោកបណ្ឌិតបានបញ្ជាក់ថា ការកែលម្អរថយន្តដឹកកម្មករដែលមានស្ដង់ដារ ដូចជាមានកៅអីអង្គុយ និងដំបូលការពារកម្ដៅ និងភ្លៀងត្រឹមត្រូវនេះ គឺមិនឱ្យមានការខាតបង់ប្រយោជន៍ដល់ភាគីណាមួយឡើយ ទាំងអ្នកបើកបរ កម្មករ និងម្ចាស់រោងចក្រ ព្រោះថាការជិះឈរប្រជ្រៀតគ្នា គឺអាចប្រឈមនឹងហានិភ័យទាំងសុវត្ថិភាព និងសុខភាព ដែលនាំឱ្យផលិតភាពការងារធ្លាក់ចុះ៕

អទ្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម