Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ប្រកាស​សន្យាធានាសុវត្ថិភាពជូនពលរដ្ឋចិន

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានធ្វើការពិភាក្សាតាមទូរសព្ទយ៉ាងបន្ទាន់ជាមួយសមភាគីចិន លោក Wang Yi កាលពីថ្ងៃចន្ទ​ទី​២​ខែ​មីនា​ឆ្នាំ​២០២៦​ អំពីសង្គ្រាមដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

លោក Abbas Araghchi និង​លោក Wang Yi (រូបថត៖ Press TV)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយ​របស់ Al Jazeera លោក Araghchi បានសន្យាថា ទីក្រុងតេហេរ៉ង់នឹងធ្វើ​ឲ្យ​អស់ពីសមត្ថភាពដើម្បីធានាសុវត្ថិភាពដល់បុគ្គលិក និងស្ថាប័ននានារបស់ចិននៅក្នុងប្រទេសអ៊ីរ៉ង់។ លោកបានរិះគន់ទីក្រុងវ៉ាស៊ីនតោន ចំពោះការបើកការវាយប្រហារ ទោះបីជាមាន​វឌ្ឍនភាពវិជ្ជមាន​ ក្នុងការចរចានាពេលថ្មីៗនេះ ដែលកាលនោះកិច្ចព្រមព្រៀងសន្តិភាពត្រូវបានគេរាយការណ៍ថាជិតសម្រេចបានទៅហើយតែ​ប៉ុន្មានម៉ោងមុនការវាយប្រហារបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍។

ជាការឆ្លើយតប លោក Wang Yi បានបញ្ជាក់ជាថ្មីថា ប្រទេសចិនគាំទ្រអ៊ីរ៉ង់ក្នុងការការពារអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូរជាតិរបស់ខ្លួន។ ទីក្រុងប៉េកាំងបានជំរុញជាផ្លូវការ​​ឲ្យ​សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បញ្ឈប់សកម្មភាពយោធាជាបន្ទាន់ ដើម្បីការពារកុំ​ឲ្យ​ជម្លោះរីករាលដាលពេញតំបន់មជ្ឈិមបូព៌ា។ ការគាំទ្រផ្នែកការទូតនេះ បានបង្ហាញពីទំនាក់ទំនងយ៉ាងស៊ីជម្រៅរវាងប្រទេសទាំងពីរ ដែលត្រូវបានចងភ្ជាប់ដោយកិច្ចព្រមព្រៀងយុទ្ធសាស្ត្ររយៈពេល ២៥ឆ្នាំ ដែល​ចុះហត្ថលេខាកាលពីឆ្នាំ២០២១។

ប្រទេសចិននៅតែជាខ្សែជីវិតសេដ្ឋកិច្ចដ៏សំខាន់សម្រាប់អ៊ីរ៉ង់ ជាពិសេសនៅពេលដែលប្រេងជាង ៨០% ដែលអ៊ីរ៉ង់បានដឹកជញ្ជូនក្នុងឆ្នាំ២០២៥ គឺមានគោលដៅទៅកាន់ទីផ្សារចិន។ ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទីក្រុងប៉េកាំងធ្លាប់បានជួយបញ្ចប់ភាពឯកោរបស់ទីក្រុងតេហេរ៉ង់ តាមរយៈការសម្របសម្រួល​ឲ្យ​ចូលជាសមាជិក BRICS+ និងអង្គការសហប្រតិបត្តិការសៀងហៃ។ លោក Araghchi បានសម្តែងក្តីសង្ឃឹមថា ប្រទេសចិននឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្លោះក្នុងតំបន់ ខណៈដែលអ៊ីរ៉ង់ត្រូវតែ​ការពារខ្លួន​ទោះ​​តាម​របៀប​
ណា​ក៏ដោយ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម