Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​គាំទ្រ​អ៊ីរ៉ង់​ក្នុងការ​​ការពារ​ខ្លួន​ពី​​​ការ​វាយប្រហារ​របស់​អាមេរិក-អ៊ីស្រាអែល ខណៈ​សង្គ្រាមរីក​​​រាល​ដាល​​ពេញ​មជ្ឈិមបូព៌ា

បានផុស

នៅ

រដ្ឋ​មន្ត្រីការ​បរទេសចិន លោក វ៉ាង យី (Wang Yi) បាន​ប្រាប់​ភាគី​​អ៊ីរ៉ង់​តាម​រយៈ​ទូរស័ព្ទ​ថា ទីក្រុង​ប៉េកាំងគាំទ្រ​ទីក្រុងតេហេរ៉ង់​ក្នុង​ការពារ​ខ្លួន​ពី​ការ​វាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ខណៈ​សង្គ្រាម​នេះ​​បាន​និង​កំពុង​​រីក​រាល​ដាល​ពាស​ពេញ​​តំបន់​មជ្ឈិមបូព៌ា​។​ នេះ​បើយោងតាម​ JustNews ចុះ​ផ្សាយ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រដ្ឋ​មន្ត្រីការ​បរទេសចិន លោក វ៉ាង យី ។ រូបភាព៖ Reuters

លោក វ៉ាង បាន​ប្រាប់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ថា៖ «ទីក្រុង​ប៉េកាំង​ឱ្យ​តម្លៃ​ចំពោះមិត្តភាពដ៏​យូរ​អង្វែង​រវាង​ចិន-អ៊ីរ៉ង់ គាំទ្រ​អ៊ីរ៉ង់​ក្នុង​ការ​ការពារ​អធិបតេយ្យ​ភាព សន្តិសុខ បូរណភាព​ទឹកដី និង​សេចក្តី​ថ្លៃថ្នូរ​ជាតិ​របស់​ខ្លួន និងគាំទ្រអ៊ីរ៉ង់​ក្នុងការការពារសិទ្ធិ និង​ផលប្រយោជន៍​ស្រប​ច្បាប់​របស់ខ្លួន»។ នេះ​បើយោង​តាមការ​ចុះ​ផ្សាយរបស់​ទូរទស្សន៍​រដ្ឋ CCTV​។

លោក វ៉ាង​ ត្រូវបានស្រង់សម្តី​ដោយ​ CCTV ដូចបាន​និយាយថា៖«ប្រទេស​ចិនបាន​ជំរុញ​ឱ្យ​សហ​រដ្ឋ​អាមេរិក និង​អ៊ីស្រាអែល​បញ្ឈប់​ប្រតិបត្តិការ​យោធា​ជាបន្ទាន់ ជៀស​វាង​ការកើនឡើង​នៃភាពតានតឹងបន្ថែមទៀត ជា​ពិសេស​រារាំង​ជម្លោះ​ពី​ការរីករាលដាល​ដល់​តំបន់មជ្ឈិមបូព៌ាទាំងមូល»។

នៅ​ក្នុងការហៅ​ទូរស័ព្ទដាច់ដោយឡែកមួយជាមួយរដ្ឋមន្ត្រីការបរទេស​អូម៉ង់ លោក វ៉ាង បាន​ហៅ​សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​​ថា៖ «ជាការ​រំលោភ​លើគោល​បំណង និង​គោលការណ៍នៃធម្មនុញ្ញអង្គការសហ​ប្រជាជាតិដោយញុះ​ញង់​សង្គ្រាម​ប្រឆាំង​នឹងអ៊ីរ៉ង់ដោយចេតនា»។

មិន​តែ​ប៉ុណ្ណោះ លោក​ វ៉ាង ​ប្រាប់​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​អូម៉ង់ លោក Badr Albusaidi ថា​៖ «ប្រទេសចិន​ក៏មានឆន្ទៈក្នុង​ការដើរតួនាទី​ស្ថាបនា​ផង​ដែរ រួម​ទាំង​ការ​លើក​កម្ពស់​យុត្តិធម៌ ការ​ខិត​ខំ​ដើម្បី​សន្តិភាព និង​ការ​បញ្ឈប់​សង្គ្រាម​ តាមរយៈ​វេទិការបស់​ក្រុមប្រឹក្សាសន្តិសុខ​តរបស់​អង្គការ​សហ​ប្រជាជាតិ»។  

ចំណែក​​ការ​ហៅ​ទូរស័ព្ទមួយ​ផ្សេងទៀតជា​មួយរដ្ឋមន្ត្រីការបរទេសនិងអឺរ៉ុបនៃប្រទេសបារាំង​ លោក Jean-Noel Barrot លោក វ៉ាង​ លើក​ឡើង​ថា​៖ « ពិភពលោក​កំពុង​ប្រឈម​នឹងការ​ដើរ​ថយ​ក្រោយ​ទៅ​រក​ច្បាប់ព្រៃ»។

យោងតាម ​​CCTV លោក វ៉ាង​ បន្ត​ថា៖«មហា​អំណាច​មិន​អាច​វាយ​ប្រហារ​ប្រទេសដទៃទៀត​ ដោយ​បំពាន​ផ្អែក​លើ​ឧត្តមភាព​យោធា​របស់​ពួកគេ​បានទេ។ ហើយ​បញ្ហា​នុយ​ក្លេអ៊ែរអ៊ីរ៉ង់​ត្រូវ​តែវិលត្រឡប់​ទៅ​រក​ផ្លូវ​នៃ​ការដោះស្រាយ​បែប​នយោបាយ និង​ការទូតវិញទើប​ជា​ការ​ប្រសើរ​» ៕

ប្រែ​សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម